តាមរយៈកម្មវិធី «เรื่องเล่าเช้านี้ บีอีซี–เทโร» ឬព័ត៌មានពេលព្រឹករបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ បានឱ្យដឹងថា នៅវគ្គកម្សាន្ដចុងបញ្ចប់នៃកម្មវិធី មានរៀបចំការសម្ដែងបទចម្រៀងថ្មីពីកំពូលតារាចម្រៀងថៃ លោក ទិក ឈិរ៉ូ ( ติ๊ก ชิโร่ ) រួមមាន បទចម្រៀងផ្ដល់កម្លាំងចិត្តដល់ជនជាតិឡាវដែលកំពុងរងគ្រោះពីការបាក់ទំនប់វារីអគ្គិសនីនិងបទចម្រៀងដែលត្រៀមបញ្ចេញក្នុងអាល់ប៊ុមថ្មីរបស់លោក។
លោក ទិក ឈិរ៉ូ បានប្រាប់អ្នកសារព័ត៌មានថៃថា អាល់ប៊ុមចម្រៀងថ្មីដែលមានចំណងជើងថា SAD MAN នេះ គឺជាការបង្ហាញស្នាដៃច្រៀងរួមគ្នារវាងតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ និងរូបលោកផ្ទាល់។ លោកបន្ដទៀតថា ដើម្បីសម្ព័ន្ធភាព និងមិត្តភាពរវាងថៃ និងកម្ពុជា លោក និងមិត្តសម្លាញ់កម្ពុជា ( លោក ខេមរៈ សិរីមន្ដ) គ្រោងបង្ហាញអាល់ប៊ុមចម្រៀង និងការប្រគំតន្ត្រីរួមគ្នាយ៉ាងធំនៅក្នុងប្រទេសថៃ និងកម្ពុជា ហើយបទចម្រៀង «SAD MAN» ក៏មានការបកស្រាយជា 2ភាសាដែលមានអត្ថន័យដូចគ្នា។
ឯលោក ខេមរៈ សិរីមន្ដ វិញក៏បានអះអាងដែរថា លោក និងតារាចម្រៀងថៃរូបនេះកំពុងត្រៀមបង្ហាញពីអ្វីដែលប្លែក ហើយថ្មីសម្រាប់បងប្អូននៅកម្ពុជា និងជនជាតិថៃ ដែលជាការសាងប្រវត្តិសាស្ត្រថ្មីនៅក្នុងពិភពសិល្បៈ និងរំពឹងទុកថា បងប្អូនទាំងអស់គ្នានឹងគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់រូបលោក ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖