ក្រូចពោធិ៍សាត់ខ្មែរ ជាប្រភេទផ្លែឈើដែលផ្តល់រសជាតិជូរអែមឆ្ងាញ់ មិនចាញ់ក្រូចនាំចូលពីបរទេសនោះទេ ហើយថែមទាំងសម្បូរដោយវីតាមីនល្អៗបំប៉នសុខភាពមនុស្សទៀតផង ដោយសារតែការដាំដុះដំណាំហូបផ្លែរបស់កសិករខ្មែរយើងមិនប្រើថ្នាំគីមីដូចផ្លែឈើនាំចូលពីប្រទេសជិតខាងហ្នឹងឯង។
អ្នកនាង សេង ឆាយដាឡែន ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការផ្លែឈើធម្មជាតិ របស់ប្រជាពលរដ្ឋខ្មែរ គ្រួសាររបស់អ្នកនាងបានចាប់ផ្តើមមុខរបរដាំក្រូចពោធិ៍សាត់តាំងពីឆ្នាំ2013 មក នៅលើផ្ទៃដីជិត 1ហិកតា ដើម្បីសាកល្បងប្រមូលផលលក់នៅលើទីផ្សារជាមុនសិន មុននឹងសម្រេចពង្រីកការដាំដុះបន្ថែម។ ដោយមានការគាំទ្រច្រើនពីអតិថិជន បានជំរុញឱ្យគ្រួសាររបស់អ្នកនាងសម្រេចបន្ថែមថវិកាពង្រីកការដាំដុះដំណាំក្រូចពោធិ៍សាត់នេះឱ្យបានកាន់តែច្រើនឡើងៗ ដែលមកទល់បច្ចុប្បន្ននេះមានទំហំសរុបប្រមាណជា 2ហិកតាហើយ និងទើបតែឱ្យផលពេញលេញក្នុងរយៈពេល1-2ឆ្នាំចុងក្រោយនេះឯង។
អ្នកនាង ដាឡែន បានឱ្យដឹងថា ក្រូចពោធិ៍សាត់ចាប់ផ្តើមឱ្យផលក្នុងអំឡុងខែមិនា ហើយអាចបេះបានច្រើនពេញលេញនៅខែកក្កដា ឬសីហា ដោយក្នុងមួយដើមគេអាចបេះបានប្រមាណពី 300 ទៅ400ផ្លែឯណោះ ហើយអាចបេះបានរហូតដល់ខែតុលាទើបអស់ផ្លែទៅវិញ ដែលសរុបទៅចំនួន 2ហិកតា នេះ កសិករអាចប្រមូលផលបានជាមធ្យមប្រមាណជា 100 ទៅ150ស្លឹកឯណោះ(1សឹ្លកស្មើនឹង10ផ្លូន 1ផ្លូនស្មើនឹង4ឡូ 1ឡូស្មើ12ផ្លែ)។ ម្ចាស់ចម្ការក្រូចពោធិ៍សាត់ខាងលើបញ្ជាក់ថា ដោយសារក្រូចមានរសជាតិជូរអែមឆ្ងាញ់ និងមិនមានសារធាតុគីមីផងនោះ បានធ្វើឱ្យក្រូចពោធិ៍សាត់ខ្មែរមានការគាំទ្រច្រើនពីអតិថិជននៅតាមបណ្តាខេត្តផ្សេងៗ ដូចជាខេត្តពោធិ៍សាត់ខ្លួនឯង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម និងពិសេសអតិថិជននៅទីក្រុងភ្នំពេញ ដែលមានទាំងអតិថិជនទិញរាយ និងអតិថិជនទិញយកទៅលក់បន្តនៅតាមផ្សារ និងនៅតាមហាងបន្លែធម្មជាតិ ឬផ្សារទំនើបល្បីៗមួយចំនួន និងលក់តាមអនឡាញទៀតផង។ សម្រាប់តម្លៃបោះដុំវិញ ក្រូចពោធិ៍សាត់គេអាចលក់បានក្នុងតម្លៃ 9,500រៀលទៅ11,000រៀលក្នុងមួយឡូ នេះសម្រាប់តម្លៃបោះដុំ ហើយបើសិនយកទៅលក់រាយបន្ត គេអាចលក់បានក្នុងតម្លៃ 17,000រៀល ទៅ18,000រៀលក្នុងមួយឡូ។ ទោះជាវាមានតម្លៃថ្លៃជាងក្រូចនាំចូលពីប្រទេសជិតខាងបន្តិចក៏ពិតមែន ប៉ុន្តែក្រូចពោធិ៍សាត់ខ្មែរមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះប្រមូលផលបានសឹងតែផ្គត់ផ្គង់មិនគ្រប់តម្រូវការរបស់ម៉ូយនៅលើទីផ្សារផង ហើយបើនៅតែមានការគាំទ្រច្រើនដូច្នេះ នារីម្ចាស់ចម្ការខាងលើនឹងពង្រីកផ្ទៃដីដាំដុះឱ្យបានចំនួនកាន់តែច្រើនថែមទៀតដែរ។
ចំពោះលក្ខណៈសម្គាល់វិញ ក្រូចពោធិ៍សាត់ខ្មែរមានលក្ខណៈខុសពីក្រូចនាំចូលពីបរទេស នៅត្រង់ថា ក្រូចខ្មែរមានសម្បកក្រាស់ មានផ្លែធំ-តូចនៅលាយឡំគ្នា មានពណ៌ខៀវលាយលឿងតិចៗនៅលើសម្បក តែសម្រាប់ក្រូចវៀតណាមវិញបើតូច គឺតូចស្មើ និងបើធំ គឺធំស្មើគ្នា ព្រោះគេមានបច្ចេកទេសដាំដុះបានល្អ ប៉ុន្តែភាគច្រើនមានប្រើសារធាតុគីមី ហើយមានសម្បុរសម្បកពណ៌ខៀវរលោងល្អ និងមានសម្បកស្តើង។
អ្នកនាង ដាឡែន អ្នកជំនាញខាងដំណាំក្រូចបានបញ្ជាក់ថា ក្រូចពោធិ៍សាត់មិនពិបាកដាំនិងថែទាំដូចដំណាំមួយចំនួនទៀតនោះទេ ប៉ុន្តែក្រូចត្រូវការដីដែលមានជីវជាតិល្អគួរសមដែរ ទើបដាំទៅដើមវាលូតលាស់បានល្អ និងឱ្យផ្លែច្រើន។
ចំពោះវិធីសាស្ត្រដាំដុះវិញ ដំបូងគេភ្ជួរដីជាមុនដើម្បីសម្លាប់ស្មៅ និងជួយឱ្យដីធូរនៅស្រទាប់លើៗធ្វើឱ្យសន្សើមធ្លាក់ចុះល្អទៅដល់ស្រទាប់ដីខាងក្រោម។ បន្ទាប់ពីភ្ជួរដីរួច គេកាប់រណ្តៅទំហំមួយម៉ែត្រ4ជ្រុង មានជម្រៅកន្លះម៉ែត្រ ឬមួយម៉ែត្រក៏បាន ដោយរណ្តៅនីមួយៗត្រូវឃ្លាតឆ្ងាយពីគ្នាចម្ងាយ 5ម៉ែត្រ។ បន្ទាប់ពីកាប់រណ្តៅ រួចគេអាចដាក់ជីធម្មជាតិ ដូចជាកូនឈើតូចៗលាយជាមួយជីលាមកសត្វជាការទ្រាប់បាតរណ្តៅ ទើបយកកូនដើមក្រូចពោធិ៍សាត់ដែលគេផ្សាំរួចទៅដាំនៅតាមរណ្តៅនីមួយៗ ហើយថែទាំដោយការស្រោចទឹក តែមិនបាច់ស្រោចជាប្រចាំទេ ដោយសារដើមក្រូចមិនសូវជាត្រូវការទឹកប៉ុន្មានឡើយគឺស្រោចទៅតាមលក្ខខណ្ឌអាកាសធាតុ។
ក្រៅពីស្រោចទឹកហើយ គឺត្រូវជម្រះ ឬបាញ់ថ្នាំសម្លាប់ស្មៅចោល ហើយដាក់ជីធម្មជាតិបន្ថែមខ្លះៗទៀតធ្វើឱ្យកូនក្រូចលូតលាស់បានល្អ។ ត្រឹមតែរយៈពេល 2ឆ្នាំ វានឹងចាប់ផ្តើមឱ្យផល តែផ្លែដំបូងបានចំនួនត្រឹមតែ 3 – 4ផ្លែប៉ុណ្ណោះក្នុងមួយដើមៗ រហូតដល់ដើមក្រូចអាយុបាន 4ឆ្នាំទើបវាឱ្យផលបានពេញលេញ ដោយក្នុងមួយដើមៗគេអាចបេះបានចន្លោះពី300 ទៅ400ផ្លែ។
នៅពេលដែលវាធំ កសិករត្រូវចេះថែទាំ ដោយត្រូវកាត់ស្លឹក ឬមែកណាមិនល្អចោល ដើម្បីទុកឱ្យដើមមានកម្លាំងស្រូបយកជីវជាតិពីដីទៅចិញ្ចឹមមែកណាដែលល្អៗ ដើម្បីឱ្យវាហុចផលបានកាន់តែច្រើនឡើង។
អ្នកជំនាញខាងភោជនាហារបាននិយាយថាក្រូចពោធិ៍សាត់ជាផ្លែឈើប្រភេទល្អមួយ ដែលសម្បូរទៅដោយវីតាមីនC និងជាតិកាកសរសៃខ្ពស់ និងសម្បូរជាតិស្ករពីធម្មជាតិ ដែលជួយផ្តល់កម្លាំងថាមពលភ្លាមៗដល់អ្នកទទួលទាន។ ម្យ៉ាងទៀតក្រូចពោធិ៍សាត់មានផ្ទុកនូវសារធាតុ Limonin ឬ Limonin Glucoside និង Hesperidin សម្រាប់ទប់ស្កាត់ជំងឺមហារីក ហើយអាចទប់ស្កាត់ជំងឺបេះដូងទៀតផង ក្រៅពីនោះគេអាចយកសម្បកផ្លែក្រូចពោធិ៍សាត់ទៅហាលឱ្យស្ងួត ហើយហាន់ជាចំណិតតូចៗឆុងជំនួសស្លឹកតែទទួលទានរាល់ថ្ងៃ ព្រោះវាអាចជួយកាត់បន្ថយសារជាតិខ្លាញ់ដែលមានក្នុងសារពាង្គកាយរបស់មនុស្សយើងបានយ៉ាងល្អទៀតផង៕