យោងតាមទិន្នន័យថ្មីរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឱ្យដឹងថា ចាប់ពីខែមករា មកដល់ត្រឹមខែមិថុនា ឆ្នាំ2018 កម្ពុជាបានធ្វើការនាំចេញនូវទំនិញជាច្រើនប្រភេទទៅកាន់ប្រទេសជប៉ុនក្នុងរង្វង់ទឹកប្រាក់ប្រមាណ 705លានដុល្លារ ខណៈជប៉ុនក៏បាននាំចេញទំនិញចូលមកកាន់កម្ពុជាវិញ គិតជាទឹកប្រាក់ប្រមាណ 191លានដុល្លារ។
តាមទិន្នន័យថ្មីនេះបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនក្នុងរង្វង់ទឹកប្រាក់ប្រមាណ 705លានដុល្លារ គឺមានកំណើន 19% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017 កន្លងទៅ។ ចំណែកការនាំចេញទំនិញរបស់ជប៉ុនចូលមកកម្ពុជា មានការកើនឡើង 9.5% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គ្រាន់តែនៅក្នុងខែមិថុនា ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើងច្រើនជាង 20% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលបានកើនឡើង30%។ នៅក្នុងអំឡុងខែនោះការនាំចេញមានតម្លៃ 81លានដុល្លារ ខណៈការនាំចូលមាន 39លានដុល្លារ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុនភាគច្រើននាំចេញគ្រឿងម៉ាស៊ីនរថយន្ត និងគ្រឿងអេឡិចត្រូនិកចូលមកកម្ពុជា និងទំនិញផ្សេងទៀត ដូចជាចំណីអាហារ ដែក ថ្នាំពេទ្យ និងផលិតផល និងវត្ថុធាតុដើមសម្រាប់ដំណើរការក្នុងរោងចក្រ-ល- ឯទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុនភាគច្រើន គឺផលិតផលកាត់ដេរ កាបូប ស្បែកជើង និងគ្រឿងផ្គុំផលិតផលអេឡិចត្រូនិក ព្រមទាំងគ្រឿងអគ្គិសនី ជាដើម។
យោងតាមធនាគារជាតិនៃកម្ពុជា អ្នកទទួលទិញផលិតផលពីកម្ពុជាច្រើនជាងគេ គឺសហរដ្ឋអាមេរិក មាន 21% បន្ទាប់មកប្រទេសអង់គ្លេស និងអាល្លឺម៉ង់ដែលរួមគ្នាមានចំនួន 17.8% នៃការនាំចេញសរុប ឯជប៉ុនមាន 7.5 ភាគរយ។
កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទិញទំនិញភាគច្រើនពីប្រទេសចិនមានចំនួន 41.7% ពីថៃ16.5 % ពីវៀតណាម 11.7%លើការនាំចូលសរុបរបស់ប្រទេស។ ទន្ទឹមនឹងនេះដែរ ការនាំចូលពីប្រទេសជប៉ុនមានចំនួនសរុប 4.2% នៃការនាំចូលទាំងអស់។
គួររំឭកផងដែរថា ពេញមួយឆ្នាំ2017 កន្លងទៅ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា បានកើនឡើងដល់ 1.6ពាន់លានដុល្លារលើការវិនិយោគចំនួន 130គម្រោង។ ទន្ទឹមគ្នានេះ បើតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 បានបង្ហាញថា ការបន្តកើនឡើងនៃទំហំទុនវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា គឺបានមកពីវិស័យសំខាន់ៗដូចជា ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕