Skip to content

អាជីវកម្ម​មិនមែន​ចេះតែ​បើក​តាម​នឹកឃើញ​នោះទេ មិន​ដូច្នោះ​ទេ​អ្នកនឹង​ទឹកភ្នែក​មិន​ខាន

មុន​ចាប់ផ្តើម​រកស៊ី​ចំណុច​សំខាន់បំផុត​ដែល​ត្រូវមាន គឺ​គំនិត​អាជីវកម្ម ហើយ​វា​គឺជា​ចំណុច​សំខាន់បំផុត​ព្រោះ​ដំណាក់កាល​ចាប់ផ្តើម​នេះ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ និង​ហេតុផល​ច្បាស់លាស់​ដើម្បី​រកស៊ី ដោយ​ដាក់ចិត្ត ដាក់​កាយ បញ្ចេញ​អស់​នូវ​កម្លាំង​ថាមពល និង​ជាពិសេស​ថវិកា​ដើម្បី​ធ្វើ​វា​ឱ្យ​ជោគជ័យ។

លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន Anussa Event plainer បាន​លើកឡើងថា ជំនួញ​មិន​ខុសពី​ជំនាញ​នោះទេ គឺ​ចាំបាច់​ត្រូវការ​ការត្រៀមខ្លួន​ឱ្យបាន​ល្អ រៀនសូត្រ​ឱ្យបាន​ច្បាស់លាស់ និង​រៀបចំ​ឱ្យ​ហ្មត់ចត់ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ខកចិត្ត។ មាន​អ្នកខ្លះ​ឃើញ​គេ​ជោគជ័យ ហើយ​ចេះតែ​នឹក​គិតថា​គំនិត​របស់ខ្លួន​អាច​ដើរ​បាន ឬ​អាច​កើតជា​លុយ​បាន ក៏​ខ្ចីលុយ​ឪពុកម្តាយ លក់​ផ្ទះ លក់​ឡាន ដើម្បី​ធ្វើ​ជំនួញ បន្ទាប់មក​កន្លះ​ឆ្នាំក្រោយ មាន​បញ្ហា​បែកបាក់​គ្រួសារ ព្រោះ​អ្វីដែល​គាត់​គិត មិន​ដូច​អ្វីដែល​ចេញ​មកជា​លទ្ធផល​ជាក់ស្តែង​នោះទេ។ ហេតុនេះ​មុននឹង​ធ្វើ​ជំនួញ​ត្រូវ​គិត​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​ថា តើ​យើង​រួចរាល់​ហើយ​ឬ​នៅ​សម្រាប់​ការធ្វើ​ជំនួញ? បើ​មិនទាន់​រួចរាល់​ទេ​សូម​សន្សំ​សិន​ទៅ។ សន្សំ​កន្លែង​នេះ​គឺ​ត្រូវ​សន្សំ​ធនធាន សន្សំ​កម្លាំង សន្សំ​បទពិសោធ និង​សន្សំ​ទំនាក់ទំនង ដើម្បី​ចេញ​ប្រឡូក​ក្នុង​ការរកស៊ី​ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់ និង​ការប្រកួតប្រជែង។

លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន Anussa Event plainer

លោក សេង ពិសិដ្ឋ បាន​និយាយថា៖ “ជំនួញមិនមែន​សម្រាប់​គ្រប់គ្នា​ទេ តែ​ជំនួញ​គឺ​សម្រាប់​មនុស្ស​ពូកែ តែ​សហគ្រិនភាព​អាច​ប្រើប្រាស់​សម្រាប់​គ្រប់គ្នា​បាន”។

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅ​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ អ្នក​ដែល​អាច​ទទួលជោគជ័យ​បាន​ទាល់តែ​ជា​អ្នកខ្លាំង និង​ពូកែ ដែលមាន​សមត្ថភាព​ក្នុង​ការធ្វើការងារលំបាកៗតស៊ូ ហើយ​ស្វិតស្វាញ​ខ្លាំង​ជាមួយនឹង​អ្វីដែល​ខ្លួន​ធ្វើ។ ហេតុនេះ​ជា​អ្នកជំនួញ​ចាំបាច់​ត្រូវតែ​ហ្មត់ចត់ហើយ​ខ្លាំង​អាច​ប្រឈមមុខ​ជាមួយនឹង​រឿងលំបាកៗជាច្រើន​នៅក្នុង​ពិភព​អាជីវកម្ម​ជាក់ស្តែង​មិនមែន​គ្រាន់តែ​គិត​នោះទេ តែ​ជា​អ្នកធ្វើ​សកម្មភាព​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង។ ជា​អ្នករកស៊ី​កុំ​គិតថា​គេ​ស្រួល ហើយ​កុំ​គិតថា​ធ្វើ​វា​ទាន់​មានឱកាសព្រោះ​គ្មានទេ​ឱកាសស្រាប់ៗសម្រាប់​អ្នករកស៊ី តែបើ​គេ​ជា​អ្នករកស៊ី​ពិតប្រាកដ​គេ​នឹង​ក្លាយជា​អ្នកបង្កើតឱកាស។ ពេលខ្លះ​យើង​គិតថា គំនិត​របស់​យើង​អាច​រកស៊ី​បាន ហើយ​អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន តែ​ពេល​អនុវត្ត​ជាក់ស្តែង​ទើប​យើង​ដឹងថា ការរកស៊ី​ទូលំទូលាយ​ខ្លាំងណាស់ ព្រោះ​មាន​ហេតុផល 100ផ្សេងគ្នា​ដែល​ធ្វើឱ្យ​យើង​បរាជ័យ តែមាន​ហេតុផល​ត្រឹមតែ2 ឬ3ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​យើង​ជោគជ័យ ហេតុនេះ​កុំ​ជ្រួលជ្រើម​ដោយ​គ្មាន​មូលដ្ឋាន។

ចំណុច​ល្អ​សម្រាប់​អ្នក​ទូទៅ​ដែល​មិនទាន់​ចេញ​រកស៊ី គឺអាច​កសាង​សហគ្រិនភាព​ដើម្បី​ធ្វើខ្លួន​ឱ្យ​ក្លាយជា​បុគ្គល​សំខាន់​ក្នុង​ស្ថាប័ន និង​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្អ (personal branding) ពី​ឥឡូវឱ្យ​ហើយ ព្រោះ​ប្រសិនបើ​យើង​មានគំនិត​សហគ្រិនភាពយើង​នឹង​ព្យាយាម​ធ្វើ​រឿងល្អៗជាច្រើន​ដើម្បី​ជួយ​ស្ថាប័ន​រហូត​យើង​ក្លាយជា​មនុស្សដែលសមជាងគេ​ក្នុង​ការដំឡើង​ប្រាក់ខែ ឬ​តួនាទី ហើយយើង​ក៏​ជាម​នុស្សដែល​មិន​បំផើម​ក្រុមហ៊ុន​គេ​ចោល​នោះទេ។ មនុស្ស​ដែល​ចេះ​សាង​ឈ្មោះ​ល្អ ជា​អ្នកដែលមាន​ទំនាក់ទំនង​ល្អ មិនមែន​សប្បាយ​ដូច​យុវជនយើងមួយចំនួនដែល​កំពុង​សប្បាយ​ចេញពី​មួយកន្លែង​ទៅមួយ​កន្លែង​ដោយហេតុ​ផល​គ្រាន់តែ​ប្រាក់ខែ​ខុសគ្នា​បន្តិចបន្តួច ឬ​មិន​ពេញ​ចិត្តនឹង​កន្លែង​ ដែល​ធ្លាប់​ធ្វើការនោះទេ តែ​គេ​ភាគច្រើន​ជាអ្នកដែល​បាន​បង្កើត​សមិទ្ធផល​ល្អ និង​រៀនសូត្រ​យ៉ាង​ល្អិតល្អន់ ស្របពេល​ដែល​គេ​កសាង​ទំនាក់ទំនង​ល្អ​សម្រាប់​ការធ្វើ​អាជីវកម្ម​ជាក់ស្តែង។ ពេលនោះ​យើង​នឹង​លែង​គិតថា ការរកស៊ី​មិនមែន​ត្រង់ភ្លឹង​ដែល​គ្រាន់តែ​គិត​ហើយ​ធ្វើ ក៏​ជោគជ័យ​នោះទេ តែ​វា​ពោរពេញ​ដោយ​ភាពបត់បែន​ខ្ពស់បំផុត។

លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​របស់​ក្រុមហ៊ុន Re-Edge Architecture & Design ការធ្វើ​អាជីវកម្ម គឺ​ចាំបាច់​ត្រូវតែ​ធ្វើ មាន​ហេតុផល​ច្បាស់លាស់ ហើយ​ប្រភេទ​អាជីវកម្ម​នោះ​ត្រូវតែ​ជា​អ្វីដែល​មានន័យ​សម្រាប់​ជីវិត​យើង និង​ស្របទៅតាម​ជំនាញ​ដែល​យើង​មាន។ លោក​បានបញ្ជាក់​ផងដែរ​ថា ដោយសារតែ​ឪពុកម្តាយ​លោក​ជា​អ្នកមាន​ធនធាន លោក​ក៏បាន​ទៅ​សិក្សា​នៅ​បរទេស​ដោយ​ចំណាយធនធាន​ផ្ទាល់ខ្លួន ហើយ​ក្រោយ​បញ្ចប់​ការសិក្សា តាមពិតទៅ​លោក​អាចធ្វើ​ការងារនៅ​បរទេស​បាន តែដោយសារ​តែ​លោក​គិតថា អាជីព​ជា​ស្ថាបត្យករ គឺមាន​លក្ខណៈ​ផ្ទាល់ខ្លួន ប្រសិនបើ​លោក​ធ្វើ​បម្រើ​ការងារ​នៅ​បរទេស លោក​គ្រាន់តែ​ជា​អ្នកជំនាញ​ធ្វើការ​ឱ្យគេ​តែប៉ុណ្ណោះ ហេតុនេះ​លោក​ក៏​បានមក​កម្ពុជា​វិញ​ដើម្បី​ធ្វើជា​សាស្ត្រាចារ្យ មុនពេល​ប្រឡូក​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន។

លោក ហ៊ុន ចាន់​សាន នា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture & Design

លោក ហ៊ុន ចាន់​សាន បាន​និយាយថា៖ “ខ្ញុំ​ជឿថាអ្នក​ទាំងអស់គ្នា​ប្រហែល​បានឃើញ​ភាពជោគជ័យ​របស់ខ្ញុំ បានឃើញ​នូវ​អ្វីដែល​ខ្ញុំ​បានទទួល ហើយ​ប្រហែលជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បានជា​ខ្ញុំ​ធ្វើបាន?។ តែ​អ្នក​ទាំងអស់គ្នា​អាច​ភ្លេច​ពី​ឧបសគ្គ​ដែល​ខ្ញុំ​បាន​ជួប​យ៉ាងច្រើន”។

លោក ចាន់​សាន បានលើកឡើង​ផងដែរ​ថា បើ​និយាយ​ពី​អាជីវកម្ម​របស់លោក គឺ​បែង​ចែកចេញជា 2ដំណាក់កាល។ ដំណាក់កាល​ដំបូង គឺជា​ដំណាក់-​កាលដែល​ធ្វើ​អាជីវកម្ម​ជាមួយនឹង​ម្ចាស់​ភាគហ៊ុន​ដទៃទៀត និង​ដំណាក់កាល​ទី2 គឺ​ដំណាក់កាល​ដែលមាន​សេរីភាព​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​ដោយ​ខ្លួនឯង។ ដំបូង​ឡើយ​ក្រុមហ៊ុន​របស់លោក​មាន​ម្ចាស់​ហ៊ុនធំៗចំនួន 3នាក់​ដោយ​ក្នុងនោះ​លោក​ជា​ស្ថាបត្យករ ម្នាក់ទៀត​ជា​វិស្វករ និង​ម្នាក់ទៀត​ជា​អ្នក​ដែលមាន​ជំនាញ​រកស៊ី។ តែ​ក្រោយមក​ដោយសារតែ​មានប​ញ្ហា​មួយចំនួន​ដែលជា​បញ្ហា​ផ្ទៃក្នុង ដែលមាន​ភាពយឺតយ៉ាវ​ក្នុងការ​សម្រេច​ការងារ​នានា​មុននឹង​យក​ផលិតផល​ឱ្យ​អតិថិជន និង​បញ្ហា​ផ្សេងទៀត​ដែល​អ្នកជំនាញ​ខាង​រកស៊ី​មិនសូវ​ឱ្យ​តម្លៃ​ខាង​ស្ថាបត្យកម្ម គឺ​គេ​គិតតែ​ពី​ការ​រកលុយ​ឱ្យបាន​ច្រើនស្របពេល​ដែល​លោក​គិតពី​ការ​ផ្តោតលើ​មោទនភាព​នៃ​អាជីព ក៏​ធ្វើឱ្យ​មានការ​ប្រេះឆា។ ម្យ៉ាងវិញទៀត ដៃគូ​អាជីវកម្ម​គេ​នៅពេលដែល​រកស៊ីយូរៗទៅ​ក៏មាន​គំនិត​ចង់​ធ្វើ​អ្វី​ផ្សេង និង​ស្រប​ពេលដែល​មានការ​លូកដៃ​ពី​ឪពុកម្តាយ​របស់គាត់​ក៏​ធ្វើឱ្យមាន​បញ្ហា​កើតឡើង រហូតដល់​ទ្រាំ​រយៈពេល 4ឆ្នាំ​ជាមួយគ្នា មុននឹង​សម្រេចចិត្ត​បែក​គ្នា។

បណ្តុំហាងលក់ទំនិញមួយកន្លែងក្នុងរាជធានីភ្នំពេញ

ក្នុង​កាលៈទេសៈ​នោះ ដោយសារតែ​លោក​ជា​អ្នក​ស្រឡាញ់​អាជីវកម្ម​ស្ថាបត្យកម្ម​នេះ​ខ្លាំង ហើយ​ឈ្មោះ​ដែល​ដាក់​នោះ​មានន័យ​ខ្លាំង​សម្រាប់​ជីវិត​លោកត្រូវ​ទទួលបន្ទុក​ទិញ​ហ៊ុន​ពី​ដៃគូ​ក្នុង​រយៈពេល​ខ្លី។ ដំណាក់​កាលនោះ គឺជា​ដំណាក់កាល​លំបាក​មួយ ហើយ​អ្វីដែល​កាន់តែ​ប្រឈម​ទៅទៀត​នោះ គឺ​លោក​ត្រូវ​លូកដៃ​ទៅក្នុង​រឿង​ជាច្រើន​ទៀត​ដូចជា​ត្រូវ​ទៅគ្រប់​គ្រង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ក្រុមហ៊ុន ផ្នែក​ទីផ្សារ ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​រដ្ឋបាល និង​ផ្នែកផ្សេងៗទៀត​របស់​ក្រុមហ៊ុន​បន្ថែម​ពីលើ​ផ្នែកស្ថាបត្យកម្ម​ដែល​លោក​មាន​ជំនាញ។ នៅពេលនោះ​មានកំហុសជាច្រើន​បានកើត​ឡើង​នៅក្នុងដំណើរការ​ក្រុមហ៊ុន តែ​លោក​នៅតែ​មានគំនិត​មួយ​ថា បើ​គេ​គិតថា​គាត់​មិនអាច​ធ្វើបាន លោកនឹងត្រូវ​បង្ហាញថា អាជីព​ជា​ស្ថាបត្យករ​ក៏​អាច​គ្រប់គ្រង​អាជីវកម្ម ឬ​ដើរតួ​ជា​អាជីវករ​បានដែរ។ ហេតុនេះ​បន្តិចម្តងៗ លោក​បានប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងនោះ​ដោយ​ទ្រាំ​សិក្សា​ពី​ផល​លំបាក​ទាំងអស់នោះរហូត​ដំណើរការ​ក្រុមហ៊ុន​នោះ​ដោយមាន​តុល្យភាព៕

Leave a Reply

Your email address will not be published. Required fields are marked *