នៅក្នុងសម័យបច្ចេកវិទ្យានេះ សិស្សស្ទើរតែ100% មានប្រើប្រាស់ទូរស័ព្ទទំនើប និងបណ្តាញសង្គម ដែលវាអាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិដល់ពួកគេយ៉ាងច្រើន។ មានសិស្សមិនតិចទេដែលបានជ្រុលខ្លួនលេងបណ្តាញសង្គមច្រើនហួសហេតុរហូតដល់ធ្វើឱ្យការសិក្សារបស់ខ្លួនត្រូវធ្លាក់ចុះ ឬចំណាយពេលវេលាច្រើនហួសក្នុងការប្រើប្រាស់ Facebook ហើយទើបភ្ញាក់ខ្លួនពេលជិតប្រឡង ហេតុនេះដើម្បីស្តារស្ថានការណ៍មុនពេលប្រឡងនេះ ពួកគេអាចកែប្រែស្ថានការណ៍អាក្រក់បានខ្លះ ដោយការបង្វែទិសដៅពីការប្រើប្រាស់បណ្តាញសង្គមបែបអវិជ្ជមានមកប្រើដើម្បីជួយដល់ការសិក្សាវិញ។
ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអ្នកអប់រំជាច្រើនបានចែករំលែកឯកសារយ៉ាងទូលំទូលាយតាមបណ្តាញបច្ចេកវិទ្យាដោយប្រភពព័ត៌មានសំខាន់ៗទាំងអស់នោះសុទ្ធតែចំណុចប្រកបដោយគុណតម្លៃសម្រាប់ការត្រៀមប្រឡង។ លើសពីនេះទៅទៀត ក្រសួងអប់រំ ក៏បានដាក់ចេញនូវកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពដោយខ្លួនឯងផ្ទាល់តាមបណ្តាញបច្ចេកវិទ្យា និងសៀវភៅជំនួយដល់សិស្សស្ទើរជារៀងរាល់ថ្ងៃនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួង ដែលសិស្សអាចទាញយកទៅប្រើប្រាស់បាន។ ម្យ៉ាងវិញទៀត មានអ្នកអប់រំជាច្រើនក៏បានដាក់បញ្ចូលនូវវិញ្ញាសាប្រឡង ឬឯកសារដែលធ្លាប់ប្រឡងពីឆ្នាំមុនៗ ជាមួយនឹងការពន្យល់សម្រាប់ជួយដល់សិស្សដើម្បីស្វែងយល់មុនពេលប្រឡង។
រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថាកាលពីមុនយើងចងក្រងឯកសារ ឬស្រាវជ្រាវតាមបែបបុរាណដែលធ្វើឱ្យមានការពិបាកស្វែងរក តែបច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកចម្រើន ហេតុនេះស្ថាប័នអប់រំក៏បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកឯកសារ និងយល់កាន់តែច្បាស់ពីការអនុវត្តជាក់ស្តែង។ ហេតុនេះយុវជនកម្ពុជាគួរបង្វែរពេលប្រើប្រាស់បណ្តាញ សង្គមដើម្បីជំនួយដល់ការសិក្សា ព្រោះការសិក្សាតាមបច្ចេកវិទ្យាអាចធ្វើឱ្យសិស្សចំណេញពេលវេលាច្រើនណាស់។ តាមរយៈបច្ចេកវិទ្យាសិស្សមិនចាំបាច់អង្គុយរៀនជាមួយគ្រូគ្រប់ពេលនោះទេ ហើយសិស្សក៏អាចទាញយកឯកសារបានងាយស្រួល ដោយមិនចំណាយលុយ និងមានភាពទូលំទូលាយថែមទៀតផង។
អតីតសិស្សនិទ្ទេស A យុវជន ហេង គីមហុង បានលើកឡើងថា សិស្សគួរបង្វែរពេលលេងបណ្តាញសង្គម មកប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជាជំនួយដល់ការសិក្សាវិញ ព្រោះប្រសិនបើយើងមិនចេះប្រើប្រាស់បណ្តាញសង្គម វានឹងក្លាយជាគ្រឿងរំខានខ្លាំងដល់ការសិក្សា និងថែមទាំងធ្វើឱ្យយើងខាតបង់ពេលវេលាច្រើនឥតប្រយោជន៍ថែមទៀតផង។ ផ្ទុយមកវិញ ប្រសិនបើយើងចេះប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ យើងនឹងចំណេញពេលវេលាច្រើន ហើយថែមទាំងអាចរកឃើញគន្លឹះល្អៗជាច្រើនដែលអាចដោះស្រាយចម្ងល់ដែលយើងធ្លាប់មានបានយ៉ាងល្អទៀតផង។
យុវជន ហេង គីមហុង បាននិយាយថា៖ “ការសិក្សា ជាពិសេសផ្នែកវិទ្យាសាស្រ្តពិត ចាំបាច់ត្រូវការយល់ឱ្យកាន់តែច្បាស់ពីហេតុផល និងឫសគល់សំខាន់ៗនៃមេរៀន មុននឹងអាចយករូបមន្តមកប្រើប្រាស់បាន ហើយជាធម្មតានៅក្នុងការសិក្សានៅសាលាយើងមិនសូវបានអនុវត្ត ឬពិសោធជាក់ស្តែងនោះទេ ហេតុនេះប្រសិនបើយើងចេះប្រើប្រាស់បណ្តាញសង្គមឱ្យត្រឹមត្រូវ យើងនឹងអាចស្វែងរកប្រភពវីដេអូដែលមានការពន្យល់លម្អិតបានយ៉ាងលឿន និងមានប្រសិទ្ធភាព”។
អតីតសិស្សពូកែខាងលើបានលើកឡើងផងដែរថា ម្យ៉ាងវិញទៀត ដោយសារតែបច្ចុប្បន្ននេះយុវជនជាច្រើនចេះភាសាអង់គ្លេស វាកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការស្រាវជ្រាវ។ នៅពេលដែលយើងមើលមេរៀន ឬមិនយល់ត្រង់ចំណុចណានោះ ពីមុនយើងចាំបាច់ត្រូវរកគ្រូ ឬសិស្សច្បងដើម្បីសួរ ហើយប្រសិនបើគ្មានពួកគេទេនោះ យើងនឹងមិនអាចរៀនទៅមុខនោះទេ។ តែឥឡូវនេះមិនដូចពីមុននោះទេ រាល់ពេលដែលយើងឆ្ងល់នៅកន្លែងណាមួយ ហើយត្រូវការពន្យល់ យើងអាចស្រាវជ្រាវរកសេចក្តីពន្យល់បានយ៉ាងលម្អិតពីមេរៀននីមួយៗ។ នៅពេលដែលបច្ចេកវិទ្យាដើរលឿន ការសិក្សាក៏កាន់តែងាយស្រួល និងសម្បូរបែបដូចគ្នា តែគួរឱ្យស្តាយ ដោយសារតែមានសិស្សជាច្រើនមិនព្រមធ្វើវាឱ្យមានប្រយោជន៍៕