បើទោះបីជាបច្ចុប្បន្ននេះ បញ្ហាចំណីអាហារមិនមែនជាបញ្ហាចោទខ្លាំងសម្រាប់ប្រជាជនកម្ពុជាក្តី តែជាទូទៅគ្រួសារដែលទទួលបានរបបអាហារល្អ និងសម្បូរបែប ភាគច្រើនរស់នៅក្នុងទីប្រជុំជនដែលមានលទ្ធភាពស្វែងរកអាហារបំប៉នសម្រាប់កុមារតូចនៅក្នុងផ្សារទំនើប ឬហាងលក់សម្ភារសម្រាប់កុមារ។
តែចំពោះគ្រួសារដែលរស់នៅតំបន់ដាច់ស្រយាល ហាក់មិនទាន់មានលទ្ធភាពក្នុងការទទួលយកនូវប្រភេទអាហារដែលអាចជំរុញដល់ការរីកលូតលាស់សម្រាប់កុមារបានល្អនៅឡើយនោះទេ។ ម្យ៉ាងវិញទៀត ចំណេះដឹងពីការរៀបចំរបបអាហារសម្រាប់កុមារ ក៏មិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយដែរនៅតាមតំបន់ជនបទមួយចំនួន។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ UNICEF នៅកម្ពុជាបានបង្ហាញថា កុមារក្រោម 5ឆ្នាំនៅកម្ពុជាប្រមាណ 32.4% មានបញ្ហាក្រិន ឬមានកម្ពស់ទាបពេកបើធៀបនឹងអាយុ ដោយសារកត្តាកង្វះខាតអាហារូបត្ថម្ភ។ ហេតុនេះការយកចិត្តទុកដាក់លើរបបអាហារ គឺជារឿងចាំបាច់មួយដែលត្រូវយកចិត្តទុកដាក់សម្រាប់ក្មេង ព្រោះវាពាក់ព័ន្ធនឹងការរីកលូតលាស់ផ្នែករាងកាយ ដែលវាក៏បណ្តាលឱ្យមានផលប៉ះពាល់ខ្លះផងដែរដល់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតីចំពោះកុមារដែលជាមនុស្សសំខាន់បំផុតសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូលនាពេលអនាគត៕