ក្រៅពីវិនិយោគិនចិន និងជប៉ុនហើយនោះ ពេលនេះវិនិយោគិនឥណ្ឌាក៏បានបង្ហាញពីចំណាប់អារម្មណ៍ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាដែរ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា។
លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នវិនិយោគគិនឥណ្ឌាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្ដាក់ទុននៅកម្ពុជា ដោយសារមើលឃើញពីឱកាសដែលកម្ពុជានឹងនៅតែបន្តរីកចម្រើនខ្លាំងក្នុងវិស័យនេះ។ លោកជំទាវបន្តថា បច្ចុប្បន្នភាពនៃការវិនិយោគនៅកម្ពុជាកំពុងមានសក្តានុពល ដែលធ្វើឱ្យវិនិយោគិនឥណ្ឌាមួយចំនួនមានការចាប់អាម្មណ៍មកបណ្ដាក់ទុននៅកម្ពុជាលើវិស័យដីធ្លី សំណង់ វាយនភណ្ឌ ស្រូវអង្ករ ដែក និងវិស័យផ្សេងៗទៀត។
គួររំលឹកដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍អំពីការជ្រើសរើសវិនិយោគលើវិស័យអចលនទ្រព្យនេះថា បើសិនជាជ្រើសរើសដីនៅតំបន់ជាប់ក្រុងគឺថ្លៃបន្ដិច តែបើជ្រើសរើសនៅតំបន់ឆ្ងាយពីក្រុងបន្ដិចមានតម្លៃថោកជាង ដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ3 លេខ4 លេខ5 និងលេខ6 ជាដើម ម្យ៉ាងនៅតំបន់ជាយក្រុងក៏អាចចៀសវាងការកកស្ទះចរាចរណ៍បាន និងមានបរិស្ថានល្អទៀតផង៕