ជំនន់ទឹកភ្លៀងកំពុងតែវាយលុកក្នុងបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យទទួលរងការលិចលង់យ៉ាងខ្លាំង ខណៈមានគ្រួសារជាច្រើនកំពុងតែជួបនូវការលំបាក បន្ទាប់ពីផ្ទះសំបែងត្រូវបានជន់លិចដោយសារទឹកឡើងខ្លាំង។ យ៉ាងណាមិញបញ្ហានេះក៏មានសប្បុរសជន និងអ្នកសិល្បៈជាច្រើនបានចូលរួមផ្ដល់ជាអំណោយ និងចុះទៅចែកជូននៅតាមតំបន់ដែលរងគ្រោះទៀតផង។
ក្នុងនោះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ក៏បានដឹកនាំក្រុមតារាចម្រៀងក្នុងផលិតកម្ម និងក្រុមការងារនាំយកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។ ជានិច្ចកាល តារាចម្រៀងរូបនេះមិនដែលរំលងការងារមនុស្សធម៌ក្នុងការចុះជួយដល់បងប្អូនក្រីក្រ ចាស់ជរា និងជនពិការឡើយ។ ជាក់ស្តែងតាមរយៈវីដេអូឃ្លីប ដែលរៀបរាប់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នោះ ករុណា ពេជ្រ បានសម្តែងពីក្តីអាណិត ចំពោះបងប្អូនដែលផ្ទះសំបែងត្រូវជន់លិច និងមិនបានយកសម្ភារមកជាមួយ គ្មានទាំងចំណីអាហារ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនទៀតផង។
នៅលើគណនីហ្វេសប៊ុករបសខ្លួន លោក ករុណា ពេជ្រ បានឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំតារាចម្រៀងប្រចាំផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ លោក សុគន្ធ ថេរាយុ និង កញ្ញា ឈិត សុវណ្ណបញ្ញា ចូលរួមធ្វើវិភាគទាន និងបាននាំយកនូវអំណោយ និងថវិកាមួយចំនួនរបស់បណ្តាក្រុមហ៊ុន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅជូនដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺចំនួន 197គ្រួសារ និងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន 148 គ្រួសារ សរុប ទាំងអស់ 345 គ្រួសារ ដែលក្នុងមួយគ្រួសារនឹងទទួលបាន មី 1កេស អង្ករ 20គីឡូក្រាម ទឹកត្រី 1យួរ ឃីត 1កញ្ចប់ រួមទាំងថវិកា 20,000រៀលទៀតផង»៕