ហ្វីលីពីន បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា ខ្លួននឹងនៅតែបញ្ជូនក្រុមកីឡាបាល់បោះផ្នែកបុរសឱ្យទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ក្នុងប្រទេសឥណ្ឌូនេស៊ីដដែល ក្រោយពីបានប្រកាសដកខ្លួនបន្ទាប់ពីជម្លោះនៅលើទីលានប្រកួតជាមួយនឹងក្រុមកីឡាករអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup កាលពីដើមខែកក្កដាកន្លងទៅ។
ក្រុមកីឡាបាល់បោះរបស់ហ្វីលីពីន បានប្រកាសពីការដកខ្លួនចេញពីយុទ្ធនាការកីឡាបាល់បោះ កាលពីថ្ងៃទី27 ខែកក្កដា ដោយសារតែអង្គភាពគ្រប់គ្រងកីឡាបាល់បោះអន្តរជាតិហៅកាត់ថា FIBA បានដាក់ពិន័យព្យួរកីឡាករ 10នាក់ និងគ្រូបង្វឹក 2នាក់របស់ពួកគេ ជុំវិញការផ្ទុះជម្លោះវាយតប់គ្នាមួយកាលពីថ្ងៃទី២ ខែកក្កដា ដោយកីឡាករ និងអ្នកគាំទ្របានវាយទាត់ធាក់គ្នានៅលើទីលានប្រកួត។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជំនួយការពិសេសម្នាក់របស់លោកប្រធានាធិបតី Rodrigo Duterte បានប្រកាសកាលពីថ្ងៃអាទិត្យថា សហព័ន្ធជាតិ និងក្របខ័ណ្ឌលីកកីឡាបាល់បោះអាជីពរបស់ប្រទេសនេះ បានយល់ព្រមបញ្ជូនក្រុមមួយ ខណៈដែលការសម្រេចចិត្តនេះ ត្រូវបានអះអាងដោយអ្នកចាត់ការទូទៅរបស់ក្រុមបាល់បោះហ្វីលីពីន។
លោក Christopher Go ដែលជាជំនួយការពិសេស បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការចូលរួមក្រុមរបស់ក្រុមហ្វីលីពីនថា៖ «យើងមិនមានកាតព្វកិច្ចអ្វីដែលត្រូវតែឈ្នះឡើយ តែយើងមានកាតព្វកិច្ចក្នុងការរក្សាការព្យាយាម និងធ្វើឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃ។ នេះគឺជាមោទនភាពរបស់ហ្វីលីពីន។ គ្មានអ្វីដែលបង្រួបបង្រួមសង្គមហ្វីលីពីន ល្អប្រសើរជាងនៅលើទីលានកីឡាបាល់បោះឡើយ»៕
ប្រភពពី៖ Channel News Asia