ទឹកជាវត្ថុសំខាន់បំផុតសម្រាប់ការរស់នៅរបស់មនុស្ស ហើយសម្រាប់កម្ពុជាយើង គេមើលឃើញថា ការផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ទីប្រជុំជន និងតំបន់ជិតទីប្រជុំជន មានលក្ខណៈល្អប្រសើរច្រើន តែទោះបីជាយ៉ាងនេះក៏ដោយ ក៏បញ្ហាទឹកស្អាតនៅតាមតំបន់ទីជនបទនៅតែជាបញ្ហាប្រឈមនៅឡើយ។
នៅទីជនបទឆ្ងាយៗមួយចំនួនដែលមិនមានអណ្តូងទឹកស្អាតប្រើប្រាស់ ប្រជាជននៅតែប្រើប្រាស់ប្រភពទឹកត្រពាំង បឹង ស្ទឹង នៅឡើយ ខណៈដែលស្ថានភាពនៃសុវត្ថិភាពទឹកនាពេលបច្ចុប្បន្ននេះមានការថយចុះ ព្រោះមានការបំពុលច្រើនពីថង់ប្លាស្ទិក រួមទាំងកាកសំណល់ពីឧស្សាហកម្មជាដើម។
យោងតាមរបាយការណ៍របស់អង្គការ UNICEF បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាមានប្រជាជននៅតាមតំបន់ដាច់ស្រយាលត្រឹមតែ 16% ប៉ុណ្ណោះដែលមានទឹកសុវត្ថិភាពប្រើប្រាស់។ ហេតុនេះសូមឱ្យមានការចូលរួមពីប្រជាជនទូទៅនៅទូទាំងប្រទេសក្នុងការកាត់បន្ថយការចោលសំរាមទៅក្នុងទឹក និងសន្សំសំចៃគ្រប់ដំណក់ទឹកស្អាត៕