អ្នករៀបចំគោលនយោបាយចិនកំពុងតែប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វ2 ដែលបានប្រើប្រាស់វិធីជំរុញឱ្យប្រជាជនដាំដើមឈើដើម្បីទទួលលុយពីការលក់កាបូនឧស្ម័នពីដើមឈើ ស្របពេលដែលវាក៏ជាយុទ្ធសាស្រ្តល្អផងដែរក្នុងការកាត់បន្ថយភាពក្រីក្រ។
ដោយសារតែចង់ជំរុញឱ្យមានការថែរក្សាដើមឈើ ប្រទេសធំៗទាំងអស់បានចំណាយថវិកាជាច្រើនដើម្បីទិញសារធាតុកាបូនដែលដើមឈើស្រូបបាន ហើយចំណូលនេះអាចធ្វើឱ្យប្រទេសដែលមានដើមឈើយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការក្នុងសង្គម និងថែរក្សាធនធានធម្មជាតិឱ្យនៅច្រើនដើម្បីទទួលបានចំណូលបន្ត។ ស្ថិតក្នុងស្ថានភាពបែបនេះ ចិន បានជំរុញអ្នកភូមិរបស់ខ្លួនឱ្យដាំដើមឈើដោយផ្តល់កញ្ចប់ថវិកាដល់ប្រជាជនក្នុងមួយគ្រួសារ ដែលក្នុងនោះរដ្ឋាភិបាលរំពឹងថាវាអាចបង្កើនចំណូលជាមធ្យមប្រមាណ 1.000យ័ន្ត ឬប្រហែលនឹង 150ដុល្លារអាមរិក ក្នុងមួយឆ្នាំ ខណៈចំណូលមធ្យមនៅជនបទក្នុងខេត្តខ្លះទទួលបានត្រឹមតែ 8,869យ័ន្តតែប៉ុណ្ណោះ។
លោកស្រី Fu Yeqie ប្រធានផ្នែកគ្រប់គ្រងការផ្លាស់ប្តូរអាកាសធាតុនៃខេត្ត Guizhou បានពន្យល់ថាគាត់និងក្រុមការងារនឹងជួយអ្នកភូមិដោយការកត់ចំណាំដើមឈើដែលពួកគេបានដាំ និងគណនាពីចំនួនកាបូនដែលស្រូបចេញពីដើមឈើនោះ ដើម្បីដាក់បញ្ចូលព័ត៌មានទៅក្នុងកម្មវិធីអនឡាញ សម្រាប់គណនាជាទឹកប្រាក់សម្រាប់ពួកគេវិញ។ លុយដែលបានពីការដាំដើមឈើនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងធនាគាររបស់ប្រជាជនម្នាក់ៗ ដោយក្នុងនោះដើមឈើមួយដើមទទួលបានប្រាក់ប្រមាណជា 3យ័ន្តក្នុងមួយឆ្នាំ៕