គ្រួសារថ្មីរបស់កម្ពុជាជាច្រើនបានកើតឡើងតែពួកគេមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយទេពីការអប់រំកូន ឬវិធីក្លាយជាឪពុកម្តាយល្អ (Parenting Skill) ដែលវាជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញកុមារតូចៗឱ្យក្លាយជាមនុស្សខ្លាំងសម្រាប់សង្គមនាពេលអនាគត។
ហេតុនេះការអប់រំកូនបែបវិជ្ជមានគឺជាផ្នែកយ៉ាងសំខាន់ក្នុងការកសាងចរិតលក្ខណៈល្អដល់ក្មេងផង និងជាការជួយសង្គមតាមរយៈការជំរុញការអប់រំពីក្នុងគ្រួសារ ដែលអាចឈានទៅដល់ការបង្កើនសីលធម៌រស់នៅល្អក្នុងសង្គម កាត់បន្ថយបទល្មើសដោយសារក្មេងទំនើង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបណ្តុះធនធានល្អបានយ៉ាងប្រសើរថែមទៀតផង។
បើយោងតាមឯកសារស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានបានបញ្ជាក់ថា ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ជាការចិញ្ចឹមកូនដោយមិនប្រើប្រាស់ទម្រង់ណាមួយនៃអំពើហិង្សារួមទាំងការមិនអើអើ ដោយផ្តោតលើគោលដៅយូរអង្វែង ការផ្តល់ភាពកក់ក្តៅ និងដែនកំណត់ ការយល់អំពីការគិត និងអារម្មណ៍ និងការដោះស្រាយបញ្ហារបស់ក្មេង។
ចំណុចសំខាន់មួយទៀតដែលអាណាព្យាបាលគួរដឹងគឺការអប់រំ ឬចិញ្ចឹមកូនតាមបែបវិជ្ជមានគឺសង្កត់ធ្ងន់លើកិច្ចគាំទ្រ និងជំរុញលើកកម្ពស់កុមារឱ្យមានការយល់ដឹងស៊ីជំរៅពីជីវិតរស់នៅប្រចាំថ្ងៃរបស់គរ។ វាជាវិធីសាស្រ្តយ៉ាងវិជ្ជមាន និងអហិង្សា ដែលអាចជួយក្មេងឱ្យមានអារម្មណ៍ប្រកបដោយសន្តិភាពក្នុងការអនុវត្តនូវវិន័យនានា។ ការចិញ្ចឹមកូនបែបវិជ្ជមានគឺចាំបាច់ត្រូវលើកទឹកចិត្តកូនឱ្យមានការប្រាស្រ័យទាក់ទងល្អ ព្រមទាំងឱ្យតម្លៃខ្ពស់លើពួកគេក្នុងការសម្រេចចិត្តទៅតាមកម្រិតយល់ដឹងរបស់ក្មេង៕