វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមុខវិជ្ជាយ៉ាងមានសារៈសំខាន់មួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត ព្រោះមុខវិជ្ជាទាំងអស់នេះអាចជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាបុគ្គលប្រកបដោយគុណតម្លៃខ្ពស់សម្រាប់ការអភិវឌ្ឍលើគ្រប់ផ្នែកក្នុងពិភពលោក។
សម្រាប់កម្ពុជា STEM បានក្លាយជាផ្នែកយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់គ្រប់ចង្វាក់ផលិតកម្ម និងអាជីវកម្មធំៗនៅក្នុងប្រទេស ព្រោះដំណាក់កាលដែលសង្គមកំពុងវិវឌ្ឍយ៉ាងលឿនជាមួយនឹងបច្ចេកវិទ្យានេះ យើងត្រូវការអ្នកជំនាញដើម្បីជំរុញឱ្យមាននវានុវត្តន៍នានាលើផ្នែកវិទ្យាសាស្រ្ត។ ជាក់ស្តែងយើងមើលឃើញហើយថា អ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ សុទ្ធតែកើតចេញពីអ្នកជំនាញលើមុខវិជ្ជា STEM។ ជាក់ស្តែងដូចយើងបានមើលឃើញហើយថា សំណង់អគារឆើតឆាយដែលបានពង្រាយខ្លួនយ៉ាងព្រោងព្រាតនៅតំបន់ប្រជុំជននានាសុទ្ធតែកើតចេញពីវិស្វករ ដែលទទួឡបានការបណ្តុះបណ្តាលលើជំនាញវិស្វកម្ម ហើយផលិតផលបច្ចេកវិទ្យាថ្មីៗទាំងអស់ដែលប្រជាជនគ្រប់គ្នាកំពុងប្រើប្រាស់ប្រចាំថ្ងៃក៏កើតចេញពីមុខវិជ្ជាមួយនៅក្នុង STEM ដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនធំៗទាំងអស់អាចផលិតនូវផលិតផលល្អៗសម្រាប់ប្រជាជនប្រើប្រាស់ និងនាំចេញទៅកាន់ពិភពលោកបានក៏ចាំបាច់ត្រូវការអ្នកជំនាញពីផ្នែក STEM ដូចគ្នា ហេតុនេះជីវិត និងការរស់នៅក្នុងសម័យថ្មីនេះ មិនអាចកាត់ផ្តាច់ពីមុខវិជ្ជា STEM នេះបានទេ។
ដោយមើលឃើញពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងថា កម្ពុជាត្រូវការជំនាញ STEM ដើម្បីបំពេញទីផ្សារការងារ និងទាក់ទាញវិនិយោគិន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់។ តាមរយៈកម្មវិធី STEM នេះ មិនត្រឹមតែធ្វើឱ្យយុវជន និងអ្នកជំនាញកម្ពុជាក្លាយជាធនធានមនុស្សដែលខ្លាំង និងរកចំណូលបានខ្ពស់ប៉ុណ្ណោះទេ តែជំនាញដ៏សំខាន់នេះក៏ជាផ្នែកមួយដែលជំរុញឱ្យសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មកាន់តែមានការអភិវឌ្ឍប្រកបដោយសក្តានុពលខ្លាំងសម្រាប់ប្រទេសទាំងមូលផងដែរ។
លើសពីនេះទៅទៀតមនុស្សដែលទទួលបានការយល់ដឹងខ្ពស់ពីជំនាញ STEM ក៏អាចនឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការផលិតនូវផលិតផលប្រកបដោយភាពទំនើប និងត្រូវតាមតម្រូវការទីផ្សារក្នុងប្រទេស និងក្នុងតំបន់បានយ៉ាងល្អ ប្រសិនបើពួកគេប្រើប្រាស់ជំនាញនេះដោយរួមផ្សំជាមួយនឹងជំនាញសហគ្រិនភាពផងនោះ ហើយតាមរយៈការអប់រំ STEM ក៏អាចនឹងធ្វើឱ្យប្រជាជនខ្មែរក្លាយជាសហគ្រិនដែលអាចប្រកួតប្រជែងបានយ៉ាងល្អនៅក្នុងទីផ្សារតំបន់នៅថ្ងៃអនាគត។ ហេតុនេះការបណ្តុះបណ្តាលលើជំនាញ STEM គឺជាចំណុចគន្លឹះក្នុងការជំរុញឱ្យកម្ពុជាទទួលបាននូវផលចំណេញប្រកបដោយនិរន្តរភាពទាំងពេលបច្ចុប្បន្ន និងអនាគតដ៏វែងឆ្ងាយ ដែលកម្ពុជាមានចក្ខុវិស័យចង់ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដោយមើលឃើញពីតម្រូវការការងារខ្ពស់ និងចំណុចគន្លឹះប្រកបដោយសក្តានុពលរបស់មុខវិទ្យា STEM នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសម្រេចដាក់មុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅក្នុងសាលារៀនវ៉េស្ទឡាញន៍ ដើម្បីបន្ថែមជាជំនាញ និងបំណិនជីវិតយ៉ាងសំខាន់សម្រាប់សិស្សទាំងអស់គ្នាឱ្យក្លាយជាធនធានដែលសង្គមត្រូវការនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀតការបញ្ចូលមុខវិជ្ជា STEM នេះ ក៏ដើម្បីឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យសម្រេចនូវគោលដៅចក្ខុវិស័យ 2030 និង2050 របស់ខ្លួន ដូចបានចែងក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា និងគោលនយោបាយការអប់រំសម្រាប់សតវត្សរ៍ទី21 របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោកអគ្គនាយកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា សាលារៀនវ៉េស្ទឡាញន៍ ក៏បានជំរុញសិស្សឱ្យចូលចិត្ត និងចង់សិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមរយៈការបណ្តុះបណ្តាលជាមួយអ្នកជំនាញដែលមានបទពិសោធ និងវិធីសាស្រ្តល្អៗដើម្បីជំរុញឱ្យសិស្សងាយយល់ និងងាយចងចាំបានល្អដើម្បីយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ក្រៅពីនេះសាលារៀនវ៉េស្ទឡាញន៍ ក៏បានបំពាក់នូវឧបករណ៍ពិសោធន៍ល្អៗ ដើម្បីផ្តល់ឱកាសឱ្យសិស្សកាន់តែសិក្សាស្វែងយល់បានស៊ីជម្រៅពីហេតុផល និងលក្ខខណ្ឌជាក់ស្តែងនៃមេរៀនដែលគេបានរៀន ដែលចំណុចនេះអាចនឹងធ្វើឱ្យសិស្សស្រឡាញ់មុខវិជ្ជា STEM ហើយគិតថា វាជាមុខវិជ្ជាងាយស្រួលរៀន។ ក្រោយពេលសិស្សចាប់បាននូវមូលដ្ឋានគ្រឹះសំខាន់ៗលើមុខវិជ្ជា STEM ហើយ គាត់នឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តការសិក្សាលើកម្រិតលំបាកៗជាច្រើនផ្សេងទៀតនៅពេលពួកគាត់ចាប់យកអាជីពសំខាន់ណាមួយនៅថ្ងៃអនាគត។
ដើម្បីអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សា2018-2019 នេះ ការចុះឈ្មោះបុត្រធីតានៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប បានមុនថ្ងៃទី1 ខែសីហា ឆ្នាំ2018 លោក-លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃសិក្សា 25% មានសុពលភាពរយៈពេល 2ឆ្នាំ និងអាវយឺតដ៏ស្រស់ស្អាត 1 រួមទាំងកញ្ចប់សិក្សាសម្រាប់គ្រួសារទៀតផង៕