គ្រាន់តែបានល្បីឈ្មោះក្នុងនាមជាតារាចម្រៀងស្រីចំណូលថ្មីរបស់ផលិតកម្មថោនភ្លាម អតីតបេក្ខភាពប្រកួតចម្រៀងរបស់កម្មវិធីលំដាប់ពីភពលោក កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ខណៈដែលក្រៅពីមានសំឡេងពីរោះនោះ តារាចម្រៀងស្រីដែលមានចំណូលចិត្តបកស្រាយចម្រៀងជាភាសាអង់គ្លេសរូបនេះ ថែមទាំងអាចរាំបែបចង្វាក់ញ័រញាក់កន្ត្រាក់អារម្មណ៍បានយ៉ាងល្អថែមទៀតផង។
ដោយសារតែភាពល្បីល្បាញ និងប្រជាប្រិយភាពកំពុងបន្តកើនឡើងជាលំដាប់បែបនេះ កាលពីចុងខែឧសភា កន្លងទៅនេះ ស៊ូ ស៊ីរីកា ត្រូវបានអ្នកជំនួញក្នុងស្រុកម្នាក់ ដែលទទួលយក Franchise នៃហាងកាហ្វេដ៏ល្បីពីប្រទេសថៃ ផ្តល់កិត្តិយសដល់កញ្ញា ក្នុងនាមជាអ្នកតំណាងផលិតផលប្រចាំនៅកម្ពុជា ។
ជាមួយនឹងទឹកមុខរីករាយ សប្បាយចិត្តនឹងតំណែងជាអ្នកតំណាងហាងកាហ្វេដ៏ល្បីមកពីប្រទេសថៃ និងទើបតែបើកដំណើរការលក់ទីតាំងដំបូងស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហេង អាស៊ី ម្ដុំស្តុបបូកគោមួយនេះ ម្ចាស់បទចម្រៀង «ស្រឡាញ់បងលើសហើយ» កញ្ញា ស៊ូ ស៊ីរីកា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «មុនដំបូងខ្ញុំអត់បានដឹងថា ត្រូវបានបងស្រីម្ចាស់ហាងជ្រើសខ្ញុំធ្វើជាអ្នកតំណាងហាងរបស់គាត់នោះទេ ប៉ុន្តែស្រាប់តែមុនថ្ងៃបើកសម្ពោធហាង ស្រាប់តែគាត់បានទូរស័ព្ទទាក់ទងមកខ្ញុំ ហើយប្រាប់ពីដំណឹងនេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះវាគឺជាលើកដំបូងសម្រាប់ខ្ញុំដែលធ្វើជាអ្នកតំណាងផលិតផល និងហាងដ៏ល្បី Best Coffee។ នៅក្នុងឱកាសនេះផងដែរ ក្នុងនាមខ្ញុំជាអ្នកតំណាងប្រចាំនៅកម្ពុជានាពេលនេះ សូមបញ្ជាក់ថា កាហ្វេ ដែលមានគុណភាពលំដាប់អន្តរជាតិ ឈ្ងុយឆ្ងាញ់ បែបធម្មជាតិ មិនមានជាតិគីមី គឺកាហ្វេ Best Coffee ដែលប្រិយមិត្តទាំងអស់អាចមកទទួលទាននៅទីតាំងដូចបានជម្រាបជូនខាងលើនេះ ហើយក្រៅពីនេះរាល់អតិថិជនទាំងអស់ក៏អាចអង្គុយយ៉ាងត្រជាក់ចិត្តនៅក្នុងហាងមួយនេះផ្ទាល់» ៕