វិស័យឧស្សាហកម្មបន្តដើរតួនាទីជាប្រភពដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង 1លាននាក់មកទល់ត្រឹមឆមាសទី1 ឆ្នាំ2018នេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
របាយការណ៍បង្ហាញថា វិស័យនេះគាំទ្រដោយកំណើនរឹងមាំ នៃវិស័យសំណង់ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងការកើនឡើងជាលំដាប់នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសគ្រឿងបន្លាស់យានយន្ត ទោចក្រយាន និងបរិក្ខារអគ្គិសនី ដែលអំណោយផលពីកត្តាខាងក្រៅ និងខាងក្នុង។
កត្តាខាងក្រៅ គឺភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសគោលដៅនាំចេញចម្បងៗ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប កាណាដា និងជប៉ុន ដែលបានជំរុញកំណើនតម្រូវការនាំចេញ និងការវិនិយោគក្នុងស្រុក។ ទន្ទឹមនេះកត្តាខាងក្នុងមានដូចជា ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ការរីកចម្រើនសមត្ថភាពជំនាញ ការពង្រីកបណ្តាញអគ្គិសនីនិងគមនាគមន៍ ទីតាំងភូមិសាស្ត្រ និងការលើកទឹកចិត្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគ។
ការនាំចេញសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងមានកំណើន 11.1% នៅឆមាសទី1 ឆ្នាំ2018 ខ្ពស់ជាងឆមាសទី1ឆ្នាំមុន 6.9%។ ការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ សម្រេចបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងកម្រិតបរិមាណ 2.3ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការពង្រីកការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មីៗ ព្រមទាំងបរិយាកាសធុរកិច្ចល្អប្រសើរ សម្រាប់វិស័យទាំងនេះ។
ឧស្សាហកម្មបម្រើក្នុងស្រុក ជាពិសេសឧស្សាហកម្មកែច្នៃចំណីអាហារ មានកំណើនខ្ពស់ប្រមាណជា 26%។ ការបើករោងចក្រថ្មីនៅក្នុងវិស័យឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណថា នឹងមាន 73រោងចក្រកើនឡើង 58.7% ធៀបនឹងឆមាសទី1ឆ្នាំមុន៕