បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ផ្លូវក្រវាត់ក្រុងទី3 រួចមក សកម្មភាពពុះដីឡូត៍លក់នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងថ្មីមួយនេះកំពុងមានសកម្មភាពអ៊ូអរជាបណ្តើរៗហើយ ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងដំណើរ-ការរៀបចំរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតហើយក៏ដោយ។
លោក លី សុបិន ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដេលី រៀលធីគ្រុបមានប្រសាសន៍ទទួលស្គាល់ថា ទោះបីបច្ចុប្បន្នកម្ពុជាបានបញ្ចប់ដំណើរ-ការបោះឆ្នោត និងត្រៀមប្រកាសគណៈរដ្ឋមន្ត្រីដើម្បីចូលកាន់តំណែងក្នុងជួររដ្ឋាភិបាលថ្មីនៅពេលឆាប់ៗនេះក៏ដោយ តែក៏ការពុះដីឡូត៍លក់នៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី3 ដែលតភ្ជាប់ពីតំបន់គល់ស្ពានព្រែកព្នៅ ឆ្លងកាត់តាមផ្លូវតំបន់កប់ស្រូវឆ្លងកាត់ផ្លូវជាតិលេខ4 មកសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាលបច្ចុប្បន្ននេះកំពុងមានសកម្មភាពអ៊ឹកធឹកគគ្រឹកគគ្រេងយ៉ាងគួរឱ្យកត់សម្គាល់។
លោកបន្តថា ដូចយើងទាំងអស់គ្នាឃើញស្រាប់ហើយថា ការបោះឆ្នោតនៅកម្ពុជាមានបរិយាកាសល្អប្រសើរជាងឆ្នាំមុនៗ ស្ថិរភាពនយោបាយបានផ្តល់នូវទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ និងវិនិយោគិនផ្សេងៗសម្រាប់ធ្វើការប្រកបរបរអាជីវកម្មរបស់ខ្លួន ហើយអ្នកវិនិយោគមួយចំនួនដែលមានតម្រូវការសាច់ប្រាក់ ពួកគាត់បានសម្រេចពុះដីឡូត៍លក់យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី3 នេះ ចំណែកអតិថិជនក៏បានឆ្លៀតចាប់យកឱកាសនេះទិញដីឡូត៍ទាំងនោះទុកលក់យកប្រាក់ចំណេញវិញនៅពេលខាងមុខដែរ។
លោកថា ដីនៅតំបន់តំបន់កប់ស្រូវ បច្ចុប្បន្នហាក់មានតម្លៃឡើងខ្ពស់ខ្លាំងរួចទៅហើយ ដោយដីនៅជាប់ផ្លូវធំមានតម្លៃចាប់ពី 200ដុល្លារ ទៅដល់ 250ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចុះពីផ្លូវធំមានតម្លៃ 80 -150ដុល្លារក្នុងមួយម៉ែត្រការ៉េនោះ បានធ្វើឱ្យអតិថិជនក៏ដូចជាឈ្មួញកណ្ដាលនាំគ្នាងាកមករកទិញនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី3នេះត្រង់ចំណុចព្រែកកំពឹស ក្នុងខណ្ឌដង្កោវិញម្តង ដោយសារដីនៅតំបន់នោះមានតម្លៃទាបជាងដីនៅតំបន់ទំនប់កប់ស្រូវ។ ដីនៅលើផ្លូវធំក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោនេះមានតម្លៃចន្លោះតែពី 100ដុល្លារ ទៅ120ដុល្លារប៉ុណ្ណោះនៅលើផ្លូវធំ ហើយបើដីចុះពីផ្លូវធំទៅវិញមានតម្លៃត្រឹមតែ 50-80ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលអតិថិជនភាគច្រើនឆក់ឱកាសនេះទិញដីទុកលក់យកប្រាក់ចំណេញនៅពេលក្រោយយ៉ាងកុះករ។ ចំណែកអ្នកវិនិយោគមួយចំនួនវិញបានទិញទុកសម្រាប់សាងសង់រោងចក្រឧស្សាហ-កម្ម និងឃ្លាំងស្តុកទំនិញ ហើយមួយចំនួនទៀតកំពុងរៀបចំចាក់ដីដើម្បីសាងសង់ផ្ទះល្វែងលក់ ដោយរំពឹងថាក្នុងមួយល្វែងអាចនឹងមានតម្លៃប្រមាណពី 50,000ដុល្លារ ទៅដល់ 60,000ដុល្លារឯណោះ ខណៈដែលបុរីពិភពថ្មី សង្កាត់ព្រែកកំពឹសក៏កំពុងដើរប្រមូលទិញដីបន្ថែមទៀតសម្រាប់ពង្រីកគម្រោងអាជីវកម្មសាងសង់ផ្ទះល្វែងលក់របស់ខ្លួនដែរ។
ជាមួយគ្នានេះដែរលោក តាន់ ហុងលី ភ្នាក់ងារពុះដីឡូត៍លក់នៅជិតរង្វង់មូលកួរស្រូវ សង្កាត់ស្ពានថ្មក្នុងខណ្ឌដង្កោបានប្រាប់ឱ្យដឹងដែរថា នៅមុនពេលបោះឆ្នោត សកម្មភាពទិញដីរបស់អតិថិជនហាក់មានសភាពស្ងប់ស្ងាត់បន្តិចដែលដីឡូត៍របស់លោកក៏ត្រូវបានទុកចោលមួយរយៈដែរ ប៉ុន្តែបន្ទាប់ពីបោះឆ្នោតរួចភ្លាម អតិថិជនបាននាំគ្នាដើររកទិញដីច្រើនគួរឱ្យកត់សម្គាល់ និងសឹងតែមិនជឿ ព្រោះថាដីឡូត៍របស់លោកត្រូវបានអតិថិជនមកកក់ប្រាក់ទិញទុកជារៀងរាល់ថ្ងៃ ធ្វើឱ្យដីឡូត៍ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់នោះ ប្រែជាមានសកម្មភាពកក្រើកឡើងវិញ ហើយថែមទាំងលក់ជិតអស់ទៀតផង។ លោកថា អ្វីដែលធ្វើឱ្យអតិថិជនងាកមករកទិញដីនៅក្នុងសង្កាត់ព្រែកកំពឹសនេះ គឺដោយសារតែដីរបស់លោកនៅមានតម្លៃទាបនៅឡើយ មួយឡូត៍ទំហំ5 គុណ20ម៉ែត្រមានតម្លៃត្រឹមតែ6,000ដុល្លារ ទៅ7,000ដុល្លារប៉ុណ្ណោះ ខណៈដីឡូត៍មួយចំនួនបានឡើងថ្លៃខ្លាំងរហូតមួយឡូត៍មានតម្លៃចន្លោះពី 8,000ដុល្លារ ទៅដល់10,000ដុល្លារអស់ទៅហើយ។
លោកថា ដោយសារការពុះដីឡូត៍លក់ហាក់មានសកម្មភាពឡើងវិញ និងមានអតិថិជនមករកទិញដីទុកបន្ថែមច្រើនទៀតនោះ លោកក៏បានរៀបចំពុះដីឡូត៍មួយកន្លែងទៀត ដោយបម្រុងលក់ក្នុងតម្លៃទាបនៅស្ថិតតាមផ្លូវក្រវាត់ក្រុងទី3ហ្នឹងដូចគ្នាដែរ តែស្ថិតនៅតាមបណ្តោយផ្លូវលេខ41 ដែលតភ្ជាប់ពីភ្នំប្រសិទ្ធិ៍មកផ្សារថ្នល់ទទឹង(ផ្លូវជាតិលេខ4) ដែលជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
ចំណែកលោក គង់ ពៅ ម្ចាស់គម្រោងផ្ទះល្វែងដែលនៅជិតភ្នំប្រសិទ្ធិ៍ដែរនោះបានមានប្រសាសន៍ថា បច្ចុប្បន្ន ទោះជាកម្ពុជាកំពុងដំណើរការរៀបចំរដ្ឋាភិបាលអាណត្តិថ្មីក៏ដោយ ប៉ុន្តែទំនុកចិត្តវិនិយោគិនបរទេសក៏នៅតែមានសុទិដ្ឋិនិយមសម្រាប់ស្ថិរភាពនយោបាយកម្ពុជា ឧទាហរណ៍ អ្នកវិនិយោគជនជាតិចិនបានមកសហការជាមួយលោកទិញដីសាងសង់ផ្ទះល្វែងដែលមានគុណភាពស្តង់ដារដើម្បីដាក់លក់ក្នុងតម្លៃទាបសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមអាចមានលទ្ធភាពទិញផ្ទះរស់នៅបានកាន់តែច្រើនឡើង ហើយក៏នឹងផ្តល់ឱកាសឱ្យអាជីវករដែលចង់ទិញផ្ទះទុកលក់បន្ត អាចលក់ចេញទៅវិញរកប្រាក់ចំណេញបានច្រើនដែរ៕