យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាការនាំចេញរបស់វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាមានតម្លៃ 3.7 ពាន់លានដុល្លារក្នុងរយៈពេល 6ខែដំបូងនៃឆ្នាំនេះ បានកើនឡើង 9.3%។ លទ្ធផលដ៏រឹងមាំនៃវិស័យនេះក៏បានកើនឡើងផងដែរនៅក្នុងអំឡុងពេលដ៏រសើបមួយសម្រាប់ប្រទេសកម្ពុជាដោយប្រទេសមួយនេះបានប្រារព្ធការស្ទង់មតិតាមរយៈការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី 6 របស់ខ្លួន។
កំណើននៃសកម្មភាពនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើងយ៉ាងរឹងមាំក្នុងអំឡុងឆមាសទី 1 នៃឆ្នាំនេះ បើទោះបីជាមានការព្រមានថ្មីៗពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាថាពួកគេអាចនឹងលុបចោលពាណិជ្ជកម្មដែលពេញចិត្តនៅកម្ពុជា ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនត្រូវបានកែលម្អ។
យោងតាមតួលេខពីក្រសួងនេះបានឱ្យដឹងថា ការដឹកជញ្ជូនវាយនភណ្ឌទៅកាន់ប្លុកអឺរ៉ុបបានកើនឡើង 10.66% ដែលមានតម្លៃសរុបជាង 1.6 ពាន់លានដុល្លារ ខណៈសហរដ្ឋអាមេរិកវិញបានកើនឡើង 10.73 ភាគរយ និងមានតម្លៃ 858លានដុល្លារ។ ទីផ្សារទាំង2 នេះរួមចំណែក 72%លើការនាំចេញសរុបរបស់កម្ពុជា។
ការនាំចេញទៅកាន់ប្រទេសកាណាដាបានកើនឡើងជាង 9% ដែលមានតម្លៃ 324លានដុល្លារខណៈការនាំចេញទៅកាន់ពិភពលោកបានកើនឡើង 10.10% និងមានតម្លៃ 850លានដុល្លារ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននិយាយថា ការអនុវត្តជារួមលើវិស័យនេះមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ ជាពិសេសបានគិតគូរថា ការបោះឆ្នោតថ្នាក់ជាតិបានធ្វើឱ្យមានការព្រួយបារម្ភដល់វិនិយោគិនជាច្រើន។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងបន្តក្លាយជាទីផ្សារដ៏សំខាន់បំផុតរបស់យើង ដែលត្រូវមានទំនុកចិត្តថាទំនាក់ទំនងរវាងប្រទេសយើងនឹងប្រសើរឡើងតាមរយៈការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មាន ឡារ៉ែនថា៖ “ដូចយើងបានដឹងហើយថា កម្ពុជាយើងធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូច្នេះទីផ្សារកម្ពុជាមានច្រើនយើងបានបើកទូលាយគ្រប់ប្រទេសក្នុងការនាំចេញមានច្រើនទិសដៅ ប៉ុន្តែការងារដែលលេចឮព័ត៌មានមកថា នឹងបិទការនាំចេញពាណិជ្ជកម្មដោយសហគមន៍អឺរ៉ុបនោះ នៅមិនទាន់ឃើញមានទេ គឺនៅមានរបាយការណ៍ទៅមកនៅឡើយ តែយ៉ាងណា ក៏យើងនៅមានច្រកដទៃទៀតដែរ ព្រោះយើងធ្វើពាណិជ្ជកម្មដោយទូលំទូលាយមិនធ្វើតែចំពោះនរណាម្នាក់ឡើយ”។
លោកថ្លែងថា ចំនួនលើកទឹកចិត្តក្នុងកំណើននាំចេញ គឺជាលទ្ធផលនៃសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស។ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈមានសារៈសំខាន់សម្រាប់សកម្មភាពធុរកិច្ច និងការវិនិយោគ។ នេះជាប្រភេទបរិស្ថានពាណិជ្ជកម្មដែលប្រទេសយើងត្រូវការដើម្បីធានាឱ្យមានការអភិវឌ្ឍបន្ថែមទៀត មិនត្រឹមតែសម្រាប់វិស័យដែលផ្ដោតលើការនាំចេញទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចទាំងមូល។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសេវានាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល 6ខែ នៃឆ្នាំ2018 នេះ ការនាំទំនិញចេញពីកម្ពុជា រួមមាន៖ វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម។ល។ រួមទាំងការបញ្ជាទិញរបស់ម៉ាកល្បីៗទូទាំងពិភពលោកដូចជាម៉ាក អាឌីដាស (Adidas) និងអេច្ឆ អេន អឹម (H&M)ជាដើម នៅតែបន្តកើតមាន ដែលបង្ហាញថាទាំងការបញ្ជាទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជានឹងនៅតែល្អប្រសើរ ដោយសារប្រទេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពិសេសស្ថានភាពនយោបាយស្ថិតក្នុងភាពប្រក្រតី ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់។
កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយការព្យាករសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន ដោយបានដាក់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំនេះចំនួន 7% ដែលគាំទ្រដោយវិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ និងសំណង់។ “តាមទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពរឹងមាំ ដោយការនាំចេញសម្លៀកបំពាក់ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនជាតិ”។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបបាននិយាយថាខ្លួននឹងលុបចោលគម្រោងអ្វីគ្រប់យ៉ាងដែលមិនមែនជាអាវុធ(EBA= the Everything But Arms scheme)ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប និងកូតាដោយឥតគិតថ្លៃ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមិនមានភាពប្រសើរឡើង។
សហភាពអឺរ៉ុប គឺជាគោលដៅនាំចេញនាំមុខគេរបស់កម្ពុជាដែលមានចំនួន 40%នៃការនាំចេញសរុប។ ទាំងអស់នេះបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកើនឡើង 227% ចន្លោះពីឆ្នាំ2011 និងឆ្នាំ2016 និងឈានដល់ 5ពាន់លានដុល្លារគិតជាតម្លៃកាលពីឆ្នាំទៅមិញ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលំដាប់ទី2 ក្នុងចំណោមអ្នកទទួលផលពី EBA ទាក់ទងនឹងបរិមាណជួញដូរ៕