ក្នុងរយៈពេល 6ខែ ដើមឆ្នាំ2018 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតគម្រោងសាងសង់ក្នុងតម្លៃប៉ាន់ស្មានជាង 2ពាន់ (2,153,211,118)លានដុល្លារលើចំនួន 1,643គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង 5លាន(5,352,422 )ម៉ែត្រការ៉េ។
របាយការណ៍ក្រសួងរៀបចំដែនដីបានបញ្ជាក់ឱ្យដឹងទៀតថា ទុនវិនិ-យោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន 8ប្រទេស ស្មើនឹង 21គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង 92ម៉ឺន(928,267)ម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង 394លាន (394,332 ,300)ដុល្លារ។
គម្រោងទាំងនេះបានផ្ដល់ការងារដល់អ្នកជំនាញកម្មករប្រមាណ18ម៉ឺននាក់ក្នុង1ថ្ងៃ នៅទូទាំងប្រទេស ហើយបើគិតជាប្រាក់ឈ្នួល គឺម្នាក់ៗទទួលបានប្រមាណពី 400ដុល្លារ ទៅ2,500ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ វិស័យសំណង់បានបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ25 ទៅ26ម៉ឺននាក់ក្នុង1ថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណ12 ទៅ13ម៉ឺននាក់ក្នុង1ថ្ងៃ។
ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានប្រាប់កាសែតឡារ៉ែនដោយបានព្យាករថា ការវិនិយោគលើវិស័យសំណង់នៅកម្ពុជានឹងកើនឡើងប្រមាណពី20 ទៅ30%ថែមទៀតនៅចុងឆ្នាំ2018 ខណៈនៅ 6ខែដើមឆ្នាំនេះ ទឹកប្រាក់វិនិយោគក្នុងវិស័យនេះ មានការកើនឡើងប្រមាណជា20% បើធៀបទៅនឹងឆ្នាំ2017។
ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមតួលេខក្រសួងជាគោល តួលេខដែលបានបង្ហាញដោយក្រសួង គឺជាតួលេខជាក់លាក់អាចយកទៅប្រើប្រាស់បាន ព្រោះតួលេខនោះបានចង្អុលបង្ហាញពីក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលបានចុះបញ្ចីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកំពុងមានសុពលភាពប្រតិបត្តិអាជីវកម្ម ក្នុងនោះមាន 324ក្រុមហ៊ុន ជាក្រុមហ៊ុនមកពីក្រៅប្រទេស ដូចជាចិន កូរ៉េ វៀតណាម ជប៉ុន និងថៃជាដើម។
វិស័យសំណង់ក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ2018 បើយោងតាមរបាយ-ការណ៍ឆមាសទី1 របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយពេលថ្មីៗនេះបានបង្ហាញថា វិស័យសំណង់បានរួមចំណែក 11,5% បន្ទាប់ពីការនាំចេញដែលរួមចំណែក 11,6% និងទេសចរណ៍ 12,5%។ ទន្ទឹមនឹងនេះផលបត្រប្រាក់កម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក៏បានកើនឡើងផងដែរ។
បើយោងតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល 6ខែដំបូងនៃឆ្នាំ2018 ផលបត្រប្រាក់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុប បានកើនឡើងរហូតដល់ 22.5ពាន់លានដុល្លារពោលគឺកើនឡើងរហូតដល់ 18,8%។ ក្នុងចំណោមពាណិជ្ជកម្មទាំងអស់ កម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ គឺស្មើនឹង16,5% នៃផលបត្រកម្ចីសរុបពីធនាគារ និង4% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី1 របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ក្នុងចំណោមគម្រោងសាងសង់ទាំងអស់នោះ គម្រោងសំណង់លំនៅឋានមានចំណែក 85% ដោយភាគច្រើនជាគម្រោងសំណង់ថ្មី ផ្តោតលើសំណង់លំនៅឋានដែលមានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម។ របាយការណ៍ធនាគារជាតិក៏បានបង្ហាញដែរថា ឥណទានដែលផ្តល់ឱ្យដល់វិស័យសំណង់បានកើនឡើង30% នៅឆមាសទីមួយឆ្នាំនេះ។ កម្ពុជាបានចំណាយទឹកប្រាក់ 502លានដុល្លារ ដើម្បីនាំចូលវត្ថុធាតុដើម និងសម្ភារសម្រាប់គាំទ្រដល់វិស័យសំណង់នៅឆមាសទីមួយ ឆ្នាំ2018 នេះ កើនឡើង6%ភាគរយ ពីទឹកប្រាក់ 474លានដុល្លារ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា វិស័យសំណង់បានបនុ្តភាពរឹងមាំ ហើយមិនបានរងឥទ្ធិពលអវិជ្ជមានណាមួយពីព្រឹត្តការណ៍រសើបទាក់ទងនឹងការរៀបចំបោះឆ្នោតកាលពីចុងសប្តាហ៍មុននោះទេ។ លោកបន្តថា ការកើនឡើងនូវសូចនាករសំខាន់ៗរួមមានកំណើនឥណទាន កំណើនការនាំចូល និងកំណើនចំនួនគម្រោងសាងសង់ គឺជាសញ្ញាល្អឆ្លុះបញ្ចាំងថា វិនិយោគិនក្នុងវិស័យសំណង់នៅតែមានទំនុកចិត្តចំពោះវិស័យនេះ។ លោកបន្តថា៖“យើងជឿជាក់ថា នៅពេលដែលបោះឆ្នោតហើយនេះ វិស័យសំណង់នឹងបន្តកើនឡើងជាងនេះទៅទៀត និងយ៉ាងគំហុកទៀតផង”។
ដោយឡែកការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យ និងសំណង់មានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ នេះបើយោងតាមឯកឧត្តម គង់ វិបុល ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងប្រាប់អ្នកសារព័ត៌មានទាក់ទងទៅនឹងវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធដារក្នុងឆមាសទី1 នៃឆ្នាំ2018 ដែលសម្រេចបានរហូតដល់ 61.28ភាគរយនៃផែនការប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល ឱ្យដឹងថា ក្នុងចំណោមចំណូលពន្ធសរុបដែលមានចំនួនទឹកប្រាក់ប្រមាណ4,7ទ្រីលានរៀល ការប្រមូលពន្ធពីការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពោលគឺពន្ធប្រថាប់ត្រាមានការ-កើនឡើងរហូតទៅដល់31% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ “ជាក់ស្តែងណាស់ ដោយសារវិនិយោគិនមានជំនឿទុកចិត្តលើស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលជាកត្តាជំរុញឱ្យមានការវិនិយោគទៅលើវិស័យសំណង់ និងអចលនទ្រព្យកាន់តែច្រើន”។ កត្តាទាំងអស់នេះហើយ ដែលបានបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនដើម្បីធ្វើអាជីវ-កម្មជាមួយដីធ្លីក៏ដូចជាលំនៅឋាន បើទោះបីនេះជារដូវកាលបោះឆ្នោតក៏ដោយ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចំណូលគយ និងរដ្ឋាករសរុបប្រចាំឆមាសទី1 ឆ្នាំ2018 កើនឡើងប្រមាណ27,8% ដែលក្នុងនោះ ចំណូលពីគ្រឿងសំណង់កើនឡើងរហូតដល់ទៅ26,6% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕