“បង្គាស្រស់កោះកុង” ជាមុខម្ហូបដ៏ពេញនិយមប្រចាំភោជនីយដ្ឋាន ក្តាមប្រៃ ដែលអាចទទួលទានជុំគ្នាយ៉ាងរីករាយជាមួយនឹងទឹកត្រីកោះកុងដែលមានរសជាតិហឹរ និងមុតឆ្ងាញ់តែម្តង។ ជួបជាមួយនឹងមេចុងភៅធំ គឺលោក ផង់ ផានី្ន លោកបានប្រាប់ពី គ្រឿងផ្សំ និងរបៀបធ្វើមុខម្ហូបមួយមុខនេះដូចតទៅ។
គ្រឿងផ្សំ ទឹកត្រីកោះកុង
• ខ្ទឹមស
• ខ្ទឹមក្រហម
• ម្ទេសស្រស់
• ទឹកត្រី
• អំបិល
• ស្ករស
• ទឹកខ្មេះ
• ទឹក-សធម្មតា
វិធីធ្វើ ទឹកត្រីកោះកុង
ដំបូងត្រូវដាក់ឆ្នាំងដាំទឹក-សធម្មតាឱ្យពុះរួចសឹមចាក់ទឹកត្រី ស្ករស និងអំបិលបន្តិចចូល រំងាស់រហូតដល់រីងទឹកបន្តិច ទើបដាក់ទឹកខ្មេះចូលរំងាស់ជាមួយគ្នា ដើម្បីឱ្យទទួលបានរសជាតិជូរ ប្រៃ និងផ្អែម។ បន្ទាប់មក ត្រូវយកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់មកបុកឱ្យម៉ដ្ឋ រួចដាក់ចូលទៅក្នុងឆ្នាំងទឹកត្រី ដែលកំពុងរំងាស់នៅលើចង្ក្រាន ហើយកូរចូលគ្នាឱ្យសព្វ និងភ្លក្សរសជាតិឱ្យត្រូវតាមចំណង់ចំណូលចិត្តជាការស្រេច។
គ្រឿងផ្សំ បង្គាស្រស់កោះកុង
• បង្គាស្រស់ 2ខាំ
• ម្រះ
• ទឹកកក
• ទឹកត្រីកោះកុង
វិធីធ្វើ បង្គាស្រស់កោះកុង
របៀបរៀបចំមុខម្ហូបមួយនេះគឺមានភាពងាយស្រួលខ្លាំងណាស់ ដោយលោកអ្នកគ្រាន់តែយកបង្គាស្រស់នោះទៅបកសម្បកចេញ លាងទឹកឱ្យស្អាតល្អ និងវះយកអាចម៍ចេញពីខ្នងរបស់វាឱ្យអស់ ទុកឱ្យស្រស់ទឹក។ ចំណែកម្រះ ត្រូវពុះយកគ្រាប់ចេញ រួចលាងទឹកសម្អាតឱ្យបានស្អាត និងចិតជាបន្ទះស្តើងៗ ហើយយកចានស្អាតមួយមកក្រាលដោយដុំទឹកកក រួចដាក់បន្ទះផ្លែម្រះ និងតម្រៀបបង្គាស្រស់ ដែលបានលាងសម្អាតស្អាតនោះពីលើជាការស្រេច ដោយលោកអ្នកត្រូវក្លាស្សេវាឱ្យត្រជាក់ល្អ រួចទុកទទួលទានជាមួយនឹងទឹកត្រីកោះកុង ដែលមានរសជាតិហឹរ ជូរ ប្រៃ និងផ្អែមយ៉ាងរីករាយជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារបាត់ទៅហើយ៕