ក្នុងរយៈពេល 5ឆ្នាំចាប់ពី2013-2017 ចំណូលដែលប្រមូលបានពីវិស័យរ៉ែលើថ្លៃចុះបញ្ជីធនធានរ៉ែ កម្រៃអាជ្ញាប័ណ្ណ ថ្លៃផ្ទេរសិទ្ធិអាជ្ញាប័ណ្ណធនធានរ៉ែ ចំណូលពីការទទួលស្គាល់សមាសភាពភាគហ៊ុន ចំណូលចេញលិខិតបញ្ជាក់សំណាករ៉ែ និងធនធានរ៉ែ ចំណូលពីសេវាពិនិត្យរៀបចំ និងដំណើរការឯកសារ លិខិតអនុញ្ញាតបុរេសនា កម្រៃឈ្នួលដី សួយសារដី និងប្រាក់ពិន័យមានចំនួនសរុប10,305,170,000រៀល និង31,143,116ដុល្លារអាមេរិក។ បើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2017។
របាយការណ៍បានឱ្យដឹងថា ក្រៅពីចំណូលពីវិស័យរ៉ែ ក៏មានចំណូលថវិការដ្ឋ ដែលប្រមូលបានពីវិស័យប្រេងកាត មានដូចជាថ្លៃឈ្នួលផ្ទៃក្រឡា កម្រៃអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ប្រាក់រង្វាន់ចុះហត្ថលេខា កម្រៃរដ្ឋបាល និងថវិកាបណ្តុះបណ្តាល មានចំនួនប្រមាណ 17លានដុល្លារបន្ថែមទៀត។
ជាមួយគ្នានេះ កន្លងមកក្រសួងរ៉ែ និងថាមពល បានខិតខំអភិវឌ្ឍវិស័យប្រេងកាត ដោយទទួលបានលទ្ធផលការងារមួយចំនួនដូចជាជំរុញដល់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈឱ្យដំណើរការតាមបច្ចេកទេសសុវត្ថិភាព និងនីតិវិធីនៃការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល និងតម្លៃលក់រាយប្រេងឥន្ធនៈ ត្រូវបានលក់ប្រែប្រួលតាមតម្លៃទីផ្សារអន្តរជាតិ ដោយមានរូបមន្តជាក់លាក់។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យប្រេងកាត និងកិច្ចប្រតិបត្តិការប្រេងកាតបានឈានដល់ដំណាក់កាលធ្វើផលិតកម្មនៅក្នុងប្លុក A ដែលរំពឹងថានឹងអាចផលិតប្រេងបាននៅឆ្នាំ2020 ដោយក្រុមហ៊ុនឯកជន។
របាយការណ៍បានបន្ថែមថា ការស្រាវជ្រាវ និងវាយតម្លៃសក្តានុពលធនធានរ៉ែ គឺជាការវិនិយោគមួយដែលទាមទារឱ្យអ្នកវិនិយោគិនមានសមត្ថភាពទាំងហិរញ្ញវត្ថុ និងបច្ចេកទេសពិតប្រាកដ និងច្បាស់លាស់ ដោយសារការវិនិយោគនេះ មានហានិភ័យខ្ពស់ណាស់ ពីព្រោះធនធានរ៉ែដែលបានរកឃើញមិនប្រាកដថា អាចធ្វើអាជីវកម្មបានចំណេញ និងមិនប៉ះពាល់បរិស្ថានឡើយ។
ដូច្នេះក្រសួងត្រូវធ្វើការថ្លឹងថ្លែងទៅលើទិដ្ឋភាពទាំងអស់ ដែលរួមមានផលប្រយោជន៍សេដ្ឋកិច្ចរបស់គូភាគីពាក់ព័ន្ធ រដ្ឋ និងក្រុមហ៊ុនឯកជន សេដ្ឋកិច្ចសង្គម អត្ថប្រយោជន៍ ដែលប្រជាពលរដ្ឋទទួលបានពីគម្រោងធ្វើអាជីវកម្មរ៉ែ ផលប៉ះពាល់បរិស្ថានចំពោះមុខ និងទៅអនាគត ការតម្រូវឱ្យស្តារបរិស្ថាននៅក្នុងការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដល់សុខុមាលភាពដល់ប្រជាពលរដ្ឋដែលអាចកើតមានឡើងនៅពេលអនាគត បន្ទាប់ពីការដ្ឋានអណ្តូងរ៉ែត្រូវបានបិទជាស្ថាពរ។
តែទោះបីយ៉ាងណា រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក នៅតែមានគតិយុត្តនៅក្នុងការអនុវត្តរហូតក្នុងរយៈពេលស្វែងរុករករ៉ែដែលបានកំណត់មិនឱ្យលើសពី 8ឆ្នាំនឹងត្រូវផុតសុពលភាព។ ចំណែករាល់សំណើសុំអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែលោហៈនៅតំបន់សម្បទានថ្មី ត្រូវអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដែលបានកំណត់ក្នុងអនុក្រឹត្យ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាដល់ពេលអាចប្រមូលផលពីធនធានរ៉ែរបស់ខ្លួនដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនហើយ ពិសេសប្រាក់ចំណូលពន្ធបានមកពីវិស័យរ៉ែ និងថាមពលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្ដមបន្តថា «ធនធានរ៉ែកម្ពុជាមានភាពសម្បូរបែប ប៉ុន្តែក្រុមហ៊ុនអន្តរជាតិមួយបានរកឃើញរ៉ែមាសក្នុងទ្រង់ទ្រាយធំមួយ ដែលអនុញ្ញាតឱ្យកម្ពុជាអាចផលិតមាស ដោយខ្លួនឯងបាននៅឆ្នាំ2019 ខាងមុខនេះ»៕