ក្រុម Manchester City ហាក់បានបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់ខ្លួនក្នុងការការពារពានក្របខ័ណ្ឌ Premier League ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក្រោយពីពួកគេបានផ្តួលក្រុម Chelsea ដែលជាម្ចាស់ជើងឯក FA Cup ក្នុងលទ្ធផល 2-០ កាលពីថ្ងៃអាទិត្យ តាមរយៈគ្រាប់បាល់ទាំង 2គ្រាប់របស់ខ្សែប្រយុទ្ធ Sergio Aguero។
នៅថ្ងៃនៃការភ្លក្សរសជាតិជាលើកទី1 ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Chelsea លោក Maurizio Sarri ដែលត្រូវបានតែងតាំងជំនួសកន្លែងរបស់លោក Antonio Conte សម្រាប់រដូវក្តៅនេះ ក្រុម Chelsea បានធ្លាក់ក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រុម Man City ដែលជាម្ចាស់ការពារតំណែងជើងឯក Premier League។
ក្រោយពីបានលើកពានកាលពីរដូវកាលមុនជាមួយនឹងពិន្ទុដ៏ខ្ពស់ជាងកំណត់ត្រា ក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករ Aguero ដែលបានពង្រឹងការគ្រប់គ្រងរបស់ក្រុម Man City ជាមួយនឹងគ្រាប់បាល់ទី2 ក្រោយពីសម្រាកតង់ទី1។
ទាក់ទងនឹងការវិលទៅរកភាពខ្លាំងភ្លាមៗរបស់ក្រុមលោកបន្ទាប់ពី World Cup លោក Guardiola បានឱ្យដឹងថា៖ «វាមិនមែនជារឿងងាយឡើយសម្រាប់យើងទាំងអស់គ្នា វាមានភាពស្មុគស្មាញ ប៉ុន្តែក្រោយពីសម្រាកពីការលេង ពួកគេបានបង្ហាញពីការប្រជែងដ៏ស្វិតស្វាញ។ ខ្ញុំពិតជាគោរពពួកគេ»។
ទោះបីជាយ៉ាងណា ក្រុមចុងក្រោយគេដែលបានឈ្នះពាន Community Shield ហើយបន្តធ្វើដំណើរទៅលើកពាន Premier League គឺក្រុម Manchester United ក្នុងរដូវកាលឆ្នាំ2010-2011៕
ប្រភពពី៖ Sky Sports