
មួយរយៈពេលចុងក្រោយនេះទីក្រុងឆ្លាតវៃ (Smart City) បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ដោយក្នុងនោះតំបន់អាស៊ានក៏កំពុងជំរុញឱ្យសមាជិករបស់ខ្លួនធ្វើការអភិវឌ្ឍទីក្រុងសំខាន់ៗឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ដើម្បីតភ្ជាប់ការអភិវឌ្ឍនៅក្នុងតំបន់ឱ្យបានល្អប្រសើរឡើងដែរ។
បើយោងតាមទិន្នន័យរបស់ស្ថាប័នវាយតម្លៃទីក្រុងឆ្លាតវៃ IESE Cities in Motion បានបង្ហាញថា ទីក្រុងដែលឆ្លាតវៃជាងគេនៅលើពិភពលោកក្នុងឆ្នាំ2018 នេះ គឺទីក្រុង New York ហើយទីក្រុងដែលជាប់លេខបន្តបន្ទាប់ទៀតនោះគឺទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស។ ទីក្រុងទាំងនេះត្រូវបានគេរកឃើញថាបានបង្កើតរឿងសំខាន់ៗជាច្រើនដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាទីក្រុងឆ្លាតវៃ។ ចំណែកឯទីក្រុងឆ្លាតវៃបន្តបន្ទាប់ទៀតមានដូចជា ទីក្រុងតូក្យូ ទីក្រុង Keykjavik ប្រទេសសិង្ហបុរី ទីក្រុងសេអ៊ូល ទីក្រុងតូរ៉ុនតូ ទីក្រុងហុងកុង និងទីក្រុង Amsterdam ក៏ត្រូវបានគេចាត់ទុកថាជាតំបន់ដែលស្ថិតក្នុងចំណាប់អារម្មណ៍ខ្ពស់ផងដែរខាងផ្នែកឆ្លាតវៃ។
ទិន្នន័យដែលទទួលបានខាងលើនេះ គឺទទួលបានពីការវិភាគ និងវាយតម្លៃលើទីក្រុងចំនួន 165កន្លែងនៅក្នុងប្រទេសចំនួន 80 លើពិភពលោក។ ទិន្នន័យបានបង្ហាញថា ប្រទេសដែលមានការអភិវឌ្ឍខ្លាំង ហើយមានទីក្រុងឆ្លាតវៃភាគច្រើន គឺមានកូនសោគន្លឹះសំខាន់ៗដូចជា ទីក្រុងដែលមានការប្រើប្រាស់ធនធានប្រកបដោយចីរភាព ទីក្រុងដែលមានមូលធនមនុស្សច្រើន ទីក្រុងដែលមានសេវាសាធារណៈល្អចំពោះគ្រប់ប្រភេទមនុស្សទាំងអស់នៅក្នុងសង្គមចម្រុះជាតិសាសន៍ ទីក្រុងដែលមានសេដ្ឋកិច្ចដំណើរការល្អ ទីក្រុងដែលមានបច្ចេកវិទ្យាគ្រប់គ្រងបរិស្ថានល្អ និងជាទីក្រុងដែលមានអភិបាលកិច្ចល្អ។ លើសពីនេះទៅទៀត ទីក្រុងដែលអាចជាប់ឈ្មោះថា ជាទីក្រុងឆ្លាតវៃនៅក្នុងយុគសម័យថ្មីនេះ ក៏ជាទីក្រុងដែលមានការរៀបចំប្លង់គោលសម្រាប់ការអភិវឌ្ឍ និងពង្រីកខ្លួនបានល្អ ជាទីក្រុងដែលមានប្រព័ន្ធទូរគមនាគមន៍ និងការដឹកជញ្ជូនទាំងសាធារណៈ និងឯកជនបានល្អ។


ចំពោះចំណុចលម្អិតដែលស្ថាប័នខាងលើផ្តោតផងដែរនោះគឺ សមត្ថភាពរបស់ទីក្រុងឆ្នើមៗទាំងអស់នោះក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហារបស់ប្រជាជនឱ្យមានការរស់នៅស្រួល និងសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យសង្គមនានាតាមរយៈបច្ចេកវិទ្យា និងប្រព័ន្ធឆ្លាតវៃ ដូចជាការគ្រប់គ្រងឧក្រិដ្ឋកម្ម ឬប្រព័ន្ធសុវត្ថិភាពសម្រាប់ការរស់នៅ ដើម្បីជំរុញឱ្យមនុស្សកាន់តែចង់ចូលទៅរស់នៅ។
ងាកមកមើលស្ថានភាពជាក់ស្តែងដែលធ្វើឱ្យទីក្រុង ញូវយ៉ក ក្លាយជាទីក្រុងដែលជាប់លំដាប់ជាទីក្រុងឆ្លាតវៃបំផុតលើពិភពលោក គឺដោយសារតែទីក្រុងនេះជាទីក្រុងសេដ្ឋកិច្ចសំខាន់បំផុត ហើយវាក៏ជាទីក្រុងដែលមានគម្រោងអភិវឌ្ឍន៍យ៉ាងល្អិតល្អន់ទៅតាមដំណាក់កាលដែលសិក្សាយ៉ាងហ្មត់ចត់ពីផលប៉ះពាល់ និងផលចំណេញសម្រាប់អ្នករស់នៅគ្រប់គ្នា។ ចំណែកឯទីក្រុងឡុងដ៍ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ2វិញ គឺជាទីក្រុងដែលមានធនធានមនុស្សខ្លាំងៗច្រើនបំផុត ព្រោះទីក្រុងនេះសម្បូរទៅដោយសាលាពាណិជ្ជកម្ម និងសាកលវិទ្យាល័យល្អៗដែលល្បីល្បាញពេញពិភពលោក និងបើមើលទៅទីក្រុងប៉ារីសដែលឈរក្នុងចំណាត់ថ្នាក់លេខ3វិញនោះគឺ ជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងពិភពលោក ស្របពេលដែលទីក្រុងនេះមានប្រព័ន្ធដឹកជញ្ជូនល្អបំផុត ដូចជារថភ្លើងលឿនបំផុត ចំណែកផ្លូវសម្រាប់អ្នកជិះកង់ល្អបំផុត និងមានផ្លូវល្បឿនលឿនដែលប្រើប្រាស់បច្ចេកវិទ្យាយ៉ាងសុវត្ថិភាព។
ដើម្បីសម្រេចបាននូវចំណាត់ថ្នាក់ខ្ពស់ៗទាំងអស់នេះ ទីក្រុងនីមួយៗក៏ចាំបាច់មានការគួបផ្សំពីអ្នកគ្រប់គ្រងរដ្ឋបាលរបស់ទីក្រុងដែលពូកែ មានក្រុមហ៊ុនរីកចម្រើនច្រើននៅក្នុងទីក្រុង រួមទាំងមានក្រុមមនុស្សដែលពោរពេញដោយសមត្ថភាពក្នុងការអភិវឌ្ឍគុណភាពនៃការរស់នៅរបស់ប្រជាជនដោយរាប់បញ្ចូលទាំងប្រព័ន្ធរៀបចំល្អប្រសើរផ្នែកលំនៅឋានជាដើម។ ម្យ៉ាងវិញទៀត ការរៀបចំឱ្យទីក្រុងក្លាយជាទីចាំបាច់ដែលត្រូវជំរុញ និងលើកទឹកចិត្តឱ្យមាននវានុវត្តន៍ថ្មីៗដើម្បីដោះស្រាយបញ្ហារួមប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងគុណភាពនៃការរស់នៅខ្ពស់៕

