ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិកូឡុំប៊ី Juan Cuadrado ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ពីក្លិប Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះកាលពីថ្ងៃចន្ទ។
Juventus ដែលនឹងត្រូវប្រកួតជាមួយនឹងក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះបានឲ្យដឹងថា៖ «ក្រោយពីកិច្ចប្រជុំទៅលើលក្ខខណ្ឌផ្សេងៗដែលត្រូវបានផ្តល់ឲ្យក្នុងកិច្ចសន្យានេះ កាតព្វកិច្ចរបស់ក្លិបដែលតម្រូវឲ្យមានការនាំយក Juan Cuadrado ពីក្លិប Chelsea ត្រូវបានបំពេញ»។ ការផ្ទេរជាអចិន្ត្រៃយ៍នេះ មានតម្លៃខ្លួន២០លានអឺរ៉ូ (ស្មើនឹង២២,៥លានដុល្លារអាមេរិក) ដែលនឹងត្រូវបង់ជាប្រចាំឆ្នាំរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីរដូវកាលឆ្នាំ២០១៧-២០១៨នេះតទៅ។
គួររំឭកដែរថា Cuadrado បានផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League (ក្នុងក្លិប Chelsea) ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ខណៈដែលក្រុមជម្រើសជាតិកូឡុំប៊ីរបស់គេ បានឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ មុននឹងចាញ់ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ។
ខ្សែបម្រើប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ដែលការផ្ទេរកាលពីលើកមុនក្នុងតម្លៃខ្លួនដ៏ខ្ពស់របស់គេទៅកាន់ Chelsea ចេញពីក្លិប Fiorentina នាដើមឆ្នាំ២០១៥ ដែលមិនបានផ្តល់សមិទ្ធផលតាមសេចក្តីត្រូវការនោះ បានចូលរួមជាមួយនឹងក្លិប Juventus ក្នុងលក្ខខណ្ឌខ្ចីជើងម្តងរួចហើយ កាលពីខែកញ្ញានៅឆ្នាំដដែលនោះ តែឥឡូវនេះរូបគេបានចុះហត្ថលេខាលើកុងត្រាមួយដែលនឹងធ្វើឲ្យរូបគេស្ថិតនៅជាមួយនឹង Juventus រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕
ប្រភពពី៖ Reuters