នៅឆ្នាំ2019 ប្រទេសកម្ពុជានឹងផលិតបន្លែមានសុវត្ថិភាព និងគុណភាពខ្ពស់ចំនួន 60,000 តោន និងអង្ករក្រអូបចំនួន 15ម៉ឺនតោនក្នុងមួយឆ្នាំដូចមានចែងក្នុងផែនការលើកកម្ពស់ម្ហូបអាហាររបស់រដ្ឋាភិបាលឆ្នាំ2017-2019។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ។
រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថា កម្មវិធីរបស់រដ្ឋាភិបាលក្នុងការជំរុញទិន្នផលកសិកម្មកំពុងមានដំណើរការល្អក្នុងការសម្រេចបានគោលដៅរបស់ខ្លួន ប៉ុន្តែក៏បានអំពាវនាវដល់កសិករ និងក្រុមហ៊ុនឱ្យជំរុញទំនើបកម្ម និងគោរពតាមស្តង់ដារអន្តរជាតិនៃការអនុវត្តកសិកម្ម និងផលិតកម្មដើម្បីធានានូវជោគជ័យរបស់កម្មវិធី។
យោងតាមក្រសួងកសិកម្មបានឱ្យដឹងថា កម្មវិធី “ជំរុញការព្យាករស្បៀងអាហារ2017-2019”ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនដើម្បីបង្កើនផលិតកម្មកសិកម្មនៅតាមខេត្តសំខាន់ៗចំនួន8 ត្រូវបានគេរំពឹងថា នឹងផលិតបន្លែគ្មានជាតិគីមីច្រើនជាង 5,000តោនក្នុងឆ្នាំ2018។ ពោលគឺកើនឡើង 2ដងធៀបនឹងទិន្នផលកាលពីឆ្នាំមុន។ កម្មវិធីនេះបានផ្តល់បន្លែគ្មានជាតិគីមី2,500តោនកាលពីឆ្នាំមុនដោយបានចុះបញ្ជីគ្រួសារចំនួន 820នៃគ្រួសារកសិករក្នុងស្រុក។
ដោយមានថវិកាចំនួន 20លានដុល្លារនោះ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ គឺដើម្បីបង្កើនផលិតកម្មបន្លែ និងស្រូវនៅតាមខេត្តសំខាន់ៗ ចំនួន8 រួមមានខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ចាមត្បូងឃ្មុំ កំពង់ធំ និងសៀមរាប។ ការចាប់ផ្តើមគម្រោងនេះដើម្បីជំរុញការផលិតអង្ករក្រអូប និងបន្លែសរីរាង្គកាត់បន្ថយការនាំចូលបន្លែពីក្រៅស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច។
ទោះយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់កម្មវិធីនេះ លោករដ្ឋមន្ត្រីបាននិយាយថា កសិករ និងអ្នកផលិតត្រូវតែធ្វើតាមគោលការណ៍ណែនាំដែលចេញដោយរដ្ឋាភិបាល។ កសិករត្រូវខិតខំគោរពតាមគោលការណ៍អនុវត្តន៍កសិកម្មល្អ និងជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោងធ្វើកសិកម្មតាមកិច្ចសន្យា។
ឯកឧត្តមបានបញ្ជាក់ថា៖ “ខ្សែសង្វាក់ផលិតកម្មទី2 ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើង ហើយអ្នកផលិតត្រូវពិចារណាកែលម្អស្តង់ដារវេចខ្ចប់ ដើម្បីបង្កើនតម្លៃផលិតផលរបស់យើង និងធ្វើឱ្យកាន់តែមានភាពល្អប្រសើរនៅបរទេស និងដើម្បីកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើបន្លែដែលនាំចូល ជាមួយនឹងគោលដៅនៃផែនការនេះ នឹងផ្លាស់ប្តូរវិស័យកសិកម្មកម្ពុជាទៅជាឧស្សាហកម្មប្រកួតប្រជែងទំនើប និងធន់នឹងអាកាសធាតុ”។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានមានប្រសាសន៍ប្រាប់ឡារ៉ែនថា កម្មវិធីពិព័រណ៍បង្កើនគុណភាពផលិតផលកសិកម្មដែលបាន និងកំពុងធ្វើតាមបណ្តាខេត្តមួយចំនួននោះ គឺជាផ្នែកមួយនៃកម្មវិធី “គម្រោងជំរុញផលិតកម្មស្បៀងអាហារឆ្នាំ2017-2019”។ កម្មវិធីនេះបានបង្ហាញថា អ្នកផលិតក្នុងស្រុកកំពុងទទួលបានផលប្រយោជន៍ពីកម្មវិធី។ “ដោយផ្អែកលើបទពិសោធរបស់ខ្ញុំនៅឯពិព័រណ៍នេះ ខ្ញុំអាចមើលឃើញថា កម្មវិធីនេះកំពុងជួយបង្កើនគុណភាពផលិតផលកសិកម្មដែលអនុញ្ញាតឱ្យកសិករទទួលបានទីផ្សារថ្មី”។
ឯកឧត្តមមានប្រសាសន៍ពន្យល់ថា កម្មវិធីនេះនឹងជួយកាត់បន្ថយការពឹងផ្អែករបស់ប្រទេសកម្ពុជាទៅលើការនាំចូលបន្លែ ដោយតម្រូវការមិនត្រឹមតែសម្រាប់ផលិតផលសរីរាង្គប៉ុណ្ណោះទេ គឺនៅមានបន្លែសុវត្ថិភាពនៅក្នុងប្រទេសយើងដែលឥឡូវនេះក៏មានតម្លៃខ្ពស់ផងដែរ។ ឯកឧត្ដមបន្តថា កសិករកាន់តែច្រើនកំពុងអនុវត្តការងារកសិកម្មបានល្អដើម្បីការរីកលូតលាស់ផលិតផលសរីរាង្គមានគុណ-ភាព និងបន្លែមានសុវត្ថិភាព។
ឯកឧត្តមក៏បានបញ្ជាក់ប្រាប់កាសែតឡារ៉ែនទៀតថា ទីផ្សារសរីរាង្គកំពុងជួយបង្កើនការយល់ដឹង និងតម្រូវការបន្លែគ្មានជាតិគីមី។ ឯកឧត្ដមបានមានប្រសាសន៍ថា៖ “ទីផ្សារសរីរាង្គ គឺជាភ័ស្តុតាងបញ្ជាក់ថាបណ្តាខេត្តរបស់យើងអាចផលិតបន្លែដែលមានសុវត្ថិភាពបានហើយ ដែលទោះជាយ៉ាងណា វាក៏នឹងជួយយើងកាត់បន្ថយការនាំចូលបន្លែពីបរទេសដែរ”។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នកសិករកម្ពុជាតាមរយៈពិព័រណ៍ទីផ្សារសរីរាង្គនៃបណ្តាខេត្តមួយចំនួន រួមមានខេត្តកំពង់ចាម កណ្តាល និងព្រៃវែង ត្រូវបានគេរំពឹងថា នឹងផលិតបន្លែគ្មានជាតិគីមីបានច្រើនជាង5,000តោនក្នុងឆ្នាំ2018 ដូច្នេះក្នុងឆ្នាំ2019 ខាងមុខ តាមរយៈ“គម្រោងជំរុញផលិតកម្មស្បៀងអាហារឆ្នាំ2017-2019” ក្រសួងនឹងជំរុញការបង្កើនផលិតកម្មបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ឱ្យដល់ចំនួន 60,000 តោនក្នុងឆ្នាំ2019។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា៖កម្មវិធីព្យាករស្បៀងអាហារឆ្នាំ2017-2019 នឹងផ្តល់នូវការបញ្ចូលដ៏សំខាន់ដែលនឹងត្រូវប្រើសម្រាប់ធ្វើសេចក្តីព្រាងគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកម្ពុជាឆ្នាំ2019-2030។ លោកបានបញ្ជាក់ថា យុទ្ធសាស្ត្រនាពេលខាងមុខនេះនឹងស្វែងរកការធ្វើទំនើបកម្មឧស្សាហកម្ម និងបង្កើនការប្រកួតប្រជែង ចីរភាព និងភាពធន់ទ្រាំនឹងអាកាសធាតុ៕