តាមរយៈសារព័ត៌មានថៃ Tvpool ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាឯកស្រី បេឡា រ៉ានី ខេមពេន កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈរឿង « បុពេសន្និវាស » ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា និងធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់ការសម្ដែងរបស់នាងយ៉ាងជក់ចិត្តដិតអារម្មណ៍។ ខណៈបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាពេលកន្លងទៅថ្មីៗនោះ តារាឯកស្រីរូបនេះ បានទទួលព្រះរាជអនុញ្ញាតិ និងសព្វព្រះហឫទ័យឱ្យចូលក្រាបបង្គំគាល់ សម្តេចព្រះមហាវិរៈក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវិរៈរាជមាតាជាតិ នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំងកម្ពុជា។
ក្រោយការបង្គំគាល់ ខណៈនេះតារាឯកស្រី បេឡា បាននិយាយរៀបរាប់ពីអារម្មណ៍ពិត ដែលបានទទួលមហាកត្តិយសក្នុងមួយជីវិតរបស់នាង ដែលមិនអាចកាត់ថ្លៃបានថា « នាងខ្ញុំមានអារម្មណ៍ថាជាកត្តិយសខ្លាំងបំផុត ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសឱ្យចូលបង្គំគាល់ ដែលអាចនិយាយបានថា ជាកត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែង និងជាម្លប់ជ្រកកោន ដែលមិនធ្លាប់គិតសោះថាទទួលបានឱកាសដ៏ថ្លៃថ្លានេះ។ អ្វីដែលជាក្ដីសប្បាយចិត្តខ្លាំងបំផុតនោះគឺ ទ្រង់បានព្រះរាជប្រទានព្រះរាជអំណោយផងដែរ មានទាំងក្រណាត់សូត្រ និងឌីវីឌីចម្រៀងនិងតន្ត្រីដែលទ្រង់បានសព្វព្រះហឫទ័យសម្ដែងផ្ទាល់ ទ្រង់មានព្រះទ័យមេត្តាករុណា»។
នាងបានបន្ដថា « ចំណែកឯអ្នកគាំទ្រកម្ពុជា ក៏បានទទួលស្វាគមន៍យ៉ាងមានភាពកក់ក្ដៅ ចាប់តាំងពីពេលទៅដល់ អ្នកគាំទ្រ មករង់ចាំទទួលនៅឯព្រលានយន្ដហោះ និងបានពញ្ញាក់អារម្មណ៍ខ្លាំងណាស់ ក្នុងការច្រៀងចម្រៀងបទ បុពេសន្និវាស យ៉ាងពិរោះទៀតផង។ តាំងពីទៅដល់ទៅនោះ មានទាំងផ្កាមកទទួល មានអាវ មានវត្ថុអនុសាវរីយ៍ជាច្រើន សម្ដែងពីទឹកចិត្តល្អខ្លាំងណាស់ ដែលនាងខ្ញុំទទួលបានពីអ្នកគាំទ្រកម្ពុជាម្ដងទៀត។ ដំណើរនៅពេលនោះ បេឡា បានទៅធ្វើការងារ ហើយការងារនោះ អ្នកគាំទ្រនៅតែទទួលរាក់ទាក់យ៉ាងកក់ក្ដៅថែមទៀត ទាំងអ្នកគាំទ្រកម្ពុជា និងជនជាតិថៃ ដែលអមដំណើរទៅជាមួយគ្នា យ៉ាងកក់ក្ដៅលើសគ្រាមុនខ្លាំង។
ដោយរឿងភាគបានដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាមួយរយៈពេលហើយ នោះគឺរឿង បុពេសន្និវាស ហើយអ្នកគាំទ្រទាំងអស់បានស្រែកច្រៀងចម្រៀងក្នុងរឿងខ្លាំង ហើយពួកគេបានចាំពីពាក្យពេចន៍នៅក្នុងរឿងភាគនេះយ៉ាងច្បាស់ ដែលធ្វើឱ្យនាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ក្នុងការស្វាគមន៍យ៉ាងមហិមាដល់ថ្នាក់នេះ រហូតធ្វើឱ្យនាងខ្ញុំ (បេឡា ) មានអារម្មណ៍កក់ក្ដៅ និងចង់ត្រឡប់ទៅត្រឡប់មកឱ្យបានញឹកញាប់។ ប្រសិនបើមានឱកាស បេឡា សន្យាថា និងមកកាន់កម្ពុជាម្ដងទៀតយ៉ាងពិតប្រាកដ »៕