ក្នុងការលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន រៀបចំសិក្ខាសាលាស្តីពី «ការចាប់ផ្តើមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងនេះនឹងដាក់ឱ្យកសិករនៅតាមតំបន់មួយចំនួនចាប់អនុវត្តជាប្រព័ន្ធ ដូចជាការធ្វើរបរកសិកម្ម ការចិញ្ចឹមសត្វ និងការផលិតសូត្រជាដើម។ ឯកឧត្តមមានប្រសាសន៍ដូច្នេះថា «បច្ចុប្បន្នយើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ធ្វើរបរកសិកម្មជាលក្ខណៈគ្រួសារ ដោយគាត់គ្រាន់តែដាក់លក់តាមកញ្ច្រែងល្អី ដឹកតាមរ៉ឺម៉ក ឬម៉ូតូជាដើម ប៉ុន្តែគម្រោងខាងលើនេះយើងអនុវត្តជាប្រព័ន្ធ ដោយកសិករត្រូវចងក្រងគ្នាជាក្រុមក្នុងការប្រកបរបរអ្វីមួយ ដែលមានដូចជាសហគមន៍ដាំបន្លែ សហគមចិញ្ចឹមមាន់ និងតម្បាញសូត្រជាដើម ហើយយើងត្រូវរកទីផ្សារជូនពួកគាត់ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស និងផ្តល់កម្ចីថវិកាជាដើម»។
គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)នេះ ចាប់ផ្តើមអនុវត្តផ្អែកតាមកិច្ចព្រមព្រៀង ហិរញ្ញប្បទានចុះហត្ថលខាដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍកសិកម្មកាលពីខែកុម្ភៈ ឆ្នាំ2017។ គម្រោងនេះមានរយៈពេល 6ឆ្នាំ ដែលមានទឹកប្រាក់សរុប 61លានដុល្លារសហរដ្ឋអាមេរិក រួមបញ្ចូលអ្នកទទួលផលក្នុងស្រុក និងការចែករំលែកពីវិស័យឯកជន 16 លានដុល្លារអាមេរិកទៀត។
តាមរយៈសិក្ខាសាលាខាងលើ សិក្ខាកាមដែលចូលរួមនឹងសិក្សាពីកាលានុវត្តភាព សម្រាប់ធ្វើកិច្ចសហការជាមួយគម្រោង AIMS។ លើសពីនេះ បុគ្គលិករបស់ភ្នាក់ងារអនុវត្តន៍គម្រោង AIMS នឹងពង្រឹងយន្តការ និងការយល់ដឹងរបស់ខ្លួនលើគោលការណ៍សំខាន់ៗជាមួយលទ្ធផលរំពឹងទុកក៏ដូចជាយល់ច្បាស់ពីផែនការសម្រាប់ដំណាក់កាល 18 ខែដំបូងនៃការអនុវត្តគម្រោង AIMS នេះ៕