ការណាត់ពិនិត្យសុខភាព ធ្វើតេស្ដឈាមស្វែងរករោគជំងឺផ្សេងៗ ម្នាក់ៗតែងតែនិយាយថា ត្រូវអត់អាហារ និងទឹក ដើម្បីឱ្យលិទ្ធផលតេស្ដឈាមមានប្រសិទ្ធភាព។ មនុស្សពេញវ័យគ្រប់រូប គួរតែទៅពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ទោះជាលោកអ្នកមានអារម្មណ៍ថា មានសុខភាពល្អក៏ដោយ។ គោលបំណងនៃការពិនិត្យសុខភាពជាប្រចាំនេះ គឺធ្វើឡើងដើម្បីស្វែងរកជំងឺផ្សេងៗ វាយតម្លៃការប្រឈមមុខនឹងជំងឺនាពេលអនាគត ណែនាំឱ្យចេះរបៀបថែទាំសុខភាពឱ្យបានល្អផ្តល់ការចាក់វ៉ាក់សាំងបង្ការ ឱ្យបានត្រឹមត្រូវតាមការកំណត់ ជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់ ហើយទទួលបានទិន្នន័យនៃការពិនិត្យសុខភាពជាប្រចាំ។ ដូច្នេះហើយ តើការធ្វើតេស្ដឈាម គួរតែតមអាហារដូចមនុស្សគ្រប់គ្នាថា ដែរឬទេ? ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោម។
ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ត្រូវតមអាហារ និងទឹករយៈពេលលើសពី6ម៉ោង
• ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមដូចជា តេស្ដទឹកនោមផ្អែម (លើកលែងតែការត្រួតពិនិត្យកម្រិតជាតិស្ករសមល្មម ឬអេម៉ូក្លូបិនអេដវិនស៊ី (HbA1c) ដែលអាចធ្វើតេស្ដឈាមបានដោយមិនចាំបាច់តមអាហារ និងទឹក)។
• ពិនិត្យរកជាតិខ្លាញ់ កូលេសស្ត្រូរ៉ល។
ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ដែលមិនចាំបាច់តមអាហារ និងទឹក
• ពិនិត្យកំហាប់ឈាម (ឈាមស ឈាមក្រហម អេម៉ូក្លូប៊ីន…)
• ពិនិត្យបរិមាណក្លាកេត (កោសិកាឈាម)
• ពិនិត្យភាពរឹងមាំនៃគ្រាប់ឈាម
• ពិនិត្យរកមេរោគអេដស៍
• ពិនិត្យរករោគថ្លើម និងតម្រងនោម
• ពិនិត្យក្រពេញទីរ៉ូអីុដ
• ពិនិត្យរកក្រុមឈាម
• ការបរិច្ចាគឈាម
ក៏ប៉ុន្ដែនៅមានការពិនិត្យសុខភាពដែលមិនចាំបាច់បូមឈាម ដែលត្រូវតមអាហារ និងទឹកដូចជា៖
• ការត្រួតពិនិត្យមើលអេកូប្រអប់ពោះ ត្រូវតមអាហារ ដើម្បីឱ្យបានមើលឃើញកាន់តែច្បាស់នៅក្នុងប្រអប់ពោះ។
• ការឆ្លុះអេកូក្រពះ និងពោះវៀន
• ការពិនិត្យតាមរយៈ X-ray កុំព្យូទ័រ ឬ CT Scan ដែលត្រូវចាក់សារធាតុជំនួយក្នុងការថតចូលក្នុងសរសៃឈាម ឱ្យតមទឹកតមអាហារក្រែងលោក្នុងករណីថា អ្នកជំងឺប្រតិកម្មចាញ់សារធាតុគីមីដែលបានចាក់ចូលទៅ និងបានធ្វើការប្រើបំពង់អុកស៊ីហែ្ស៊នជួយដកដង្ហើមទាន់ពេលវេលា។
នៅក្នុងករណីត្រូវពិនិត្យទឹកនោមផ្អែម ខណៈពេលកំពុងតាំងគភ៌នៅឡើយ ៖
• ការឆ្លុះ Screening តម្រូវឱ្យទទួលទានស្ករស 50ក្រាម និងបូមឈាមបន្ទាប់ពីទទួលទានរួចរយៈពេល1ម៉ោង ដោយមិនចាំបាច់តមអាហារ។
• ការពិនិត្យវិនិច្ឆ័យរោគ ចាំបាច់ត្រូវតមអាហារតមទឹកជាមុនសិន ព្រោះពេលបូមឈាមក្រោយការតម ក៏នឹងឱ្យទទួលទានស្ករ 100ក្រាមហើយបូមឈាមក្រោយទទួលទានរួចក្នុងអំឡុងពេល1-3ម៉ោង។ ក្នុងអំឡុងពេលរង់ចាំការបូមឈាម ត្រូវឱ្យអង្គុយស្ងៀម ហាមដើរទៅណាមកណា មិនដូច្នោះនឹងធ្វើឱ្យមិនឃើញលិទ្ធផល។
យ៉ាងណាមិញ នៅមានព័ត៌មានលម្អិតពីការត្រូវតមអាហារ តមទឹកមុនពេលពិនិត្យឈាមជាច្រើនទៀត ដែលយើងខ្ញុំសូមណែនាំឱ្យអញ្ជើញទៅរកគ្រូពេទ្យ ដើម្បីប្រឹក្សាយោបល់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត៕