បើតាមគេហទំព័រកម្សាន្ដ Sanook របស់ប្រទេសថៃ បានចេញផ្សាយថា តារាឯកស្រី Pinky Savika ដែលប្រិយមិត្តទាំងអស់គ្នាស្គាល់នាងច្បាស់នៅក្នុងរឿង « ទាសករស្នេហ៍ » និងតារាស្រីជើងចាស់អ្នកនាង Tanyares Engtrakul និងស្វាមីនាងលោក Sanchai Engtrakul ត្រូវបានគេដឹងថា ធ្លាប់មានជម្លោះជាមួយគ្នា រហូតផ្ទុះព័ត៌មានយ៉ាងកក្រើកពេញប្រទេសថៃថែមទៀតផង ។
កន្លងមកធ្លាប់មានដំណឹងខ្សឹបខ្សៀវមកថា តារាស្រីជើងចាស់អ្នកនាង Tanyares បានជួបតារាស្រី Pinky Savika នូវទឹកប្រាក់ចំនួន 200 លានបាត ដើម្បីឈប់ទាក់ទង និងរញ៉េរញ៉ៃជាមួយអ្នកស្វាមីនាងទៀត។ តែយ៉ាងណាមិញ Pinky បានបដិសេធថា នាងពុំបានទទួលដឹងឮរឿងនេះឡើយ ហើយអាចចាត់ទុកបានថា ជាប្រមាថយ៉ាងខ្លាំង។
តែអ្វីដែលមិនគួរជឿនោះថា ពេលវេលាពិតជាអាចជួយឱ្យមនុស្សដែលធ្លាប់មិនត្រូវគ្នា ឱ្យមកនិយាយរកគ្នាវិញបានពិតមែន ។ ជាក់ស្តែងយើងក្រលេកមកមើល នាង Tanyares និង នាង Pinky Savika ទើបតែងាកមកត្រូវរូវគ្នាវិញ ប៉ុន្តែស្រលាញ់គ្នាខ្លាំងដូចជាបងប្អូនបង្កើតយ៉ាងចឹង ។ ប្រភពដដែលបន្ថែមទៀតថា ក្រោយពីងាកមកត្រូវរូវគ្នាវិញហើយ អ្នកទាំងពីរបានចូលរួមកម្មវិធីជាច្រើន រៀបគម្រោងដើរកំសាន្ត ព្រមទាំងបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ៕