ក្លិបតោខៀវ Chelsea បានយល់ព្រមចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន 71.6លានផោន (ស្មើនឹង 91.6លានដុល្លារអាមេរិក) ដើម្បីនាំយកអ្នកចាំទី KepaArrizabalaga ពីក្លិប Athletic Bilbao ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Thibaut Courtois។
ស្របពេលដែល Courtois ព្យាយាមបង្ខំឱ្យមានការផ្ទេរមួយទៅកាន់ក្លិប Real Madrid ក្លិប Chelsea បានចាត់វិធានការតាមរយៈការចំណាយប្រាក់ទិញរំលាយកិច្ចសន្យារបស់ Kepaនៅឯក្លិប Athletic Bilbao នៅមុនពេលថ្ងៃបិទទីផ្សារដោះដូរកីឡាកររបស់ក្របខ័ណ្ឌ Premier League នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។
ក្លិប Bilbao បានត្រៀមខ្លួនរួចរាល់ក្នុងការបាត់បង់អ្នកចាំទីវ័យ 23ឆ្នាំរូបនេះ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ ជាមួយនឹងភ្នាក់ងាររបស់គេ នៅមុនពេលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ នៅព្រឹកថ្ងៃពុធនេះ ក្រោយពី Bilbao ប៊ិះតែលក់ Kepa ទៅឱ្យក្លិប Real ក្នុងតម្លៃខ្លួន២០លានអឺរ៉ូទៅហើយ កាលពីខែមករា។
តាមរយៈការបំពេញការផ្ទេរនេះ ក្លិប Chelsea នឹងបំបែកកំណត់ត្រានៃតម្លៃខ្លួន 66.9លានផោន (ស្មើនឹង 86.6លានដុល្លារអាមេរិក) ដែលក្លិប Liverpool បានចំណាយទៅឱ្យក្លិប Roma ដើម្បីទិញយកអ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson កាលពីខែមុន។
Kepa ត្រូវបានរំពឹងទុកថា នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃពុធនេះ ហើយអាចនឹងបង្ហាញខ្លួនជាលើកទី1 របស់គេក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ នៅលើទឹកដីក្រុម Huddersfield។
Kepa បានចំណាយពេល 2រដូវកាលមុន ក្នុងក្រុមជម្រើសទី1 របស់ Bilbao ដោយបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ La Liga ចំនួន 53លើក៕
ប្រភពពី៖ The Telegraph