តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនៅពេលថ្មីៗ គេមើលឃើញថា តារាសម្ដែងស្រី បេននី យ៉ាំង បានបង្ហាញក្ដីអាណិតអាសូរចំពោះក្មេងៗក្នុងវ័យលេង និងរៀនកំពុងមានការខ្វះខាតលទ្ធភាពថែទាំសុខភាព និងព្យាបាលជំងឺ ធ្វើឱ្យតារាស្រីរូបនេះមានអារម្មណ៍ក្ដុកក្ដួល អួលដើមក ប្រកាសស្វែងរកនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននូវជំនួយសប្បុរសធម៌ជួយដល់ប្អូនៗ ដែលសកម្មភាពនេះធ្វើឱ្យអ្នកលេងបណ្ដាញសង្គមធំនឹកស្ងើចសរសើរពីទឺកចិត្តរបស់នាងមិនដាច់ពីមាត់។
អមជាមួយរូបភាពក្មេងស្រីម្នាក់ មានជំងឺភ្នែកចម្លែក ដោយមានដុំសាច់ដុះបែកជាប់នឹងភ្នែក មើលទៅគួរអាណិតអនេកប្លែក និងធ្ងន់ធ្ងរ តែគេមើលឃើញកញ្ញារូបល្អ បេននី យ៉ាំង ត្រកងបីនាងតូចយ៉ាងណែនខ្លាំង និងស្និទ្ធស្នាលឥតលាក់បាំងដោយក្ដីស្រឡាញ់ចាំងពីបេះដូង និងជាកម្លាំងចិត្តដល់នាងតូច ថែមទាំងនាំយកថវិកាមួយចំនួនជូនម្ដាយរបស់នាងតូច ដើម្បីឱ្យប្អូនស្រីបានព្យាបាលជំងឺចម្លែកមួយនេះទៀតផង។ បេននី យ៉ាំង បានតាំងចិត្តនិយាយយ៉ាងសម្រាំងសម្រិតលើកទឹកចិត្តនាងតូចថា «ភាពស្រស់ស្អាតគឺ មិនមែនការដែលមានមុខមាត់ស្អាតទេ គឺការមានទឹកចិត្តស្រស់ស្អាត បេះដូងស្រស់ស្អាត និងដួងព្រលឹងស្រស់ស្អាត កូនស្អាតណាស់ កូននឹងជាឆាប់ៗឱ្យមីងបានមកថើបកូនម្ដងទៀតណា៎»។ មិនមែនមានតែប្អូនស្រីក្មេងខ្ចីម្នាក់នេះទេ នៅមានពួកគេក្មេងៗច្រើននាក់ទៀតដែលបេននី កំពុងខ្មីឃ្មាតស្វែងរកជំនួយថែមទៀតមកជួយពួកគេ ដោយមិនត្អួញត្អែរមួយម៉ាត់ណាឡើយ។
គួរបញ្ជាក់ផងដែរថា ខណៈនេះតារាសម្ដែងស្រីដែលកំពុងពាក់ម៉ាស់ពញ្ញាក់អារម្មណ៍មហាជនរូបនេះ កំពុងស្ថិតក្នុងដំណើរដកខ្លួនថយពីសិល្បៈបន្ដិចហើយ និងបានងាកមកចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ក្នុងការជួយដល់បងប្អូនដែលកំពុងមានទុក្ខលំបាក និងខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺប្រចាំកាយ។ ជាក់ស្ដែង សន្ដានចិត្តមនុស្សធម៌របស់នាង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនងាកមកស្រឡាញ់រូបនាង និងបាននិយាយឡើងថា ដោយសារភាពសិចស៊ីរបស់នាង ទើបធ្វើឱ្យមហាជនមិនចូលចិត្តទង្វើ និងការស្លៀកពាក់របស់នាង តែខណៈនេះពួកគេគ្រប់គ្នាបានឃើញពីទឹកចិត្តរបស់នាងដោយស្មោះ និងបានពោលពាក្យថាស្រឡាញ់ ច្រើនជាងពាក្យថាស្អប់វិញហើយ៕