ក្លិបឆ្មាខ្មៅ Sunderland កំពុងតែស្វែងរកអ្នកចាត់ការទូទៅទី៨របស់ខ្លួនក្នុងរយៈពេលដ៏ត្រដាបត្រដួស ៦ឆ្នាំ ក្រោយពីលោក David Moyes បានបញ្ចប់ការងាររបស់លោក ក្រោយពីកាន់តំណែងបានរយៈពេល១០ខែ តាមរយៈការលាលែងពីតំណែងរបស់ខ្លួនកាលពីថ្ងៃចន្ទ។
អតីតអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្លិប Everton, Manchester United និង Real Sociedad រូបនេះបានសម្រេចចិត្តចាកចេញ ក្រោយពីកិច្ចប្រជុំមួយជាមួយនឹងលោក Ellis Short ដែលជាម្ចាស់ក្លិប Sunderland និងលោក Martin Bain ដែលជាប្រធានប្រតិបត្តិនៅក្នុងទីក្រុងឡុងដ៍។ លោក Moyes ចាកចេញក្នុងពេលក្លិបដែលត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលនេះ ដោយគ្មានសំណងឡើយ ក្រោយពីបានដឹកនាំឲ្យក្រុមនេះដណ្តើមបានជ័យជម្នះត្រឹមតែ៦លើកប៉ុណ្ណោះក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ និងថែមទាំងបង្កឱ្យមានការបែកបាក់មិត្តភាពជាមួយនឹងកីឡាករសំខាន់ៗ និងមិនអាចបញ្ចុះបញ្ចូលឲ្យលោក Short យល់ព្រមទៅលើសំណើរបស់លោកក្នុងការទិញចូលកីឡាករថ្មីៗនៅរដូវក្តៅខាងមុខនេះរួចមក។
Sunderland នឹងចំណាយពេលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីស្វែងរកអ្នកចាត់ការទូទៅថ្មី ហើយការចាប់អារម្មណ៍របស់ពួកគេអាចនឹងធ្លាក់ទៅលើលោក Slavisa Jokanovic ដែលកិច្ចសន្យារបស់គ្រូបង្វឹកនៃក្លិប Fulham រូបនេះនៅមានលក្ខខណ្ឌក្នុងការអាចរំលាយបាន ហើយលោក Jokanovic និងលោក Bain ក៏ធ្លាប់បានធ្វើការជាមួយគ្នានៅឯក្លិប Maccabi Tel Aviv រួចមកហើយដែរ។
លោក Moyes បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់លោកប្រធាន Ellis Short និងក្រុមប្រឹក្សាសម្រាប់ការផ្តល់ឱកាសដល់ខ្ញុំក្នុងការដឹកនាំក្លិប Sunderland ក៏ដូចជាអ្នកគាំទ្រដែលតែងតែបង្ហាញពីការគាំទ្រដល់ក្លិបរបស់ពួកគេ»។ លោក Moyes បានបន្ថែមទៀតថា៖ «ខ្ញុំសូមជូនពរឲ្យកីឡាកររបស់ខ្ញុំ និងអ្នកដែលចូលកាន់តំណែងជំនួសខ្ញុំ សូមឲ្យជួបតែសំណាងល្អក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ»៕