ស្ថានទូតជប៉ុនបានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំការជ្រើសរើសបេក្ខជនចំនួន 20រូបឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018 រយៈពេល 1សប្ដាហ៍នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី22 ដល់29 ខែមករា ឆ្នាំ2019ខាងមុខ។
បេក្ខជនដែលអាចដាក់ពាក្យបាន គឺចាំបាច់ត្រូវតែជានិស្សិតឆ្នាំទី3 នៅគ្រប់សាកលវិទ្យាល័យទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបេក្ខជនត្រូវមកដាក់ពាក្យដោយមានសមាជិកចំនួន 4នាក់ ឱ្យបានត្រឹមថ្ងៃទី 7 ខែកញ្ញា ឆ្នាំ2018ខាងមុខនេះ។ ចំពោះការប្រកាសលទ្ធផល ស្ថានទូតជប៉ុននឹងប្រកាសឱ្យដឹងនៅថ្ងៃទី 28 ខែកញ្ញាសម្រាប់អ្នកជាប់វគ្គដំបូងចំនួន 48នាក់ ដើម្បីចូលរួមប្រកួតផ្តាច់ព្រ័ត្រ។ បេក្ខជនដែលជាប់វគ្គដំបូងត្រូវធ្វើបទបង្ហាញជាក្រុមក្រោមប្រធានបទ “អនាគតកម្ពុជា 30ឆ្នាំក្រោយ” ជាភាសាខ្មែរនៅថ្ងៃទី25 ខែតុលា ឆ្នាំ2018 ម៉ោង2រសៀលនៅ CJCC។
ដើម្បីដាក់ពាក្យចូលរួមប្រកួត បេក្ខជនក្នុងក្រុមនីមួយៗត្រូវតែមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជា មានអាយុពី 18ឆ្នាំ ដល់ 25ឆ្នាំ គិតត្រឹមថ្ងៃទី29 ខែមករា ឆ្នាំ2018។ បេក្ខជនមិនធ្លាប់ទៅប្រទេសជប៉ុន និងមិនមានគម្រោងទៅបន្តការសិក្សា ឬចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅប្រទេសជប៉ុនគិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2019។
បេក្ខជនត្រូវតែសហការឆ្លើយកម្រងសំណួរផ្សេងៗអំឡុងពេលចូលរួមកម្មវិធី និងក្រោយបញ្ចប់កម្មវិធីព្រមទាំងត្រូវធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសជប៉ុន និងបទពិសោធនៃការចូលរួមកម្មវីធីនេះតាមរយៈបណ្តាញសង្គមផ្សេងៗ ដូចជាលើទំព័រហ្វេសប៊ុករបស់ខ្លួនជាដើម៕