នៅក្នុងសង្គមដែលមានការរីកចម្រើនលើកិច្ចគាំពារប្រជាជន កុមារ និងជនងាយរងគ្រោះល្អ សេវាសង្គមកិច្ចគឺជាវិស័យដ៏សំខាន់មួយដែលត្រូវបានគេយកចិត្តទុកដាក់ខ្ពស់។ នៅកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបាន និងកំពុងប្រតិបត្តិការទៅតាមតួនាទីរៀងៗខ្លួនដើម្បីបម្រើសេវាសង្គមកិច្ចនៅគ្រប់តំបន់។
នៅក្នុងនោះ អង្គការ Plan អន្តរជាតិនៅកម្ពុជាបានបង្ហាញពីមូលហេតុសំខាន់ៗជាច្រើនដែលចាំបាច់ត្រូវមានការអ្នកផ្តល់សេវាសង្គមកិច្ចសម្រាប់សហគមន៍នីមួយៗនៅកម្ពុជា។ អង្គការដែលធ្វើការលើផ្នែកអប់រំនេះបានលើកឡើងថា ទិន្នន័យចុងក្រោយបំផុត បានឱ្យដឹងថា កុមារនៅតែទទួលរងអំពើហិង្សាពីមនុស្សជុំវិញខ្លួន រួមមានមិត្តភ័ក្តិ ឪពុកម្តាយ សាច់ញាតិ និងសមាជិកសហគមន៍ផ្សេង។ អំពើហិង្សានេះប៉ះពាល់ដល់ការអភិវឌ្ឍ និងការចូលរួមរបស់កុមារយ៉ាងខ្លាំង។
ហេតុនេះសហគមន៍នីមួយៗត្រូវមានអ្នកផ្តល់សេវាសង្គមកិច្ច ដែលជាអ្នកស្ម័គ្រចិត្តធ្វើការផ្តល់ការប្រឹក្សាយោបល់ផ្នែកសង្គម និងចិត្តសាស្ត្រដើម្បីជួយដល់កុមាររងគ្រោះក្នុងសហគមន៍។ តាមបទពិសោធនៃអង្គការ Plan បានបង្ហាញថា ឃុំដែលមានអ្នកផ្តល់សេវាសង្គមកិច្ច ធ្វើឱ្យកុមារទទួលរងការរំលោភបំពានធ្ងន់ធ្ងរ មានការចូលរួមក្នុងសហគមន៍ឡើងវិញ៕