ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មអាយហ្វេត(International Fund for Agricultural Development ហៅកាត់ថា IFAD)បានសហការគ្នាបង្កើនថវិកាប្រមាណជាង 15លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម ពិសេសគឺជួយដល់ប្រជាកសិករដែលរងគ្រោះ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផេចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការបង្កើនប្រាក់បន្ថែមនេះគឺបន្ទាប់ពីបានសង្កេតឃើញថា កម្មវិធីនេះបាន និងកំពុងដំណើរការល្អ និងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា ដោយថវិកានេះគឺសម្រាប់អនុវត្តនៅក្នុងខេត្តគោលដៅចំនួន 11ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់ដំណាំកសិកម្មតាមរយៈកម្មវិធីច្នៃប្រឌិតថ្មី ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងពង្រីក (The Agriculture Services Program for Innovation, Resilience and Extension = ASPIRE) ។
IFAD ធ្លាប់បានចំណាយប្រាក់សរុប 52.4លានដុល្លារអាមេរិករួចមកហើយសម្រាប់អនុវត្តនៅក្នុងខេត្តគោលដៅចំនួន11 ក្នុងនោះរួមមាន ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង រយៈពេល7ឆ្នាំ គិតចាប់ពីឆ្នាំ2015 ដល់ឆ្នាំ2022។ ទាក់ទិននឹងការងារខាងលើនេះ នៅព្រឹកថ្ងៃទី6 ខែសីហា ឆ្នាំ2018កន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្មបានរៀបចំពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៃកម្មវិធី ASPIRE ។
ការផ្តល់យានជំនិះ និងឧបករណ៍ទាំងនេះក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាកម្មកសិកម្មដែលឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូចដែលមានទំហំផលិតកម្មតូចចំនួន 120ពាន់គ្រួសារក៏ដូចជាជួយកសិករដែលមានទំហំផលិតកម្មតូច ក្រីក្រ និងងាយរងគ្រោះដែលអាចធ្វើធុរកិច្ចកសិកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ពង្រីកចំណះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងភាពទទួលខុសត្រូវខ្ពស់សម្រាប់បន្តដើរតួនាទីជាគ្រូ និងដៃគូដ៏មានសមត្ថភាព និងប្រសិទ្ធភាពដល់ប្រជាកសិករ ធ្វើយ៉ាងណាឱ្យប្រជាកសិករមានភាពរឹងប៉ឹង និងមានភាពម្ចាស់ការដើម្បីបន្តអនុវត្តកម្មវិធីនេះនៅពេលដែលកម្មវិធីនេះត្រូវបានបញ្ចប់ដូចពាក្យថា ទូកទៅ កំពង់នៅ។
ឯកឧត្តម ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម សាលាជាតិកសិកម្ម និងសាលាកសិកម្មដទៃទៀតដើម្បីផ្លាស់ប្តូរបទពិសោធ ក៏ដូចជាស្រាវជ្រាវបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីទំនើបសម្រាប់ប្រជាកសិករ រួមចំណែកកាត់បន្ថយកម្លាំងពលកម្ម បង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល។ ធ្វើយ៉ាងណាដើរឱ្យទាន់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ2030។
សូមបញ្ជាក់ថា ពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះខាងលើនេះ គឺជាថវិកាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចែកជូនទៅខេត្តគោលដៅចំនួន11 ដែលមានទោចក្រយានយន្តសរុបចំនួន178គ្រឿង និងកុំព្យូទ័របន្ទះសរុបចំនួន៥៦០គ្រឿង៕