ដូចដែលប្រិយមិត្តបានស្គាល់ហើយថា លោក ឈិន សារ៉ាត់ ជាតារាសម្ដែងមានឈ្មោះល្បីមួយរូបក្នុងប្រទេសកម្ពុជា ខណៈនេះលោកបានសម្តែងអារម្មណ៍ក្តុកក្តួលបំផុត រហូតនិយាយអួលដើមក សម្រក់ទឹកភ្នែកនៅពេលបានឃើញកុមារាម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ និងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះជើងមួយចំហៀងរបស់គេ ក៏ត្រូវលោកគ្រូពេទ្យសម្រេចកាត់ចេញដើម្បីសង្រ្គោះជីវិត យ៉ាងនឹកស្មានមិនដល់។ លោក សារ៉ាត់ នឹកសោកស្តាយ និងអាណិតអាសូរកុមារាកម្សត់នោះខ្លាំងណាស់ ទើបខំប្រឹងប្រែងស្វះស្វែងរកជំនួយសប្បុរសធម៌ជួយដល់កុមាររងគ្រោះ និងក្រុមគ្រួសាររបស់គេដែលកំពុងខ្វះខាត។
តារាសម្ដែងប្រុសរូបនេះ បានប្រាប់ឱ្យដឹងថា ខ្លួនមានក្ដីតក់ស្លុតខ្លាំងមែនទែន នៅពេលឃើញកុមារាដ៍ស្រស់ស្អាតធ្លាប់តែមានរាងកាយមាំទាំពេញលក្ខណៈ បែរជាមកជួបគ្រោះអកុសល រងគ្រោះថ្នាក់រហូតត្រូវពេទ្យកាត់ជើងម្ខាង។ ក្រោយឃើញពេទ្យសម្រេចធ្វើបែបនេះហើយ និងបានឃើញក្មួយប្រុសលើកដៃសំពះសុំឱ្យគេជួយផងនោះ កាន់តែធ្វើឱ្យលោកនឹកស្រណោះខ្លាំង រហូតដល់ស្រក់ទឹកភ្នែកនិយាយទាំងអួលដើមកថា គិតមើលទៅដូចជាសុបិន្តអាក្រក់អ៊ីចឹង ធ្លាប់តែដើរបាន ជិះកង់ទៅរៀន រត់លេងកើត តែឥឡូវបែរជាមកបាត់ជើងម្ខាង សួរថា តើមានអារម្មណ៍ហេងហាង និងទទួលយកម្តេចនឹងកើតទៅ?។ ដូចនេះមានតែម្នាក់ៗខំលើកទឹកចិត្តក្មួយឱ្យច្រើន ព្រោះគ្នាគ្មានអ្វីក្រៅពីយំ ហើយឈឺចាប់ជាមួយមុខមាត់ស្លូតបូតដ៏គួរឱ្យអាណិតនោះទេ។ ឃើញដូច្នេះហើយ ទើបមិត្តសិល្បករមួយចំនួន និងសប្បុរសជននានាបានរួមគ្នារៃអង្គាសប្រាក់តាមសទ្ធាចូលតាមរយៈលោកជាទឹកចិត្តដើម្បីជួយដល់កុមារាកម្សត់នោះ លោកសូមអរគុណ។ តាមរយៈរូបភាពនេះលោកសូមអំពាវនាវដល់បងប្អូនទាំងអស់ គប្បីគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងការជួបគ្រោះថ្នាក់ដែលនឹងធ្វើឱ្យមានវិបត្តិទៅថ្ងៃក្រោយ និងបើកបរដោយការយោគយល់គ្នា និងមានសីលធម៌ល្អជាសំខាន់។
សូមជម្រាបបន្ថែមថា ក្មេងប្រុសកម្សត់នោះមានវ័យ 8ឆ្នាំត្រូវបានឡានធុនធ្ងន់បើកកិនពីលើជើង បណ្តាលឱ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសម្រេចកាត់ជើងដែលត្រូវរបួសនោះចេញដើម្បីសង្រ្គោះជីវិតរបស់ប្អូន ហើយពេលនេះប្អូនកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន ធ្វើឱ្យមហាជនជាច្រើនមិនអាចមើលនឹងភ្នែកបាន ក៏នាំគ្នាជួយស្វះស្វែងរកការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់។ បើទោះជាមានការជួយឧបត្ថម្ភ ពីសប្បុរសជននានាហើយក្ដី ប៉ុន្តែការចំណាយផ្សេងៗក៏នៅតែត្រូវការបន្ថែមនៅឡើយ ព្រោះនៅពេលនេះប្អូនប្រុស លី ហេង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ប្អូនប្រុសបានរៀបរាប់ក្នុងវីដេអូថា រូបគេមានការឈឺចាប់ខ្លាំងណាស់ សូមក្តីអាណិតមេត្តាជួយផង ព្រោះគ្រួសាររបស់គេនៅខ្វះខាតថវិកាដើម្បីបន្តការព្យាបាល៕