សាលារាជធានីភ្នំពេញបានបង្កើតឡដុតសំរាមមួយកន្លែងនៅឯសហគមន៍អណ្តូង ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងបំណងកាត់បន្ថយការបំពុលខ្យល់អាកាសពីសំរាម និងដោះស្រាយបញ្ហាកាកសំណល់ដែលប្រជាពលរដ្ឋរស់ក្នុងសហគមន៍បានយកមកចាក់ចោលដែលនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានធ្វើជាអធិបតីក្នុងពិធីនេះបានមានប្រសាសន៍ថា ឡដុតសំរាមនេះនឹងធ្វើឱ្យប្រសើរឡើងនូវរបៀបដែលទីក្រុងដោះស្រាយលើបញ្ហាកាកសំណល់ និងការបំពុលបរិយាកាស។ «ការបង្កើតឱ្យមានឡដុតសំរាមនៅក្នុងសហគមន៍អណ្តូងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរជាយូរមកហើយ អំពីសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ (សហគមន៍អណ្តូង)ភាគច្រើន ជាប្រជាពលរដ្ឋចំណាកស្រុក ដែលមករស់នៅផ្ដុំគ្នាច្រើន»។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអភិបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញពាក់ព័ន្ធរៀបចំដោះស្រាយលំនៅឋានដែលរងផលប៉ះពាល់ពីការស្ថាបនាឡដុតសំរាមនេះឱ្យពួកគាត់បានទៅរស់នៅក្នុងកន្លែងរៀបរយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឱ្យដឹងថា នឹងជំរុញឱ្យមន្ត្រីជំនាញពន្លឿនការដ្ឋានស្ថាបនាផ្លូវ និងដាក់លូជូនប្រជាពលរដ្ឋក្នុងសហគមន៍នោះឱ្យបានលឿនដើម្បីបំពេញនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។
អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បតិ្ត បាននិយាយថា ឡភ្លើងជាប្រភេទទីមួយនៅក្នុងទីក្រុង ហើយនឹងត្រូវប្រើធ្វើជាការសាកល្បងគម្រោងដែលទាក់ទងនឹងការបំពុលធំ។ «វាមានសមត្ថភាពដុតសំរាមបានចំនួន 5តោនក្នុងមួយថ្ងៃ ប៉ុន្តែវានឹងគ្របដណ្តប់តែលើភូមិចំនួន2 ប៉ុណ្ណោះ»។
លោកបានមានប្រសាសន៍ថា៖ «វាមិនអាចទ្រទ្រង់សង្កាត់គោករកាទាំងមូលបានទេ ប៉ុន្តែវាអាចយកទៅប្រើជាគំរូនៅសង្កាត់ដទៃទៀតបាន»។ លោកបានបញ្ជាក់ថា៖ «វាល្អ ពីព្រោះនៅពេលវាត្រូវបានប្រើ វានឹងមិនបញ្ចេញផ្សែងចូលក្នុងបរិយាកាសនោះទេ។ វាជួយកាត់បន្ថយការចំណាយ ហើយវានឹងជួយធានាឱ្យសហគមន៍រក្សាភាពស្អាតស្អំបានទៀតផង»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកពីសហគមន៍មិនរៀបរយ ប៊ុលឌិញ សម្បុកចាប ដីក្រហម និងបុរីកីឡា តាំងពីអំឡុងឆ្នាំ2016 រហូតមកដល់បច្ចុប្បន្ន សហគមន៍ទាំងនោះទទួលបានការអភិវឌ្ឍរីកចម្រើន ទាំងផ្លូវ បណ្ដាញទឹក- ភ្លើង លូ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតជាច្រើន៕