កាលពីម្សិលមិញនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងតែមានជំនឿចិត្តខ្ពស់ក្នុងការប្រមូលមហាជនទាំងជាតិ និងអន្តរជាតិមកចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ “ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧” ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ខាងមុខ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមចេញដំណើរ និងបញ្ចប់នៅមុខព្រះបរមរាជវាំង។ គោលបំណងនៃការរត់នេះគឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ រត់ដើម្បីទីក្រុងស្អាត និងបៃតង រត់ដើម្បីសប្បុរសធម៌រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីទីក្រុងភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ នេះជាព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីជួយដល់សង្គម។
ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) រត់១០គីឡូម៉ែត្រ និង រត់កម្សាន្តជាលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ។
គិតមកដល់ត្រឹមថ្ងៃនេះមានជនបរទេសប្រមាណជា ២០០នាក់ហើយដែលមកពី២៦ ប្រទេសបានចុះឈ្មោះចូលរួម ឯប្រជាជនកម្ពុជាវិញក៏មានប្រមាណ៣០០នាក់ដែរ។ ឯកឧត្តមអគ្គលេខាធិការក៏បានអំពាវនាវឲ្យអ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមអញ្ជើញមកចុះឈ្មោះឲ្យបានរួសរាន់ កុំរង់ចាំដល់កៀកពេលអី។ ឯកឧត្តមអគ្គលេខាធិការបានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូវយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុងដែរ ។ នេះជាព្រឹត្តិការណ៍កីឡាដើម្បីបម្រើគោលដៅទេសចរណ៍ ។
ចំពោះតម្លៃចុះឈ្មោះទទួលបានសិទ្ធិចូលរួមរត់ចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេសគឺ ៤០ដុល្លារ កម្ពុជា១៥ដុល្លារ។ ១០គីឡូម៉ែត្រជនបរទេស ៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និងកម្ពុជា៥ដុល្លារ ។ គួរបញ្ជាក់ ថាសម្រាប់ជនជាតិកម្ពុជា ការរត់៣គីឡូម៉ែត្រជួនកាលមិនទាំងតម្រូវឱ្យបង់ប្រាក់ផង៕