ជាមោទនភាពមួយសម្រាប់អ្នកសិល្បៈកម្ពុជា ជាពិសេសអ្នកស្ថិតនៅក្នុងចង្កោមតន្ដ្រីករ ខណៈដែលមានអ្នកតំណាងប្រទេស គឺលោក សូ ស្រណោះ ដែលស្គាល់ថាជាបណ្ឌិតខាងផ្នែកព្យាណូចប់មកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ជប៉ុនជ្រើសយករូបលោកឱ្យធ្វើគណៈកម្មការចម្រុះដែលមកពី6ប្រទេសចូលរួមផ្តល់ពិន្ទុ និងវាយតម្លៃនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបង្ហាញទេពកោសល្យខាងព្យាណូ ដែលកំពុងធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ។
បណ្ឌិតតន្ត្រីករខាងផ្នែកព្យាណូ លោក សូ ស្រណោះ បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី21 ខែកក្កដា កន្លងទៅ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញនាទីជាគណៈកម្មការផ្តល់ពិន្ទុ និងវាយតម្លៃលើបេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការទេពកោសល្យព្យាណូដ៏ធំប្រចាំឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្ជាប់ជាមួយនឹងវគ្គចុងក្រោយដ៏សំខាន់ ក្រោមការរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធប្រចាំប្រទេសថៃ រួមជាមួយគណៈកម្មការរបស់ប្រទេសជប៉ុន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ លោក សូ ស្រណោះ បានបញ្ជាក់ថា ដំណើរទៅក្រៅប្រទេសលើកនេះ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណៈកម្មការអន្តរជាតិ ជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុក្នុងការប្រកួតព្យាណូនៅក្រៅប្រទេសចំនួន4លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន3ខែមកហើយ ដោយលោកទើបតែត្រូវបានគណៈកម្មការជប៉ុនជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ លោកថា កាតព្វកិច្ចលើកនេះ គឺតំណាងឱ្យកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណៈកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និងថៃផ្សេងទៀត ដើម្បីជ្រើសរើសអ្នកពូកែផ្នែកព្យាណូម្នាក់ ឱ្យក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណ:ដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះជាបេក្ខជន។ លោក សូ ស្រណោះ បានបញ្ជាក់ថា លោកនឹងស្នើឱ្យគណៈកម្មការរៀបចំចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ ក៏ស្នើឱ្យព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីឱ្យលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងឱ្យកម្ពុជា ចូលរួមប្រកួត និងបង្ហាញសមត្ថភាពផងដែរ។
គួររំឭកផងដែរថា លោក សូ ស្រណោះ កាលពីពេលកន្លងទៅធ្លាប់បានបង្ហាញឆន្ទៈ និងមហិច្ឆិតារបស់ខ្លួនក្នុងការនាំយកអ្នកមានទេពកោសល្យខាងផ្នែកព្យាណូតំណាងកម្ពុជា ចូលរួមបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្ន លោកក៏បានបង្កើតជាសាលាបង្រៀនតូរ្យតន្រ្តីនៅម្ដុំបឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញអ្នកជំនាញមកពីបរទេសជាច្រើនដែលក្នុងនោះភាគច្រើនសុទ្ធតែមានកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតតន្ត្រីផងដែរ៕