ក្លិប Barcelona បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹង Malcom ពីក្លិប Bordeaux សម្រាប់តម្លៃខ្លួន 41លានអឺរ៉ូ (ស្មើនឹង 47.89លានដុល្លារអាមេរិក) ត្រឹមតែរយៈពេល 1ថ្ងៃ ក្រោយពីក្លិប Roma បានប្រកាសថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយរបស់ពួកគេដែរនោះ។
ខ្សែប្រយុទ្ធវ័យ 21ឆ្នាំរូបនេះ ហាក់នឹងត្រូវផ្ទេរទៅកាន់ក្លិប Roma ទៅហើយកាលពីថ្ងៃចន្ទ ក្រោយពីទាំងក្លិប Roma និង Bordeaux សុទ្ធសឹងបានប្រកាសពីការព្រមព្រៀងគ្នាមួយនៅពេលដែលតម្លៃខ្លួនប្រមាណជា 40លានអឺរ៉ូ ត្រូវបានឯកភាព។ បន្ទាប់មកស្រាប់តែ Barcelona បានហក់ចូលទៅក្នុងការប្រជែងជាមួយនឹងសំណើមួយនៅនាទីចុងក្រោយ ហើយ Malcom បច្ចុប្បន្នបានយល់ព្រមលើកុងត្រារយៈពេល 5ឆ្នាំនៅឯកីឡដ្ឋាន Camp Nou។ លោក Monchi ប្រធានផ្នែកកីឡារបស់ក្លិប Roma បានបញ្ចេញមតិចំពោះការបរាជ័យរបស់ពួកគេក្នុងការផ្ទេរ Malcom ក្នុងវីដេអូមួយនៅក្នុងបណ្តាញសង្គម Twitter របស់ក្លិបនេះ និងហាក់ដូចជាបានស្តីបន្ទោសទៅលើក្លិប Bordeaux។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ថា ក្លិបរបស់គាត់អាចនឹងពិចារណាទៅលើការចាត់វិធានការផ្នែកច្បាប់។
ឯ Barcelona ដែលការផ្ទេររបស់ពួកគេសម្រាប់កីឡាកររូបនេះក៏បានរាប់បញ្ចូលទាំងប្រាក់រង្វាន់បន្ថែម 1លានអឺរ៉ូ ផងដែរនោះ បានឱ្យដឹងថា៖ «តារាឆ្នើមប្រេស៊ីលរូបនេះ នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃពុធនេះ ហើយបន្ទាប់មកគេចូលរួមក្នុងដំណើរប្រកួតរបស់ក្លិប FC Barcelona លើទឹកដីអាមេរិកតែម្តង»៕
ប្រភពពី៖ The Guardian