Skip to content

ចេក​នឹង​ក្លាយជា​ផលិតផល​នាំ​ចេញទៅ​ចិន ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ

ដោយ​គ្មាន​ការកែប្រែ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន របស់​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី2 ខែសីហា ឆ្នាំ2018 នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដើម្បី​បើកទ្វារ​ឱ្យ​វិស័យ​ឯកជន​បាន​នាំ​ផលិតផល​ផ្លែ​ចេក​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​ចិន។

ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​ថា ការចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​នេះ គឺជា​ការបើកទ្វារ​ក្នុងការ​នាំយក​ផ្លែ​ចេក​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ និង​អតិថិជន​នៅក្នុង​ប្រទេស​ចិន។ ការចុះ​ពិធីសារ​នា​ថ្ងៃនេះ គឺជា​ការឆ្លើយតប​រប​ស់ភា​គី​ចិន​តាម​សំណើ​របស់​ភាគី​កម្ពុជា តាមរយៈ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានចាប់ផ្តើម​ចរចា​ទីផ្សារ​នេះ​ជាមួយ​ភាគី​ចិន​ឡើងវិញ និង​បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង កាលពី​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2014កន្លងទៅ​នៅ​សហភាព​មី​យ៉ាន់​ម៉ា។

ពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកអំបូងចេញទៅកាន់ប្រទេសចិន

ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា៖ “ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​បន្ថែម​នៅថ្ងៃនេះ គឺ​ភាគី​កម្ពុជា​យើង​បាន និង​កំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន​ឱ្យ​ពិនិត្យ​លទ្ធភាព និង​ព​ន្លឿ​ន​ការងារ​បន្ថែម​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ចាំបាច់​មួយចំនួនទៀត​ទៅ​កាន់​ទីផ្សារ​ចិន ដែលមាន​ដូចជា ផ្លែស្វាយ ផ្លែ​មៀន(តា​ង៉ែ​ន)ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ដូង និង​សម្បុក​ទឹកមាត់​សត្វ​ត្រចៀកកាំ សម្រាប់ធ្វើ​ការនាំ-​ចេញទៅ​ប្រទេស​ចិន​ជា​បន្តទៀត”។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយក-ដ្ឋាន​កសិកម្ម បាន​មានប្រសាសន៍ថា រដ្ឋា​ភិបាល​កម្ពុជា​សម្រេច​គោលដៅ​ជា​លទ្ធផល​ជោគជ័យ​នៅថ្ងៃនេះ គឺ​បានមកពី​ការចរចា​របស់​រដ្ឋាភិបាលនិង​ភាគី​ចិន ហើយ​យើង​នឹង​ខិតខំ​ជំរុញ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​ដទៃ​ទៀត ដូច​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​អ៊ីចឹង។

ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍ថា ចេក-អំបូង ចេកពងមាន់ និង​ចេកណាំវ៉ា ក្នុងស្រុក​មិនទាន់​បំពេញបាន​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​នៅឡើយ​ទេ ទាំង​គុណភាព និង​រសជាតិ ព្រោះ​វា​មិន​ធន់ឆាប់​ខូច​ពេល​ដឹកជញ្ជូន និង​រក្សាទុក​មិនបាន​យូរ។ ឯ​ចេក​ដែល​អន្តរជាតិ​គេ​និយម​ចូលចិត្ត​នោះ​គឺ​ពូជ​ចេកអំបូង​ពណ៌​លឿង។ ដូច្នេះ​កម្ពុជា​នឹង​នាំចូល​ដំណាំ​ចេកអំបូង​ពណ៌​លឿង​ពី​ប្រទេស​ចិន និង​ហ្វីលីពីន​មក​ពង្រីក​ការដាំដុះ គឺជា​ចេក​ដែល​ត្រូវ​នាំចេញ។ បច្ចុប្បន្ន​យើង​មាន​ផ្ទៃដី​ចំនួន 5,000ហិកតា​ដែលមាន​កសិដ្ឋាន​ចំនួន 3កន្លែង​ដែល​នឹងធ្វើ​ការពង្រីកបន្តទៀត ដែល​កសិដ្ឋាន​ទាំងនោះ​មាននៅ​ក្នុង​ខេត្តរតនគិរី ខេត្តក្រចេះ និង​កំពត ជា​កសិដ្ឋានធំៗដែល​ឯកជន​គេ​បោះទុន​វិនិយោគ ដែល​ចំនួន​នេះ​យើង​អាចធ្វើ​ការនាំចេញ​ផ្លែ​ចេក​បាន​ចំនួន 30ម៉ឺន​តោន​ក្នុង1ឆ្នាំ។

ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមថា កន្លងមក​កម្ពុជា​បាន​នាំចេញ​ចេក​រួចមកហើយ ដោយបាន​ដាំ​នៅក្នុង​ខេត្តរតនគិរី តែ​មិនមែន​នាំ​ចេញទៅ​ប្រទេស​ចិន​ទេ គឺ​នាំទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​បានពន្យល់ថា ចម្ការ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​វៀតណាម​ខ្លួនឯង តែ​ឥឡូវ​យើង​បើក​ទីផ្សារ​ទៅកាន់​ប្រទេស​ចិន​មួយទៀត ហើយ​ចេក​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​ទី 4 ដែល​នឹង​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​បន្ទាប់ពី​ពោត ដំឡូង​មី និង​អង្ករ។

ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍​ទៀតថា៖ “តម្លៃ​នៃ​ពិធីសារ​នេះ គឺ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។ ទី1 គេ​ហៅថា របាំង​ភូតគាម​អនាម័យ​ដែល​វា​មាន​សារៈសំខាន់​ណាស់។ សំខាន់​គេ​មិន​ឱ្យមាន​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​លើស​កម្រិត​កំណត់។ ទី2សំដៅ​ទៅលើ​ថា មិនឱ្យ​ចម្លង​នូវ​សមាសធាតុ​ឆ្លង​ទូទៅ​ដែល​អាច​ចម្លង​នៅក្នុង​ផលិតផល”។

ឯកឧត្តម​បញ្ជាក់ថា ការលើកឡើង​នេះ​មិនមែន​មានន័យថា កម្ពុ​ជាមាន​អ្វី​អាក្រក់​ជាងគេ​នោះទេ តែ​ជាការ​ទទួលស្គាល់​ភូតគាម​អនាម័យ​អន្តរជាតិ។ មានន័យថា យើង​ក៏​ទប់ស្កាត់​សមាសភាព​មេរោគ​ចង្រៃ​មិនឱ្យ​ចូលមក​កម្ពុជា​ដែរ ដូច្នេះ​បំណង​សំខាន់​នៃ​ពិធីសារ​នេះ គឺ​ការពារ​សុខភាព​អ្នក​ហូបចុក​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា ដែល​ត្រូវតែ​ពិនិត្យមើលធ្វើ​ម៉េច​កុំឱ្យ​មានការ​ចម្លង ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ក៏​អាច​ការពារ​បាន​នូវ​ភូតគាម​អនាម័យ​ដែល​អាច​ចម្លង​ដល់​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​ផងដែរ។ អ្នក​ដាំ​ដំណាំ​ចេក និង​អ្នក​នាំចេញ​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ដ៏​តឹងរ៉ឹង សម្រាប់​ស្តង់ដារ​អនាម័យ និង​ជីវសាស្ត្រ​ដែល​ត្រូវការ​នៅក្នុង​ប្រទេស​ចិន ព្រោះ​គេ​បាន​អនុវត្ត​សម្រាប់​ប្រជាជន​គេ បាន​យ៉ាង​ល្អ​ហើយ។

ចេកអំបូង​ពណ៌​លឿង

ឯកឧត្តម ហ៊ាន វណ្ណ​ហន ក៏បាន​ប្រាប់​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ដែរ​ថា ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ​នេះ កសិករ​ក្នុងស្រុក និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ដែល​ចាប់អារម្មណ៍​នឹង​ទីផ្សារប្រទេស​ចិន​នេះ នឹងត្រូវ​រូតរះ​ទាក់ទង​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម ដើម្បី​ធ្វើការ​ចុះបញ្ជី​ទ​ទូល​ស្គាល់​ចម្ការកន្លែង​វេច​ខ្ចប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការនាំចេញ និង​ចាំបាច់​ត្រូវគោរព​គោលការណ៍​ណែនាំ និង​នីតិវិធី​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​ចេក​ដែល​នាំចេញ​មាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ពិធីសារ​នេះក៏ដូចជា​ដើម្បី​និរន្តរភាព​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ផងដែរ។

កសិករ​ក្នុងស្រុក ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ត្រូវមាន​ភាព​វៃឆ្លាត​ក្នុងការ​បង្កើត​ផលិតផល​របស់ខ្លួន​ដើម្បី​ការប្រកួតប្រជែង​ទីផ្សារ​នាំចេញ​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ទិន្នន័យ​ដែល​អាច​ទទួលយកបាន​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​ប្រទេសជាតិ​ផងដែរ។

ឯកឧត្តម​ក៏បាន​ឱ្យដឹងទៀតថា ចេកអំបូង​ជា​ផ្លូវការ ធ្លាប់​ត្រូវបាន​នាំ​ចេញពី​កម្ពុជា​ចំនួន 100តោន(5ទូ​កុងតឺន័រ​ត្រជាក់ 40ហ្វី​ត) ជា​ផ្លែ​ចេកអំបូង​លឿង(ពូជ​នាំចូល)ដែល​ដាំ​នៅ​ចម្ការ​ក្នុង​ខេត្តរតនគិរី របស់​ក្រុមហ៊ុន ហុង​អា​ញ់​អណ្តូង​មាស ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផ្ទៃដី​ចំនួន 10,000ហិកតា​សម្រាប់​ផលិត​ផ្លែឈើ​នាំចេញ ចំណែក​ចម្ការចេក​ដែលមាន​ចំនួន1,000ហិកតា កំពុងតែ​ប្រមូល​ផល និង​នាំចេញបណ្តើរៗ។ ចេកអំបូង​លឿង​នេះ អាច​រក្សាទុក​បាន​រយៈ​ពេល​យូរ​រហូតដល់​ទៅ 3ខែ បន្ទាប់ពី​ប្រមូល​ផល​បាន និង​រក្សាទុក​នៅក្នុង​បន្ទប់​ត្រជាក់​សម្រាប់​ការនាំចេញ។

សូមបញ្ជាក់ថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ2017 មាន​អង្ករចំនួន​ជិត 200ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម និង​ម្សៅ​សរុប​ចំនួន​ជាង 58ពាន់​តោន កៅស៊ូ​ចំនួន 3,340តោន ស្ករអំពៅ​ចំនួន 14,940តោន និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *