ស្របពេលដែលទឹកជំនន់កំពុងហក់ឡើងខ្លាំង ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់សម្ពោធនាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី1 ខែសីហានេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការបង្កើតឱ្យមានសេវានេះមានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព និងសក្ដានុពលនៃទន្លេនៅក្នុងប្រទេស។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវឆ្លងកាត់ចំណតនាវា ចំនួន5 រួមមាន៖ ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នមាននាវាចំនួន 4គ្រឿងបាន និងកំពុងប្រតិបត្តិការ ដែលនាវានីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី 54នាក់ ទៅ60នាក់ បើកបរក្នុងល្បឿន 40គីឡូម៉ែត្រ ចាប់ពីម៉ោង 5:30នាទីព្រឹក ដល់ម៉ោង 6:30នាទីល្ងាច ជារៀងរាល់ថ្ងៃពីចំណតដើមដល់ចំណតចុងប្រើរយៈពេលតិចជាង 1ម៉ោង។
គួររំឭកផងដែរថា៖ ចាប់តាំងពីដាក់ឱ្យប្រតិបត្តិការជាបណ្ដោះអាសន្នកាលពីថ្ងៃទី6 ខែមេសា ឆ្នាំ2018 រហូតដល់ថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 មានអ្នកប្រើប្រាស់សេវានេះចំនួន 30,647នាក់ គិតជាមធ្យមានអ្នកដំណើរ 200នាក់ក្នុង1ថ្ងៃ លើសពីនេះទៀត អ្នកប្រើប្រាស់សេវានេះ ទាំងជាតិ និងអន្តរជាតិបានសម្តែងសេចក្តីសាទរចំពោះសមិទ្ធផលដ៏ថ្មីសន្លាងមួយនេះរបស់ប្រទេសជាតិ៕