Skip to content

ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

តំបន់​មាត់ទន្លេ​ជិត​ផ្សារ​រាត្រី​ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ ដែលមាន​ឃ្លាំង​សំណង់ និង​អគារចាស់ៗសម្រាប់​ស្តុក​ទំនិញ​នឹង​ក្លាយទៅជា​តំបន់​ដែលមាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចម្រុះខ្ពស់ៗល្អផ្តាច់គេ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​ចាញ់​អគារ​ពាណិជ្ជកម្មខ្ពស់ៗនៅជាប់​មាត់សមុទ្រ​ក្នុងប្រទេស​សិង្ហ​បុរី​នោះទេ ខណៈដែល​និន្នាការ​សំណង់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ និង​បរិមណ្ឌល​នៅតែ​បន្ត​រីកលូតលាស់​ឥតឈប់ឈ​រ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ​នឹង​សាងសង់​នៅពេលឆាប់ៗដោយ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ដែលជា​ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​នៅលើ​ដី​ដែលជា​អតីត​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ដីពី​ការជួល​ដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី ដើម្បី​អភិវឌ្ឍ​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” ដែលមាន​តម្លៃ​ជាង16ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ32 អនក្រ.បក ចុះ​ថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី​ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប​ពី​ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី។

គម្រោង​អភិវឌ្ឍន៍​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ រួមមាន ទី1.ជា​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម។ ទី2.ជា​អគារ​មជ្ឈមណ្ឌលសិល្បៈ។ ទី3.ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ។ ទី4.ទីធ្លា​សម្រាប់​បាញ់​ទឹក។ ទី5.ទីធ្លា​សម្រាប់​រាំ​របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក។ ទី6.សួន​កំពង់ផែ។ ទី7.ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ។ ទី8.មជ្ឈមណ្ឌល​ទេសចរណ៍។ ទី9.រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ។ ទី10.ការិយាល័យ​បច្ចេកវិទ្យា។ ទី11.អគារ​ស្នាក់នៅ​រួម​បែប​វប្បធម៌។ ទី12.អគារ​ស្នាក់នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ទី13.សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល​បេតិកភណ្ឌ​អរូបី​និង​សិប្បកម្ម និង​វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាពផ្សេងៗទៀត។

កិច្ចសន្យាជួល​នេះ​មាន​រយៈពេល 50ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់​ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់​ឈ្នូ​ល​លើ​ការ-ជួល​ដី​នេះ គឺជា​ការបង់ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង​ចំនួន 16.5លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល 50ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន10% រួចជាស្រេច។ ដើម្បី​កែប្រែ​កំពង់ផែ​ស្វយ័ត​នេះ​ទៅ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅតែ​បន្ដ​រក្សា​មុខងារ​ប្រតិបត្តិការ​របស់​ទីតាំង​ជួល​ខាងលើ​ជា​ចំណត​ផែ​លើកដាក់​ទំនិញ​ចេញចូល​ក្នុងប្រទេស​ដដែល។

គួររំឭកថា សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2017 មាន​ចំនួន 2.291គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន 5.565.191ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ចំនួន 2.230.654.719 ដុល្លារ​អាមេរិក។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ2017 មាន​ចំនួន 188គម្រោង​បាន​សាងសង់​រួច និង​កំពុង​សាងសង់​បន្ត។

តាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា រយៈពេល 6ខែ​ឆ្នាំ2018 ទាំង​ក្រសួង និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 1.643គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប 5.352.422 ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន 2.153.211,118ដុល្លារ​សហរដ្ឋអាមេរិក។ ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពីបរទេស គឺមាន​ចំនួន 8ប្រទេស មាន​ចំនួន 21គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប 928.267 ម៉ែត្រការ៉េ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ 394.332.300ដុល្លារ​អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *