សណ្ឋាគារ ហ៊ីម៉ាវ៉ារី ត្រូវបានកសាងឡើងតាំងពីចុងឆ្នាំ1997 ដើមឆ្នាំ1998 និងបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2001 ហើយរហូតមកដល់ឆ្នាំ2005 ទើបសណ្ឋាគារលំដាប់ផ្កាយ4មួយនេះ បានប្តូរឈ្មោះមកជាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដែលមានអត្ថន័យជាភាសាជប៉ុនមានន័យថា “ផ្កាឈូករ័ត្ន” ដែលបញ្ជាក់ពីភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិពីគ្រប់ទិសទីមកស្នាក់នៅក្នុងសណ្ឋាគារដ៏ល្អប្រណីត ប្រកបដោយសោភ័ណ្ឌភាពបែបធម្មជាតិដ៏ត្រជាក់ភ្នែក ជាមួយនឹងដើមឈើតូចធំពណ៌បៃតងស្រស់គ្រប់ទីកន្លែងតែម្តង
ជួបជាមួយនឹងលោក អេនឌ្រូ តេ អគ្គនាយកគ្រប់គ្រង សណ្ឋាគារ ហ៊ីម៉ាវ៉ារី បានឱ្យដឹងថា សណ្ឋាគារ ដែលរចនាឡើងតាមបែប Classic លាយជាមួយនឹងរចនាបទបែបខ្មែរមួយនេះ ផ្តល់នូវសេវាកម្មស្នាក់នៅបែបរយៈពេលខ្លី និងរយៈពេលវែង បែបជាសណ្ឋាគារផង និងជាអាផាតមិន (Apartment) ផង ដោយភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារីភាគច្រើនគឺជាជនជាតិជប៉ុន ចិន អ្នកធ្វើការនៅតាមបណ្តាស្ថានទូតផ្សេងៗ អ្នកធ្វើការនៅក្នុងក្រសួង និងនៅជួររាជរដ្ឋាភិបាល ព្រមទាំងពីតាមបណ្តាអង្គការជាតិ និងអន្តរជាតិជាច្រើនទៀត ជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ និងសេវាកម្មដ៏ល្អឥតខ្ចោះពីសំណាក់បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់សណ្ឋាគារ។
ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី នឹងទទួលបាននូវសេវាកម្មរួមជាមួយនឹងការបម្រើអាហារពេលព្រឹកបែបប៊ូហ្វេដ៏សម្បូរបែបនៅក្នុងភោជនីយដ្ឋាន Oyster ដែលជាភោជនីយដ្ឋានស្ថិតនៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដែលបម្រើអាហារទាំង3ពេល គឺបើកបម្រើពីម៉ោង6ព្រឹកដល់ម៉ោង10កន្លះយប់ជារៀងរាល់ថ្ងៃ ដោយនៅពេលព្រឹកភោជនីយដ្ឋានលំដាប់អន្តរជាតិនេះមានបម្រើអាហារប៊ូហ្វេបែបចម្រុះជាតិសាសន៍ (International Buffet) ព្រមទាំងអាហារបែបខ្មែរជាច្រើនជម្រើសបែបសាំងហ្គាពួរដ៏ល្បីល្បាញ ដែលមានដូចជា Seafood Hor fun, សាតេ, ឡាក់សា, គុយទាវឆា, សាច់ និងគ្រឿងសមុទ្រជាច្រើនទៀត ដែលសុទ្ធសឹងតែស្រស់ៗ និងឈ្ងុយឆ្ងាញ់ជាប់ចិត្តព្រមទាំងអាហារពេលល្ងាចបែបអាឡាកាត់ផងដែរ។ ក្រៅពីនេះ ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក៏អាចរីករាយជាមួយនឹងកន្លែងហាត់ប្រាណ ដើម្បីសុខភាព ដែលបើកពីម៉ោង6:30នាទីព្រឹកដល់ម៉ោង10យប់ និងការហែលទឹកលេងនៅក្នុងអាងទឹកដ៏ស្រស់ស្អាតនៅក្នុងសណ្ឋាគារ ដែលបម្រើជូនទាំងភ្ញៀវស្នាក់នៅ និងភ្ញៀវមកពីខាងក្រៅផងដែរ ដោយបើកពីម៉ោង6:30នាទីព្រឹកដល់ម៉ោង10យប់ដូចគ្នា។
នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក៏មានសេវាកម្មស្ប៉ាជូនដល់ភ្ញៀវទាំងអស់ផងដែរ ហើយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ4 និងអាផាតមិនលំដាប់ផ្កាយ5នេះ ក៏មានគ្លីនិកព្យាបាលជំងឺនៅខាងក្នុងសណ្ឋាគារផងដែរ ដើម្បីផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារគ្រប់រូប ព្រមទាំងមានហាងសាឡន អគារពាណិជ្ជកម្ម និងហាងលក់ទំនិញដ៏សម្បូរបែបផងដែរ។ សម្រាប់ភ្ញៀវដែលមានបំណងចង់ធ្វើដំណើរកម្សាន្តតាមទូក ឬតាមទីរមណីយដ្ឋានផ្សេងៗនៅក្នុងរាជធានីភ្នំពេញ សណ្ឋាគារ ហ៊ីម៉ាវ៉ារី ក៏មានដៃគូសហការយ៉ាងល្អជាមួយនឹងទូកជិះលេងកម្សាន្ត និងក្រុមហ៊ុនតាក់ស៊ីផ្សេងៗផងដែរ ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក៏មានកន្លែងផលិតស្រាដោយខ្លួនឯងដ៏ឆ្ងាញ់ពិសា និងទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយបើកបម្រើពីម៉ោង12ថ្ងៃត្រង់ ដល់ម៉ោង11យប់ ឬរហូតដល់អស់ភ្ញៀវដែលភ្ញៀវទាំងអស់អាចមានជម្រើសជាមួយនឹងការអង្គុយទទួលទានស្រានៅ Himawari Mirobrewery និងអាហារនៅបរិវេណខាងក្រៅដែលស្ថិតនៅផ្នែកខាងក្រោយនៃសណ្ឋាគារដោយទទួលទានបណ្តើរ គយគន់ទេសភាពតាមដងទន្លេបណ្តើរយ៉ាងរ៉ូមែនទិកបំផុត ជាមួយនឹងកម្មវិធី Happy Hour ពីម៉ោង4ល្ងាចដល់ម៉ោង8យប់។ ក្រៅពីមានភោជនីយដ្ឋានបែបអាហាខ្មែរ និងបែបសាំងហ្គាពួរយ៉ាងឆ្ងាញ់ពិសា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក៏មានសាលសម្រាប់រៀបចំកម្មវិធីជប់លៀងតូចធំ រៀបចំសិក្ខាសាលា កម្មវិធីប្រជុំពិភាក្សាការងារ កម្មវិធីខួបកំណើត និងកម្មវិធីរៀបអាពាហ៍ពិពាហ៍ផងដែរ។
លោក អេនឌ្រូ តេ បានបន្តថា សណ្ឋាគារ ហ៊ីម៉ាវ៉ារី បានជាប់ឈ្មោះថាជាសណ្ឋាគារដែលជួយសង្គមជាច្រើន ទាំងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលរាប់ទាំងបុគ្គលិកនៅក្នុងសណ្ឋាគារនេះផ្ទាល់ជាមួយនឹងការបើកនូវវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបង្កើនចំណេះដឹង និងគុណភាពដល់បុគ្គលិកគ្រប់រូបដើម្បីបំពេញសេវាកម្មដល់ភ្ញៀវនឹងអតិថិជនឱ្យបានប្រសើរ។ ក្រៅពីជានាយកសណ្ឋាគារលោក អេនឌ្រូ តេ ក៏ជាអនុប្រធាននៃអង្គការ សង្គ្រោះបឋម សេនចនប្រចាំកម្ពុជា (St.Joh Phnom Penh) ដែលបានផ្តល់ការបង្រៀនពីវិធីសង្គ្រោះបន្ទាន់ដល់បុគ្គលិករបស់លោក ព្រមទាំងបណ្តាអង្គការជាតិ និងអន្តរជាតិ មជ្ឈមណ្ឌលកុមារកំព្រា និងសហគមន៍ក្រីក្រមួយចំនួនផងដែរ។ ក្រៅពីសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដូចជា ការសង្គ្រោះបន្ទាន់ និងចំណេះដឹងស្តីពី បដិសណ្ឋារកិច្ច សណ្ឋាគារហ៊ីម៉ាវ៉ារី ក៏បានចូលរួមនៅក្នុងសកម្មភាព “ផ្តល់ឈាម” ជាមួយនឹងមជ្ឈមណ្ឌលផ្តល់ឈាមជាតិនៃកម្ពុជាផងដែរ។ ទន្នឹមនឹងនេះ សណ្ឋាគារហ៊ីម៉ាវ៉ារី ក៏បានទទួលនូវកិត្តិយស និងពានរង្វាន់ជាច្រើនអំពីសេវាកម្មល្អ សណ្ឋាគារដ៏ប្រណីត និងពានរង្វាន់ ភោជនីយដ្ឋានល្អមានអនាម័យអាហារប្រកបដោយឱជារសផងដែរ ដែលធ្វើឱ្យសណ្ឋាគារ ហ៊ីម៉ាវ៉ារី កាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ និងទទួលបាននូវការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិពីគ្រប់ទិសទី៕