ប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ឱ្យមកចូលរួមក្នុងកម្មវិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ក្នុងទីក្រុងហ្សាការតា នៅខែសីហានេះ ក្រោយពីបានធ្វើការអញ្ជើញដូចគ្នានេះទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។
កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចនឹងក្លាយជាតួអង្គដ៏គួរឱ្យចាប់អារម្មណ៍ជាងគេក្នុងព្រឹត្តិការណ៍កីឡាមួយនេះ ជាពិសេសស្របពេលដែលកំពុងតែមានភាពស្រពេចស្រពិលផ្សេងៗជុំវិញការសន្យារបស់លោក គីម ក្នុងការធ្វើការដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែរ ខណៈការសន្យានេះត្រូវបានធ្វើឡើងកាលពីក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។
រដ្ឋមន្ត្រីជាច្រើនមកពីកូរ៉េទាំង២ បានយល់ព្រមកាលពីខែមេសា ក្នុងការជំរុញឱ្យមានប្រតិភូរួមមួយមកពីប្រទេសទាំង២ ដើម្បីដើរជាក្បួនរួមគ្នាក្នុងកម្មវិធីបើក នាព្រឹត្តិការណ៍ Asian Games ដែលនឹងត្រូវរៀបចំឡើងនៅខែសីហានេះ និងខែកញ្ញាខាងមុខ។ មន្ត្រីឥណ្ឌូនេស៊ី ដែលត្រូវបានដឹកនាំដោយលោក Puan Maharani រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍ធនធានមនុស្ស និងការងារវប្បធម៌ បានធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្តាហ៍នេះ ដើម្បីជួបជាមួយនឹងលោក Kim Yong Nam ដែលជាប្រមុខរដ្ឋ និងជាប្រធានសភាកូរ៉េខាងជើង។
លោក Maharani បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយដោយអង្គភាពនគរបាលជាតិឥណ្ឌូនេស៊ីថា៖ «ហេតុផលដ៏ចម្បងសម្រាប់យើងក្នុងការធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង គឺការផ្តល់ការអញ្ជើញជាផ្លូវការមួយទៅកាន់ប្រធានាធិបតីកូរ៉េខាងជើង ឱ្យចូលរួមក្នុងកម្មវិធីបើកការប្រកួតកីឡាអាស៊ី ចាប់ពីថ្ងៃទី18 ខែសីហានេះតទៅ»៕
ប្រភពពី៖ Channel News Asia