គ្រប់អាណាព្យាបាលទាំងអស់ សុទ្ធតែខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីអនាគតរបស់កូនៗ ហើយគាត់ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីឱ្យកូនទទួលបានការអប់រំល្អ មានសុភមង្គល និងក្លាយជាមនុស្សខ្លាំងទៅថ្ងៃអនាគត។ តែជាទូទៅ ពួកគាត់គិតថា ការបញ្ជូនកូនឱ្យទៅរៀនជាវិធីគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ខណៈស្ថានភាពជាក់ស្តែងដែលនាំឱ្យក្មេងក្លាយជាមនុស្សខ្លាំងនោះក៏ត្រូវការចាំបាច់នូវបរិស្ថានក្នុងការរស់នៅល្អ ឬគ្រួសារមួយដែលមានសុភមង្គលផងដែរ ទើបពួកគេអាចអភិវឌ្ឍសក្តានុពលប្រកបដោយថាមពលវិជ្ជមានបាន។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ដើម្បីជំរុញឱ្យក្មេងក្លាយជាមនុស្សខ្លាំងបាន ពួកគេចាំបាច់ត្រូវទទួលបានការអប់រំល្អពីសាលាដែលមានប្រព័ន្ធអប់រំច្បាស់លាស់ និងរស់នៅក្នុងសង្គមគ្រួសារមួយដែលមានភាពកក់ក្តៅសម្រាប់ពួកគេ។ ហេតុនេះអាណាព្យាបាលចាំបាច់ត្រូវតែរក្សាឱ្យបាននូវតុល្យភាពជីវិត មានទាំងកម្រិតជីវភាពល្អ និងមានសុភមង្គលផ្ទាល់ខ្លួនផងដែរដើម្បីឱ្យកូនបានរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ ដែលអនុញ្ញាតឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រដោយមិនខ្វល់ខ្វាយច្រើនពីរឿងគ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើកូនរៀននៅសាលាល្អហើយ តែអាណាព្យាបាលតែងតែមានបញ្ហាក្នុងគ្រួសារ កូននោះក៏នឹងមិនអាចរៀនពូកែបានដែរ ហើយថែមទាំងអាចប៉ះពាល់អវិជ្ជមានសម្រាប់ការគិតរបស់ពួកគេថែមទៀតផង។
លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ “ក្នុងការរស់នៅរបស់មនុស្សយើងម្នាក់ៗ អ្នកណាក៏មានបញ្ហាដែរ ដូចជាបញ្ហាគ្រួសារ បញ្ហាការងារបញ្ហាអាជីវកម្ម ឬបញ្ហាផ្សេងៗទៀតដែលមិនអាចចៀសផុត។ តែស្របពេលជាមួយគ្នានេះ យើងក៏មានកាតព្វកិច្ចយ៉ាងសំខាន់មួយទៀត គឺដើរតួនាទីជាឪពុកម្តាយប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ហេតុនេះដើម្បីបំពេញតួនាទីយ៉ាងមានតម្លៃនេះបានល្អ អាណាព្យាបាលចាំបាច់ត្រូវតែសិក្សាឱ្យបានច្រើនដើម្បីអភិវឌ្ឍជីវិតរស់នៅឱ្យកាន់តែប្រសើរសម្រាប់ជាគំរូដល់កូន និងកសាងសុភមង្គលគ្រួសារទាំងមូល”។
លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបនឹងបញ្ហានេះ សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ដែលផ្តល់ឱកាសឱ្យអាណាព្យាបាលបានសិក្សាពីវិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ កសាងទំនុកចិត្តលើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសមិទ្ធផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈមមុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីនេះក៏នឹងផ្តល់ជូនឱ្យអាណាព្យាបាលនូវគំនិតសម្រាប់អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាអាជីវម្ម និងមុខរបររបស់អាណាព្យាបាលសិស្សតាមរយៈកម្មវិធីអប់រំមួយចំនួនដូចជា ទម្លាប់ 7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ កម្មវិធីអភិវឌ្ឍន៍អាជីពការងារ និងភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មជាដើម។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ក្នុងបវេសនកាលថ្មីខាងមុខនេះ គាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បីអភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់ទទួលបានការសិក្សាពីចំណេះជំនាញប្រកបដោយគុណភាពខ្ពស់។
អ្នកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថាអ្នកស្រីមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះអ្នកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើកូនៗផង។ អ្នកស្រីសង្កត់ធ្ងន់ថាពេលខ្លះ យើងម្នាក់ៗរវល់តែគិតរឿងរកស៊ី ភ្លេចគិតពីកូន ហើយពេលខ្លះគិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀតមានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែងប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះ អ្នកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។
អ្នកស្រី សូ សុភក្តិ បាននិយាយថា៖ “អាណាព្យាបាលមួយចំនួន រួមទាំងរូបខ្ញុំផង ពេលខ្លះពិតជាចង់ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែនិយាយត្រង់ខ្ញុំលំបាកស្វែងរកកន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗមានបន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ ខ្ញុំអាចរីករាយនឹងធ្វើការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងបានដែរ”។
អ្នកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើជីវភាពរស់នៅក្នុងគ្រួសារមានសុភមង្គល និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះ កូនៗក៏នឹងទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយដែលជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះគាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អដែលស្ថិតនៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង៕