រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនខេត្តហ៊ូណាននៃសាធារណរដ្ឋប្រជាមានិតចិនឱ្យពិចារណាវិនិយោគនៅក្នុងខេត្តចំនួន 3 ដែលមានសក្តានុពលសំខាន់ៗរួមមានខេត្តបាត់ដំបងដែលសម្បូរទៅដោយភោគផលដំណាំ ផលិតផលកសិកម្ម ខេត្តសៀមរាបដែលមានសក្តានុពលទេសចរណ៍ និងខេត្តព្រះសីហនុដែលមានសក្តានុពលវិស័យឧស្សហកម្មសម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើឡើងក្នុងជំនួបការងារកាលពីថ្ងៃទី2 ខែសីហា ឆ្នាំ2018 កន្លងទៅនៅទីស្តីការក្រសួងជាមួយលោក យ៉ាង គ័រពីង(Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំសហការីមកសិក្សាអំពីលទ្ធភាពពង្រីករោងចក្រម៉ាស៊ីនកិនស្រូវ ការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង និងស្វែងយល់អំពីសក្តានុពលវិនិយោគនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុដែលអាចអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាវិស័យផ្សេងទៀតដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកពីចំណុចមួយចំនួន ដែលត្រូវការឱ្យចិនជួយដោះស្រាយនៅក្នុងវិស័យកសិកម្មនេះ ដោយមានប្រសាសន៍ដូច្នេះថា៖ «ការប្រឈមនៃវិស័យស្រូវអង្ករ និងដំណាំសក្តានុពលផ្សេងៗ រួមមាន ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងនិយាយអំពីអត្ថប្រយោជន៍នៃការសាងសង់ឡសម្ងួតដើម្បីរក្សាទុកកសិផលបានក្នុងរយៈពេលយូរ សំដៅដល់ការអភិវឌ្ឍខ្សែចង្វាក់តម្លៃ និងការផ្គត់ផ្គង់»។
បន្ថែមលើនេះឯកឧត្តមក៏សូមឱ្យភាគីចិនពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាបដែលមានសក្តានុពលវិស័យទេសចរណ៍ និងសម្បូរទៅដោយភោគផលដំណាំដែលមានសក្តានុពលសម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ខេត្តហ៊ូណាន ប្រទេសចិនជាដើម។
លើសពីនេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង 100ក្រុមហ៊ុនសម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។
ជាការឆ្លើយតបទៅនឹងសំណើទាំងនេះ ភាគីចិនបានសន្យាថានឹងនាំយកព័ត៌មានដែលលោកទទួលបានទាំងនេះទៅជម្រាបជូនលោកអភិបាលខេត្តហ៊ូណាន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាខែវិច្ឆិកាខាងមុខ ព្រមទាំងផ្សព្វផ្សាយបន្តជូនសមាគមធុរជន និងវិនិយោគិនក្នុងប្រទេសចិន និងក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរីកចម្រើនទៅមុខ៕