លោកជំទាវ ជា សេរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសនៃធនាគារជាតិកម្ពុជា បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកជំទាវ Chantavarn Sucharitakul ឧបការីទេសាភិបាលធនាគារកណ្តាលថៃ ស្តីពីគម្រោងពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរ និងប្រាក់បាតថៃ) ចំពោះប្រតិបត្តិការផ្ទេរប្រាក់ឆ្លងកាត់ព្រំដែន។
ការពិភាក្សាផ្តោតលើគម្រោងរួមគ្នាដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code ដែលជាជំហានដំបូងសម្រាប់ការទូទាត់ជាទូទៅ ដូចជាការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំង2 និងបន្ទាប់មកនឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្ម និងវិនិយោគ។
ការប្រើប្រាស់ QR Code នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល ទទួលបានផលចំណេញជាច្រើន ដូចជាអាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានា ដូចជាសេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរប្រាក់ និងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។ ដូច្នេះប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់ និងខ្វះខាតប្រាក់បាតថៃនៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជាទៀតផង។
លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរប្រាក់នានាឡើយ ចំណែកឯកម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួនតាមរយៈប្រព័ន្ធនេះជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។
គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាមានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀតការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួល និងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រ និងថ្នាក់កណ្តាល៕