ទម្លាប់នៃការធ្វើអនាម័យរាងកាយជាប្រចាំថ្ងៃ គឺជារឿងដ៏ល្អបំផុតដែលមនុស្សគ្រប់រូបគួរតែធ្វើ ក៏ប៉ុន្តែទម្លាប់មួយចំនួនក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពវិញផងដែរ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវ។ បើតាមអ្នកជំនាញសុខភាពពិភពលោកបានប្រាប់ឱ្យដឹងថា ក្រៅពីទម្លាប់ធ្វើអនាម័យខ្លួនប្រាណ មនុស្សជាច្រើនក៏ជាប់នូវទម្លាប់ខ្ជិល និងគ្មានអនាម័យប្រចាំថ្ងៃដែលមើលរំលង ហើយអាចបណ្តោលឱ្យគ្រោះថ្នាក់ដល់សុខភាព បើអ្នកមិនព្រមផ្លាស់ប្តូរ។
1. ទម្លាប់ខ្ជិលលាងដៃពេលចេញពីបន្ទប់ទឹក ឬបង្អន់
ការលាងសម្អាតដៃ គឺជាមធ្យាបាយមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនឯង និងអ្នកដទៃកុំឱ្យឆ្លងមេរោគ។ ប៉ុន្តែមនុស្សមួយចំនួនមិនបានលាងសម្អាតដៃត្រឹមត្រូវនោះទេ ដែលជាហេតុនាំឱ្យមានការឆ្លងមេរោគផ្សេងៗ។ សូមលាងសម្អាតដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ ពេលចេញពីបង្គន់នៅផ្ទះ ឬបង្គន់តាមទីសាធារណ:។
2. ទម្លាប់លាងមុខញឹកញាប់
ការលាងសម្អាតផ្ទៃមុខ គឺជាមធ្យាបាយដ៏ល្អក្នុងការកម្ចាត់បាក់តេរី និងកោសិកាងាប់ៗនៅលើស្បែក ធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើង។ ក៏ប៉ុន្តែការលាងផ្ទៃមុខច្រើនហួសប្រមាណ អាចធ្វើឱ្យស្បែករលាក ដោយសារតែការបាត់បង់ជាតិខ្លាញ់នៅលើស្បែក។
3. ទម្លាប់ខ្ជិលងូតទឹកក្រោយពេលហាត់ប្រាណ
នៅពេលធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងបែកញើសច្រើន ដែលជាឱកាសមួយនៃពពួកបាក់តេរីតោងនៅជាប់នឹងស្បែក។ ប្រសិនបើអ្នកមិនបានងូតទឹកនោះទេ គឺជាកំហុសដ៏ធំមួយ ព្រោះអ្នកអាចកើតមានបញ្ហាធំុក្លិនខ្លួន កន្ទួលរមាស់ និងបញ្ហាស្បែកឡើងមុនលើស្បែកជាមិនខាន។ ប៉ុន្តែ ក្រោយពេលធ្វើលំហាត់ប្រាណ អ្នកត្រូវរងចាំរយ:ពេល15នាទី ឬចាំឱ្យញើសស្ងួតជាមុនសិន ទើបងូតទឹកបាន។
4. ទម្លាប់ប្រើដៃខ្ទប់មាត់នៅពេលកណ្តាស់
ការខ្ទប់នៅពេលក្អក ឬកណ្តាស់ ដើម្បីទប់ស្តាត់កុំឱ្យសាយភាយទឹកមាត់ដាក់អ្នកដទៃ គឺជាសុជីវធម៌មួយដ៏ល្អបំផុត។ ប៉ុន្តែ អ្នកមិនត្រូវប្រើដៃខ្ទប់នោះឡើយ ព្រោះអ្នកមិនអាចលាងសម្អាតដៃគ្រប់ពេលនោះទេ ដូច្នេះមេរោគវានឹងវិលមករករាងកាយរបស់អ្នកវិញជាមិនខាន។ យកល្អ អ្នកត្រូវមានកូនកន្សែង ឬក្រដាសអនាម័យនៅជាប់តាមខ្លួន ដើម្បីប្រើប្រាស់នៅពេលមានបញ្ហាកណ្តាស់ ឬក្អក។
5. ទម្លាប់ប្រើច្រាស់ដុសធ្មេញសើម
ការប្រើប្រាស់ច្រាស់ដុសធ្មេញសើមមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ ព្រោះសំណើម គឺជាទីជំរកដ៏ល្អបំផុតសម្រាប់ពពួកបាក់តេរីក្នុងការបង្កាត់ពូជ ហើយបាក់តេរីទាំងនេះនឹងចូលទៅក្នុងមាត់ ដែលបង្កឱ្យមានបញ្ហាធ្មេញ និងអញ្ចាញធ្មេញ។ វិធីដ៏ល្អបំផុត អ្នកត្រូវទុកច្រាលដុសធ្មេញ នៅកន្លែងដែលមានខ្យល់អាកាសចេញចូលបានល្អ ដើម្បីឱ្យច្រាស់ស្ងួត ហើយរៀងរាល់រយ:ពេលពី3ទៅ6ខែ គួរតែដូរច្រាស់ថ្មីចេញម្តង។
6. ទម្លាប់ប្រើសំឡីត្បាល់ត្រចៀក
ជាធម្មតា អ្នកតែងតែមានទម្លាប់ប្រើប្រាស់សំឡីត្បាល់ត្រចៀក ដើម្បីសម្អាតកាកសំណល់ផ្សេងៗចេញពីរន្ធត្រចៀក។ ក៏ប៉ុន្តែបើអ្នករុកសំឡីចូលទៅក្នុងកាន់តែខ្លាំង វានឹងរុញច្រានអាចម៍ត្រចៀកចូលកាន់តែជ្រៅដែរ ដូច្នេះប្រសិនបើមានអាចម៍ត្រចៀកច្រើន គួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយបញ្ហានេះ៕