កម្ពុជាពិតជាមោទនភាពខ្លាំងបំផុត សម្រាប់ប្រាសាទអង្គរវត្តដែលជាកេរមរតកពីដូនតាបុព្វបុរសខ្មែរដែលបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយ ដែលបច្ចុប្បន្នអាចរកចំណូលបានពីភ្ញៀវទេសចរប្រមាណជាជិត 70លានដុល្លារត្រឹមតែរយៈពេល 7ខែ ដើមឆ្នាំ2018នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅដើមខែសីហា ឆ្នាំ2018នេះ បានបង្ហាញថា នៅក្នុងរយៈពេល 7ខែនៃឆ្នាំ2018នេះ ភ្ញៀវទេសចរបរទេសដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន 1,542,839នាក់ កើនឡើង8.97% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។ ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ភ្ញៀវទេសចរបរទេសនេះមានចំនួន 69,664,868ដុល្លារអាមេរិក កើនឡើងប្រមាណ 15.36%។ ហើយសម្រាប់មួយខែកក្កដាកន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរបរទេសដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន 185,878នាក់ កើនឡើង1.75% ឯចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ភ្ញៀវទេសចរបរទេសក្នុង1ខែនេះវិញ មានចំនួន 8,192,521ដុល្លារអាមេរិក ថយចុះប្រមាណជា 0.38%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។
គួរជម្រាបដែរថា ចំណូលដែលត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ខែកក្កដានេះមានចំនួន 371,756ដុល្លារអាមេរិក៕