ដោយមើលឃើញសក្តានុពលពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា ក្រុមវិនិយោគិនបរទេសបានចូលមកបណ្តាក់ទុនយ៉ាងច្រើនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ឧទាហរណ៍ អគារពាណិជ្ជកម្មភ្លោះលំដាប់អន្តរជាតិដ៏ធំមួយបានចាប់ផ្តើមសាងសង់ឡើងហើយនៅក្នុងខែសីហា ឆ្នាំ2018នេះ។
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយមកពីប្រទេសចិនដែលគ្រប់គ្រងលើគម្រោងមួយនេះបានមានប្រសាសន៍ថា ដោយមើលឃើញសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគក្នុងទឹកប្រាក់រាប់លានដុល្លារសាងសង់អគារពាណិជ្ជកម្មពហុមុខងារ លំដាប់ថ្នាក់អន្តរជាតិនៅដើមខែសីហា ឆ្នាំ2018នេះ ដែលវាជាចំណែកមួយជួយឱ្យសរសៃឈាមសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់សមុទ្រមួយនេះមានភាពរស់រវើក និងរឹងមាំខ្លាំងថែមមួយកម្រិតឡើងទៀត ដោយអគារទាំងនេះធ្វើឡើងក្នុងបំណងបម្រើឱ្យវិស័យពាណិជ្ជកម្មទូទៅ និងជាពិសេសរង់ចាំទទួលភ្ញៀវទេសចរចិនដែលនឹងមកស្នាក់នៅ និងកម្សាន្តប្រទេសកម្ពុជាចំនួនប្រមាណជា2លាននាក់នាឆ្នាំ2020ខាងមុខ។
លោកបន្ដថា ទីក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍទៅជាទីក្រុងអន្ដរជាតិដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត សណ្ឋាគារលំដាប់ផ្កាយ5 មជ្ឈមណ្ឌលទិញទំនិញ តំបន់កម្សាន្តលំដាប់កំពូល និងភោជនីយដ្ឋានល្បីៗមកប្រមូលផ្តុំនៅទីក្រុងមួយនេះដែលធ្វើឱ្យទីក្រុងនេះក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍។
លោកបានបន្តទៀតថា គម្រោងសាងសង់អគារពហុមុខងារនេះមានឈ្មោះ ព្រីនស៍ ធាន ស៊ី វ៉ាន នឹងស្ថិតនៅលើទំហំផ្ទៃដីសរុបជាង 3ហិកតា រចនាដោយក្រុមហ៊ុនអន្តរជាតិលំដាប់កំពូល ដោយគម្រោងពហុមុខងារនេះរួមមាន សណ្ឋាគារលំដាប់ផ្កាយ5 និងផ្កាយ6 សណ្ឋាគារប៊ូទិក អាផាតមិន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ដែលនឹងមានផ្តល់ជូននូវសេវាកម្មលំនៅឋាន និងពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិ។
គម្រោងនេះក៏មានរួមបញ្ចូលនូវផ្សារទំនើប សាលពិព័រណ៍ សាលសន្និសីទអន្តរជាតិ លំនៅឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាងហែលទឹកទំនើប ក្លិបទូកល្បឿនលឿន-ល-ជាពិសេសគម្រោងនេះក៏មានចំណតរថយន្តដ៏ទំនើប និងធំទូលាយទំហំ 25,000ម៉ែត្រការ៉េផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ (KFA)បានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្រ និងជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជាដែលស័ក្តិសមនឹងទទួលបានការវិនិយោគលើគ្រប់វិស័យពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ខេត្តដ៏ល្អស្អាតមួយនេះមានសក្តានុពលដោយសារតែមានមាត់សមុទ្រ មានភាពអំណោយផលពីធម្មជាតិ ផ្តល់នូវសោភណភាព និងទេសភាពស្រស់ស្អាតសម្រាប់ការរស់នៅជាទីមនោរម្យ មានហេដ្ឋារចនាសម្ព័ន្ឋផ្លូវដឹកជញ្ជូនជាច្រើន ដូចជាផ្លូវរថយន្តល្បឿនលឿនដែលមានរយៈចម្ងាយខ្លីជាងផ្លូវជាតិលេខ4 មានផ្លូវដែក និងផ្លូវអាកាស និងផ្លូវសមុទ្រពិសេសមានកំពង់ផែទឹកជ្រៅ អំណោយផលនៅក្នុងការដឹកជញ្ជូនទំនិញចូលមកក្នុង និងចេញទៅក្រៅប្រទេស។
ក្រៅពីស្ថិរភាពសេដ្ឋកិច្ច និងនយោបាយហើយ រដ្ឋាភិបាលបានលើកទឹកចិត្តដល់វិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនដោយអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចបើកក្រុមហ៊ុនដោយផ្ទាល់ មានសិទ្ធិកាន់កាប់ភាគហ៊ុន100% និងមានការសម្រួលការបង់ពន្ធ ជាដើម ដែលធ្វើឱ្យអ្នកវិនិយោគទៅបណ្តាក់ទុនរកស៊ីលើគ្រប់វិស័យនៅតំបន់នោះមានទាំងវិស័យទេសចរណ៍រោងចក្រឧស្សាហកម្ម វិស័យអចលនទ្រព្យ និងសំណង់ជាដើម ដើម្បីក្លាយជាចំណែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕